Translation

របៀប​ដែល​កម្មវិធីEnglishConnect កំពុង​ផ្ដល់​ឱកាស​ថ្មី និង​ផ្លាស់ប្តូរ​ជីវិត​មនុស្ស

សាសនាចក្រកំពុងផ្ដល់នូវកម្មវិធីជាសកលនេះច្រើនជាង ៥០ ភាសាខុសៗគ្នា

នៅពេល​ដែល ជូឌិត កាជីឌី និង អាឡែន មវ៉ាប៉ា មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៩ ពួកគេ​ស្ទើរតែ​មិន​ចេះ​ភាសា​អង់គ្លេស​ទាល់​តែ​សោះ ។

ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ពួកគេ​បានធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​រដ្ឋ​តិចសាស ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគេ​ទទួល​បាន​ការអប់រំ​ដែល​ល្អ​ប្រសើរ​ជាង​មុន ។ ប៉ុន្តែ​ដោយសារ​ការ​មិន​ចេះ​ភាសា នោះ​ការរៀន​នៅ​សាលារៀន ការធ្វើ​ការងារ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ប្រចាំថ្ងៃ​សាមញ្ញៗ មាន​ការពិបាក​ជា​ខ្លាំង ។

ជូឌិត បាននិយាយ​ថា « ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ពិត​ជា​មាន​ការខកចិត្ត​ច្រើន » ។

អាឡែន បានបន្ថែម​ទៀត​ថា « ខ្ញុំ​មិន​[ អាច ]​យល់​អ្វី​ទាល់​តែ​សោះ » ។

គូស្វាមី​ភរិយា​រូប​នេះ និង​កូនៗ​ទាំង​ប្រាំនាក់​របស់​ពួកគេ គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ថ្ងៃ​មួយ​ពេល​កំពុង​នៅក្នុង​កម្មវិធី​ថ្វាយបង្គំ ពួកគេ​បានឮ​អំពី EnglishConnect ដែល​ជា​កម្មវិធី​សកល​មួយ​របស់​សាសនាចក្រ​ដែល​មាន​ច្រើន​ជាង ៥០ ភាសា ដើម្បី​ជួយ​អស់​អ្នក​ណា​ដែល​ត្រូវការ​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​របស់​ខ្លួន​នៅក្នុង​បរិយាកាស​នៃ​សេចក្តីជំនឿ សាមគ្គីភាព និង​ការអភិវឌ្ឍ​ខ្លួន ។ ពួកគេ​ក៏​បាន​ចូល​រៀន ។

ជូឌិត បាននិយាយថា « អ្វី​ដែល​បានជួយ​ខ្ញុំ​ច្រើន​ក្នុង​កម្មវិធី​នេះ គឺ​ការជួបជុំ​គ្នា ការជជែក​គ្នា និង​ការសន្ទនា​រវាង​គ្នា​នឹង​គ្នា​តាម​កម្មវិធី » ។

អាឡែន បាននិយាយ​ថា « ភាសា​អង់គ្លេស​របស់​ខ្ញុំ​បាន​រីកចម្រើន​ឡើង​ជា​រៀង​រាល់​ពេល ជា​រៀង​រាល់​ថ្ងៃ ។ យើង​អាច​ទៅ​ព្រះវិហារ ហើយ​ស្តាប់​សារលិខិត ហើយ​យល់​អំពី​អ្វី​ដែល​គេ​និយាយ ហើយ​មាន​អារម្មណ៍​ថា​យើង​ក៏​ត្រូវ​បាន​ពង្រឹង​ខាងវិញ្ញាណ​ដែរ ។ កម្មវិធីEnglishConnect បានជួយ​យើង​គ្រប់​យ៉ាង​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ជីវិត​របស់​យើង » ។

កម្មវិធីEnglishConnect គឺជា​ចំណុច​ចាប់ផ្ដើម​មួយ​ដែល​​ជួយ​ឲ្យ ជូឌិត ទទួល​បាន​វិញ្ញាបនបត្រ​តាមរយៈ​កម្មវិធី​សិក្សា BYU-Pathway Worldwide ។ វា​​ជួយ​នាង​ឲ្យ​កសាង​ទំនុកចិត្ត​ក្នុង​ការសិក្សា និង​មាន​ជំនាញ​សំខាន់ៗ​ដទៃ​ទៀត ។ កម្មវិធី BYU-Pathway ផ្តល់​នូវ​ការសិក្សា​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​តាម​អនឡាញ​ដែល​មាន​តម្លៃ​សមរម្យ ហើយ​អាច​បញ្ចប់​ការសិក្សា​ទទួល​បាន​សញ្ញាបត្រ​ក្នុង​រយៈពេល​ខ្លី​ត្រឹម​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ។ នៅពេល ជូឌិត បាន​បញ្ចប់​ការប្រឡង​ចុងក្រោយ​គេ​បង្អស់ នាង​បាន​រត់​ចុះ​រត់​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ដោយ​ក្ដី​រំភើប ហើយ​និយាយ​ថា « អាឡែន អូន​បាន​ប្រឡង​ជាប់​ហើយ !

នាង​បាននិយាយ​ថា « វា​ជា​អព្ភូតហេតុ​ខ្លាំង​ណាស់ ។ ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាននិយាយ​ថា ‹ ខ្ញុំ​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន ហើយ​ខ្ញុំ​នឹង​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ហើយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្ញុំ › » ។

រឿង​របស់ ជូឌិត និង អាឡែន គឺ​គ្រាន់តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ប៉ុណ្ណោះ ដែល​ទទួល​ពរ​ដោយសារ​កម្មវិធីEnglishConnect ។ កម្មវិធី​នេះ​មាន​កម្រិត​ខុសៗ​គ្នា​ជាច្រើន ៖ កម្មវិធីEnglishConnect ១ និង ២ សិក្សា​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ និង​ត្រូវ​បានរចនា​​ឡើង​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង ។ កម្មវិធីEnglishConnect ៣ គឺជា​វគ្គសិក្សា​កម្រិត​មធ្យម​ដែល​មាន​តម្លៃទាប ជា​កម្មវិធី​រៀបចំ​អ្នករៀន​ឲ្យ​ត្រៀម​ខ្លួន​ចូល​រៀន BYU-Pathway Worldwide ។

កម្មវិធី​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា សូម្បីតែ​អ្នក​ដែល​មិន​មែន​ជា​សមាជិក​យើង​ក៏​អាច​រៀន​បាន​ដែរ ។

វិសាលភាព​ដ៏​ធំ​ទូលាយ និង​ការស្វាគមន៍​របស់​កម្មវិធី​នេះ​ត្រូវ​បានបង្ហាញ​នា​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​កាលហ្គារី ប្រទេស​កាណាដា ។ ជនភៀស​ខ្លួន​អ៊ុយក្រែន​ជាច្រើន​នាក់​ដែល​ភៀស​ខ្លួន​ចេញពី​ជម្លោះ​បានទទួល​ពរ​ដោយ​មាន​ឱកាស​ដើម្បី​រៀន​ភាសា​អង់គ្លេស ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្នុង​តំបន់​បាន​ស្វាគមន៍​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​ជួយ​អ្នកជិតខាង​ថ្មី​របស់​ខ្លួន ។

ខូលីន ស្ទីល អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ទីក្រុង​កាលហ្គារី បាន​មាន​ប្រសាសន៍​ថា « ឱ ! វា​លំបាក​ប៉ុនណា​ទៅ ដែល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មួយ ហើយ​មិន​ចេះ​ភាសា​ប្រទេស​នោះ ។ យើង​មាន​អារម្មណ៍​ថា វា​គឺជា​ទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​ជួយ​​ពួកគេ និង​សហគមន៍​របស់​យើង ។

ឌូស្ទីន ថមសុន ជា​ពួកបរិសុទ្ធ​ម្នាក់​នៅក្នុង​មូលដ្ឋាន​រស់​នៅក្នុង​ទីក្រុង​កាលហ្គារី បាន​បន្ថែម​ថា « ខ្ញុំ​បាន​អាន​ធនធាន​របស់​កម្មវិធីEnglishConnect ហើយ​គិត​ថា​សាសនាចក្រ​បាន​បង្កើត​កម្មវិធី​សិក្សា​ដ៏​អស្ចារ្យ​មួយ » ។ យើង​បានចាប់ផ្តើម​[ ក្រុម ]​មួយ ហើយ​វា​មិន​ចាំបាច់​មាន​មនុស្ស​ច្រើន​ដើម្បី​រៀបចំ​នោះ​ទេ ដរាប​ណា​[ អ្នកស្ម័គ្រចិត្ត ]​ចូលចិត្ត​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។ យើង​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​មក​នោះ​ទេ ។ ក្រោយមក ក្រុម​នេះ​ក៏​កាន់តែ​មាន​គ្នា​ច្រើន​ឡើងៗ ។ ឥឡូវ​នេះ​យើង​មាន​អ្នករៀន​ពី ៤៥ ទៅ ៧០ នាក់​ហើយ នោះ​គ្រាន់តែ​មួយ​ឆ្នាំ​បន្ទាប់ពី​មាន​អ្នករៀន​បាន​ចូលរួម » ។

អូលីកសានឌឺ ហ្គូរីណូវ ជា​ជនអន្តោប្រវេសន៍​អ៊ុយក្រែន​នៅ​ទីក្រុង​កាលហ្គារី បានសរសើរ​កម្មវិធី​នេះ​ដែល​បាន​ជួយ​គាត់ និង​មិត្តភក្ដិ​ឲ្យ​ស្វែងរក​ការងារ​ធ្វើ​នៅ​លើ​ទឹកដី​ថ្មី​ដែល​គេ​រស់​នៅ ។

គាត់​បាន​និយាយ​ថា « កម្មវិធី​នេះ​ពិត​ជា​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​តែង​ស្រមៃ​ថា កូន​របស់​ខ្ញុំ​នឹង​បានរៀន​ជា​ភាសា​អង់គ្លេស​ដូចជា​ភាសា​កំណើត ។ ខ្ញុំ​ពិត​ជា​សូម​ណែនាំ ... ថ្នាក់ EnglishConnect ទាំងនេះ មិន​ត្រឹម​តែ​នៅក្នុង​ប្រទេស​កាណាដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ វា​ជា​បទពិសោធ​ដ៏​អស្ចារ្យ​មួយ » ។

មនុស្ស​មកពី​ជាង ១៨០ ប្រទេស​កំពុង​ប្រើប្រាស់​កម្មវិធីEnglishConnect ដើម្បី​ជួយ​បង្កើន​ឱកាស​ដល់​ពួកគេ​បន្ថែម​ទៀត ។

ប៉ាមេឡា សេផលវីដា ជា​ម្តាយ​មួយ​រូប​មកពី វ៉ាល់ប៉ារ៉ៃសូ ប្រទេស​ស៊ីលី បាន​និយាយ​ថា « នៅ​ពី​ដំបូង ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​រៀន​បាន​ទេ ។ ប៉ុន្តែ​ដោយ​ការខិតខំ និង​ការព្យាយាម និង​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ខ្ញុំ​អាច​និយាយ​ជា​ភាសា​អង់គ្លេស​បាន និង​ប្រាស្រ័យ​ទាក់ទង​​បាន ។ វា​មិន​ត្រឹមតែ​ថា អ្នក​អាច​រៀន និង​ចេះ​និយាយ​​ភាសា​ថ្មី​ប៉ុណ្ណោះ​ទេ អ្នក​ក៏​កំពុង​ទទួល​បាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​លើ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​ផងដែរ » ។

អ្នក​ខ្លះ​ដូចជា អាកាន អូរីតូ នៅ​ទីក្រុង​ជីបា ប្រទេសជប៉ុន បានប្រើ​កម្មវិធី​EnglishConnect ដើម្បី​រៀន​ភាសា ខណៈ​ដែល​ពួកគេ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

អូរីតូ បាននិយាយ​ថា « ខ្ញុំ​ខ្លាច​ការ​រៀន​ភាសា​អង់គ្លេស​ណាស់ ។ ប៉ុន្តែ​យូរៗ​ទៅ​ខ្ញុំ​ដឹង​ថា បើ​ខ្ញុំ​ចង់​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ខ្ញុំ​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ច្រើន ។ បន្តិច​ម្ដងៗ [ ព្រះ ]​បានប្រទាន​ជំនួយ​យ៉ាងច្រើន​ដល់​ខ្ញុំ ។ ជំនាញ​និយាយ​ភាសា​អង់គ្លេស​នេះ​បាន​ជួយ​ខ្ញុំ​សម្រាប់​អនាគត​របស់​ខ្ញុំ ។ ខ្ញុំ​ទទួលបាន​ការងារ​ដែល​តម្រូវ​ឲ្យ​និយាយ​ជា​ភាសា​អង់គ្លេស ។ នោះ​គឺជា​ពរជ័យ​សម្រាប់​ខ្ញុំ » ។

លីវីយ៉ា ហ្សានីនី នៅ​ទីក្រុង រីអូ ឌេ ចានីរ៉ូ ក៏​បានប្រើ​កម្មវិធី​នេះ​នៅក្នុង​បេសកកម្ម​របស់នាង​ផង​ដែរ ។

ហ្សានីនី បាននិយាយ​ថា « វា​ពិបាក​ណាស់ » ។ ឥឡូវនេះ ខ្ញុំ​អាច​មើល​បក​ទៅ​ក្រោយ​វិញ ហើយ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ណាស់ និង​មោទនភាព​ចំពោះ​ការរីក​ចម្រើន​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះ​ស្រឡាញ់​ការខិតខំ​ប្រឹងប្រែង ។ តាមរយៈ​កម្មវិធីEnglishConnect និង BYU–Pathway ខ្ញុំ​អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម ពីព្រោះ​ឥឡូវខ្ញុំ​អាច​យល់​ភាសា​អង់គ្លេស ហើយ​ខ្ញុំ​អាច​សម្រេច​បាន​នូវ​គោលដៅ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ ខ្ញុំ​អាច​បង្កើន​អាជីព​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ Ensign [ ក្នុង​ទីក្រុង សលត៍ លេក ] ។

ក្រុម​អ្នក​ហ្វឹកហាត់​ចម្រុះ​ជា​ថ្នាក់ដឹកនាំ​រៀមច្បង​របស់​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក​ដឹង​ពី​ការលំបាក និង​ឥទ្ធិពល​នៃ​ការរៀន​ភាសា​អង់គ្លេស ។

ឧទាហរណ៍ អែលឌើរ ធេរី កាសូនហ្គី មុតុមបូ ជា​ពួក​ចិត​សិប​នាក់​មាន​សិទ្ធិអំណាច​ទូទៅ និង​អ្នក​និយាយ​ភាសា​បារាំង​មកពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​តាម​ការអញ្ជើញ​របស់​ប្រធាន​បេសកកម្ម​របស់​គាត់ នៅពេល​គាត់​បម្រើ​បេសកកម្ម​នៅ អាប៊ីដចាន់ កូតឌីវ័រ កាល​ពី​ពេល​ជា​យុវជន ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅពេល​នោះ​ពុំ​មាន​កម្មវិធីEnglishConnect នោះ​ទេ ប៉ុន្តែ​គាត់​បាននិយាយ​ថា ចក្ខុវិស័យ​របស់​ប្រធាន​បេសកកម្ម​របស់​គាត់ និង​ដោយ​មាន​ជំនួយ​ពី​ដៃគូ​បេសកកម្ម​ដែល​ជួយ​គាត់​ឲ្យ​ចេះនិយាយ​ភាសា​អង់គ្លេស ពួកគេ​បានផ្លាស់ប្តូរ​ជីវិត​របស់​គាត់ ។ ឱកាស​អាជីព​ការងារ​ល្អៗ​បាន​មក​ដោយសារ​គាត់​បានរៀន​ភាសា​អង់គ្លេស ។

អែលឌើរ មុតុមបូ ដែល​បម្រើ​ជា​ប្រធាន​នៃ​តំបន់​អាហ្វ្រិក​កណ្តាល​នៃ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា « សម្រាប់​ខ្ញុំ [ ដៃគូ​បេសកកម្ម​របស់​ខ្ញុំ ] គឺជា​ទេវតា​ដែល​បានបញ្ជូន​ពី​ស្ថានលើ ឲ្យ​មក​ជួយ​ខ្ញុំ​អភិវឌ្ឍ​ជំនាញ និង​ទេពកោសល្យ​ដែល​ខ្ញុំ​មិន​មាន ។ ប្រសិនបើ​យើង​មាន​កម្មវិធីEnglishConnect សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា [ នៅ​ពេល​នោះ ] នោះ​ខ្ញុំ​នឹង​ចូលរៀន ។ វា​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀន​ភាសា​អង់គ្លេស ព្រោះ​វា​នឹង​ផ្ដល់​ឱកាស​ថ្មី ជា​ពិសេស​លើ​ការសិក្សា​អប់រំរបស់​ពួកគេ​ផ្ទាល់ បន្ទាប់​ពី​បេសកកម្ម » ។

អែលឌើរ ខាឡូស អេ ហ្គូដយ ដែល​ជា​អ្នក​និយាយ​ភាសា​ព័រទុយហ្គាល់​ពី​កំណើត​មកពី​ប្រទេស​ប្រេស៊ីល ក៏​ជា​ម្នាក់​ដែល​បាន​ទទួល​ប្រយោជន៍​​ពី​ការ​ជំរុញ​របស់​ប្រធាន​បេសកកម្ម​ខ្លួន​ឲ្យ​រៀន​ភាសា​អង់គ្លេស កាល​រូប​លោក​នៅ​ជា​យុវជន ។ ការចេះ​ភាសា​អង់គ្លេស​បានអនុញ្ញាត​ឲ្យ​លោក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ​ធំៗ​​ជាច្រើន ។

អែលឌើរ ហ្គូដយ ដែល​ដឹកនាំ​តំបន់​អាហ្រ្វិក​ខាងត្បូង​របស់​សាសនាចក្រ​បាន​មាន​ប្រសាន៍​ថា « [ ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ] បាន​ផ្លាស់​ប្ដូរ​គំនិត​ខ្ញុំ ឲ្យ​មើល​ឃើញ​អ្វី​ដែល​ថ្មី ។ លោក​បានផ្តល់​ឱកាស និង​ចក្ខុវិស័យ​ដល់​ខ្ញុំ​ស្ដី​អំពី​របៀប​ដែល​វា​នឹង​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ខ្ញុំ​នា​ពេល​អនាគត » ។

អែលឌើរ មុតុមបូ និង អែលឌើរ ហ្គូដយ លើក​ទឹក​ចិត្ត​អ្នក​ផ្សេង​ទៀត​​ចាប់​យក​គ្រប់​ឱកាស​ដើម្បី​រៀន​ភាសា​អង់គ្លេស ។

អែលឌើរ មុតុមបូ បាន​មាន​ប្រសាសន៍ ៖ « សូម​កុំ​ចាត់ទុក​ការរៀន​ភាសា​អង់គ្លេស​គ្រាន់តែ​ជា​ចំណង់ចំណូល​ចិត្ត​ឡើយ ។ ធ្វើ​ឲ្យ​វា​ជា​អាទិភាព​ព្រោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន ហើយ​នឹង​បើក​ទ្វារ​នៃ​ឱកាស​ដល់ជីវិត​​អ្នក​ផ្ទាល់ ។

ប្រសិនបើ​យើង​ចង់​ជោគជ័យ​ក្នុង​ជីវិត ក្នុង​ឱកាស​ការងារ ក្នុង​អាជីព នោះ​ភាសាអង់គ្លេស​នឹង​តែងតែ​ជា​ជំនាញ​ដ៏​ចាំបាច់​ដែល​ត្រូវ​មាន​ជានិច្ច ។ ប្រសិនបើ​សាសនាចក្រ​កំពុង​ផ្តល់​អ្វីៗ​ទាំងនេះ​សម្រាប់​អ្នក​រាល់​គ្នា ហេតុអ្វី​មិន​ទទួល​យក​វា​ទៅ ? មិន​ថា​អ្នក​មាន​ជំនឿ​សាសនា​អ្វី​នោះ​ទេ ។ ខ្ញុំ​គិត​ថា យើង​ម្នាក់ៗ​សុទ្ធ​តែ​ចង់​រីកចម្រើន » ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​សារលិខិត​ស្រដៀង​គ្នា​នេះ​នៅឯ​ការប្រជុំ​ធម្មនិដ្ឋាន​ជាមួយ​និស្សិត​នៅក្នុង​កម្មវិធី BYU–Pathway Worldwide នា​ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពី​បាន​សួរ​សំណួរ​ជា​ភាសា​អង់គ្លេស​ពី ញូវតុន ប៊ីសសំបូឡូ មកពី​សាធារណ​រដ្ឋ​កុងហ្គោ អែលឌើរ រ៉ាសបាន បានគូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការចេះ​ភាសា​អង់គ្លេស​នៅក្នុង​ពិភព​ជំនួញ ។

សាវក​រូប​នេះ​បាន​មាន​ប្រសាសន៍ ៖ « នៅ​ក្នុង​វិស័យ​ជំនួញ ភាសា​អង់គ្លេស​គឺជា​ភាសា​របស់​ពិភពលោក ។ ប្រសិនបើ​អ្នក​ចង់​មាន​ឱកាស​ដើម្បី​រីកចម្រើន ជា​ពិសេស​ក្នុង​អាជីព​ជំនួញ ជាពិសេស​ឱកាស​ការងារ​ដែល​ធ្វើ​ពី​ចម្ងាយ អ្នក​នឹង​ត្រូវ​រៀន​ភាសា​អង់គ្លេស » ។

អែលឌើរ រ៉ាសបាន បានសន្យា​នឹង​និស្សិត​ទាំងឡាយ​ថា « ប្រសិនបើ​ពួកគេ​ស្តាប់ ហើយ​ធ្វើ​តាម​ឱកាស​ដែល​ហុច​ឲ្យ​នេះ ដើម្បី​រៀន​ភាសា​អង់គ្លេស » នោះ « ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួកគេ ហើយ​នឹង​ជួយ​ពួកគេ​ស្វែងរក​ឱកាស​បន្ថែម​ទៀត » ។

សូម​ចូល​ទៅកាន់​គេហទំព័រ​កម្មវិធី EnglishConnect.org ដើម្បី​ចូលរួម​ក្នុង​ក្រុម អញ្ជើញ​មិត្តភក្តិ ឬ​ស្វែងយល់​ពី​របៀប​ចាប់ផ្តើម​ក្រុម ។