Translation

សមាគម​និកាយ​សាសនាចក្រ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ភ្នំពេញ​សម្រាប់​ជនរងគ្រោះ​វ័យក្មេង​ដោយសារ​ការរំលោភ​បំពាន​ផ្លូវភេទ

ម៉ម សុម៉ាលី ជា​អ្នក​រួច​ជីវិត​ពី​ទាសភាព​ផ្លូវ​ភេទ ។ គាត់​ត្រូវ​បាន​គេ​លក់​តាំងពី​ក្មេង​ឲ្យ​ទៅ​ផ្ទះបន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​ស៊ូទ្រាំ​នឹង​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ជាច្រើន​ឆ្នាំ ។ សព្វថ្ងៃ​នេះ គាត់​គឺជា​អ្នកដឹកនាំ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូប ដែល​ត្រូវ​បានទទួល​ស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការជួយ​ដល់​កុមារី និង​ស្ត្រី​វ័យ​ក្មេង​កម្ពុជា ដែល​រងគ្រោះ​ដោយ​ការ​ចាប់រំលោភ ការជួញដូរ​ផ្លូវ​ភេទ និង​ការរំលោភ​បំពាន ។

សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានគាំទ្រ​ដល់​បេសកកម្ម​របស់ សុម៉ាលី ជាមួយនឹង​ការបរិច្ចាគ​សំខាន់ៗ​ជាច្រើន​ដល់​មជ្ឈមណ្ឌល និង​អគារ​ស្នាក់នៅ​របស់​គាត់ សម្រាប់​ជនរង គ្រោះ​វ័យក្មេង​ដោយសារ​ការរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ទីក្រុង​ភ្នំពេញ ។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បានបង្កើតឡើង​ដោយ​សុម៉ាលី​ ក្នុង​ឆ្នាំ​១៩៩៦ ហើយ​បាន​ដាក់​ឈ្មោះ​ថា « AFESIP Cambodia ៖ ការជួយ​ដល់​ស្ត្រី​ក្នុង​ស្ថានភាព​លំបាក » ។

IMG_6548.jpegDOWNLOAD

មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​ជំនួយ​ដល់​ស្ត្រី​វ័យក្មេង​រាប់ពាន់​នាក់​ជាមួយនឹង​ការព្យាបាល កន្លែង​ស្នាក់នៅ អាហារ ការអប់រំ ការណែនាំ​អំពី​អាជីព និង​សូម្បីតែ​ជួយ​នៅ​តុលាការ ដើម្បី​នាំ​ជនរំលោភបំពាន​មកកាន់តុលាការ ។ មជ្ឈមណ្ឌល​ផ្តល់​ជំនួយ​ចាំបាច់​ទាំងអស់​ដើម្បី​ផ្តល់​ឱកាស​ដល់​ស្ត្រី​វ័យក្មេង​ក្នុង​ការព្យាបាល ចូល​សាលារៀន ទទួល​បាន​ការងារ និង​ធ្វើ​ជា​សមាជិក​ប្រកប​ដោយ​ផលិតភាព​ក្នុង​សង្គម ។ វា​បង្រៀន​ក្មេង​ស្រីៗ​ថា ពួកគេ​មិន​មែន​ជា​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​រស់រាន​មាន​ជីវិត ហើយ​ពួកគេ​មាន​សមត្ថភាព​ជា​សះស្បើយ​ពី​ការរំលោភ​បំពាន​របស់​ពួកគេ និង​ដឹកនាំ​ជីវិត​ដោយ​ជោគជ័យ ។

អែលឌើរ និង ស៊ីស្ទើរ នីល និង ខារ៉ូល អាន ឃ្លីងហ្គឺ ដែល​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍​ថា សាសនាចក្រ​បាន​ជួយគាំទ្រ​ដល់ AFESIP ជាមួយនឹង​គម្រោង​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ AFESIP នា​ពេល​ថ្មីៗ​នេះ អែលឌើរ ឃ្លីងហ្គឺ បាន​មាន​ប្រសាសន៍​ថា « វា​គឺជា​ចំណុច​សំខាន់​នៃ​បេសកកម្ម​របស់​យើង​ក្នុង​ការ​មក​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​នេះ ហើយ​ផ្តល់​ជំនួយ​ដល់​ពួកគេ ។ នេះ​ពិត​ជា​កម្មវិធី​ដ៏​ល្អ​មួយ ។ វា​ដំណើរការ​បាន​ល្អ និង​មាន​វិជ្ជាជីវៈ​ខ្ពស់ ។ មជ្ឈមណ្ឌល និង​បុគ្គលិក​របស់​ខ្លួន​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​កុមារ និង​ស្ត្រី​វ័យក្មេង​ទាំងនេះ » ។

ក្មេង​ស្រីៗ​ខ្លះ​ស្ថិត​នៅក្នុង​កម្មវិធី AFESIP អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ បុគ្គលិក AFESIP ប្រហែល ៨០ ភាគរយ​គឺ​ជា​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ខ្លួន​ឯង​ផ្ទាល់ ហើយ​ឥឡូវនេះ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ដែល​គាំទ្រ​ដល់​ជនរងគ្រោះ​វ័យ​ក្មេង​ផ្សេង​ទៀត ។

កម្មវិធី​នេះ​បច្ចុប្បន្ន​កំពុង​ជួយ​ក្មេង​ស្រីៗ​ចំនួន ១៦៨ នាក់ ដែល​ត្រូវ​បានរំលោភ​បំពាន​ផ្លូវភេទ រំលោភ​សេពសន្ថវ: ឬ​ជួញដូរ ។ ក្មេងស្រី​ប្រហែល ៩០ នាក់​ដែល​មាន​អាយុ​ពី ៦ ទៅ ១៨ ឆ្នាំ​កំពុង​រស់នៅ​ក្នុង​កន្លែង​ស្នាក់នៅ​របស់​មជ្ឈមណ្ឌល ។ យុវនារី​ធំៗ​មួយ​ចំនួន​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រដ្ឋ​រួច​ហើយ ហើយ​ត្រូវ​បាន​ផ្តល់​ជំនួយ​គាំទ្រ​រយៈពេល​វែង​រស់នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ក្នុង​អាផាតមិន ជា​ធម្មតា​ជាមួយនឹង​និស្សិត​បញ្ចប់​ការសិក្សា​ផ្សេង​ទៀត ។ ពួកគេ​ចូលរៀន​នៅ​មហាវិទ្យាល័យ ឬ​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ ។ ថែម​ទាំង​មាន​ថវិកា​បន្តិចបន្តួច​សម្រាប់​ជួយ​ដល់​ស្ត្រី​វ័យក្មេង​ចាប់ផ្តើម​អាជីវកម្ម​ខ្នាត​តូច​បន្ទាប់ពី​ពួកគេ​ទទួល​បាន​ការបណ្តុះ​បណ្តាល​រួចហើយ ។

ការវាយតម្លៃ​ផ្នែក​វេជ្ជសាស្រ្ត​ត្រូវ​បាន​ធ្វើឡើង​នៅពេល​ដែល​ក្មេងស្រីៗ​មក​ដល់​សាលា​ភ្លាមៗ ដើម្បី​កំណត់​ពី​ទំហំ​នៃ​របួស​ដែល​ពួកគេ​អាច​ទទួល​រង​ពី​ការរំលោភបំពាន ។ ក្មេងស្រីៗ​ចូល​រៀន​នៅ​សាលា​រដ្ឋ និង​ទទួល​ការថែទាំ​សុខភាព និង​ការព្យាបាល​ជា​ក្រុម និង​ជា​បុគ្គល ។ ពួកគេ​មាន​មេធាវី និង​ត្រូវ​បានគាំទ្រ​ក្នុង​ការ​ឡើង​តុលាការ និង​ផ្តល់​សក្ខីកម្ម ប្រសិនបើ​ចាំបាច់​ក្នុង​ការកាត់ទោស​ជនល្មើស ។

IMG_6554.jpegDOWNLOAD

គោលបំណង​របស់ AFESIP គឺ​ផ្តល់​ការលើក​កម្ពស់​ដល់​ក្មេងស្រីៗ​ឲ្យ​ធ្វើ​ជា​ជន​រស់រាន​មាន​ជីវិត មិន​មែន​ជា​ជនរង​គ្រោះ​ទេ ។ គោលដៅ​ក៏​ដើម្បី​បង្រួប​បង្រួម​ក្មេង​ស្រី​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ឡើងវិញ ប្រសិនបើ​សមរម្យ ។

អគារ​របស់ AFESIP រួមមាន គ្លីនិក​សុខភាព​ដែល​មាន​វេជ្ជបណ្ឌិត​ក្រៅម៉ោង និង​គិលានុបដ្ឋាយិកា​ពេញ​ម៉ោង ។ មាន​អ្នកប្រឹក្សា​យោបល់ និង​អ្នកព្យាបាល​ដើម្បី​ធ្វើការ​ជាមួយ​ក្មេង​ស្រីៗ ។ បន្ទប់​មួយ​ត្រូវ​បានប្រើ​សម្រាប់​ការវាយ តម្លៃ និង​បន្ទប់​មួយ​ទៀត​នៅ​ដាច់​ដោយឡែក ប្រសិនបើ​ក្មេងស្រីៗ​មានជំងឺ​ឆ្លង ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានជួយ​ចំណាយ​សម្រាប់​ការជួសជុល​គ្លីនិក​សុខភាព ហើយ​បានបរិច្ចាគ​ឧបករណ៍​សម្រាប់​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម A1C ឧបករណ៍​ចាប់​សញ្ញា និង​ឧបករណ៍​ចាំបាច់​ផ្សេង​ទៀត​សម្រាប់​គ្លីនិក ។

ការចូលរួម​របស់​សាសនាចក្រ​បានចាប់ផ្តើម​នៅ​ឆ្នាំ២០២៣ ។ ការបរិច្ចាគ​ដំបូង​រួមមាន កុំព្យូទ័រ​យួរដៃ​ថ្មី កង់ ៣០ គ្រឿង ឯកសណ្ឋាន​សិស្ស ១០០កំប្លេ រទេះរុញ និង​តុ​ក្បែរ​គ្រែ ម៉ាស៊ីន​អេម៉ូក្រាមនិងជីវគីមីសាស្រ្ត សម្ភារ​សិក្សា​ផ្សេងៗ សម្ភារ​បណ្ណាល័យ រួមទាំង​សៀវភៅ ២០០ក្បាល ទូ​សៀវភៅ តុ និង​កៅអី គ្រឿង​សង្ហារិម​ផ្សេង​ទៀត គំនូរ​បិទ​លើ​ជញ្ជាំង និង​ផែនទី​ពិភពលោក និង​កាមេរ៉ា​សុវត្ថិភាព ។

ចាប់តាំង​ពី​ពេល​នោះ​មក សាសនាចក្រ​បានបរិច្ចាគ​កុំព្យូទ័រ​យួរ​ដៃ និង​ម៉ាស៊ីន​បោះពុម្ព​ថ្មី​បន្ថែម ការជួសជុល​ដំបូល​លេច និង​ម៉ាស៊ីន​បូមទឹក​ធុន​ធ្ងន់ ដើម្បី​ការពារ​ទឹក​ជំនន់​នៅ​កណ្តាល​ទីធ្លា ។

នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ចុះធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ដើម្បី​ប្រគល់​កុំព្យូទ័រ​យួរដៃ និង​ម៉ាស៊ីន​បោះពុម្ព​បន្ថែម​ទៀត អែលឌើរ និង​ស៊ីស្ទើរ ឃ្លីងហ្គឺ និង​អ្នក​ចូលរួម​ផ្សេង​ទៀត​ត្រូវ​បាន​ស្វាគមន៍​យ៉ាងកក់ក្ដៅ​ជាមួយនឹង​កម្មវិធី « អរគុណ » ដ៏​ធំ​មួយ​ពី​ក្មេង​ស្រីៗ និង​អ្នកដឹកនាំ​មជ្ឈមណ្ឌល ។

លីន ស៊ីឡរ ជា​អគ្គនាយក​អង្គការ AFESIP Cambodia និង សៅ ឈឿត នាយក​សហកម្មវិធី បានផ្តល់​ដំណើរ​នៃ​ទស្សនកិច្ច​នេះ​ទៅកាន់​មជ្ឈមណ្ឌល និង​គ្លីនិក​សុខភាព ដោយ​បង្ហាញ​ពី​អំណោយ​ជាច្រើន​របស់​សាសនាចក្រ ។ ម៉ម សុម៉ាលី ស្ថាបនិក​មជ្ឈមណ្ឌល​នេះ មិន​បាន​នៅ​មជ្ឈមណ្ឌល​នោះ​ទេ ខណៈ​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេង ដើម្បី​តាមដាន​អតីត​សិស្ស និង​ទៅ​សួរសុខទុក្ខ​សិស្ស​ដែល​ឈឺ ។

ភ្ញៀវដែលចូលរួម​បានទស្សនា​បណ្ណាល័យ និង​ថ្នាក់រៀន​ដែល​បង្រៀន​ជំនាញ​ភាសាអង់គ្លេស និង​កុំព្យូទ័រ ។ ពួកគេ​បានឃើញ​ពី​របៀប​ដែល​ក្មេងស្រីៗ​កំពុងប្រើ​កុំព្យូទ័រ​ដើម្បី​បង្កើត​វីដេអូ​ប្រាប់​ពី​ដំណើររឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជា​ផ្នែក​នៃ​ការព្យាបាល​របស់​ពួកគេ ។ ក្មេងស្រីៗ​ទាំងនោះ​រស់នៅ​ជាន់​ទីពីរ​នៃ​មជ្ឈមណ្ឌល​នេះ​ក្នុង​បន្ទប់​រួម​មាន​ក្មេង​ស្រី ៥-៦ នាក់​ក្នុង​មួយ​បន្ទប់ ។ នៅ​ថ្ងៃ​អាទិត្យ ក្មេង​ស្រីៗ​ទាំងនេះ​ត្រូវបាន​បង្រៀន​ឲ្យ​រាំ​របាំ​ប្រពៃណី​ខ្មែរ ។ ពួកគេ​រីករាយ​នឹង​ពេលវេលា​សមាធិ​ជា​រៀងរាល់​ថ្ងៃ ។

លីន ស៊ីឡរ បាន​ប្រាប់​ទៅ​ភ្ញៀវ​ថា « AFESIP Cambodia សូម​កោត​សរសើរ​ដល់​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដោយសារ​ឧបករណ៍​ដែល​មាន​គុណភាព​ខ្ពស់ៗ​ត្រូវ​បានបរិច្ចាគ ហើយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បានស្វែងយល់​ពី​នាយក​នូវ​អ្វី​ដែល​ចាំបាច់ មុន​ពេល​ពួកគាត់​សម្រេចចិត្ត​ធ្វើការ​ការបរិច្ចាគ ។

ក្មេងស្រីៗ​ដែល​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ​បានសម្តែង​ការដឹងគុណ និង​រៀបរាប់​អំពី​វគ្គ​សិក្សា​របស់​ពួកគេ ។ ពួកគេ​មួយ​ចំនួន​បាននិយាយ​ថា​ពួកគេ​ចង់​ធ្វើ​ជា​មេធាវី ហើយ​ក្មេងស្រី​ម្នាក់​បាននិយាយ​ថា នាង​ចង់​ធ្វើ​ជា​អ្នក​ចិត្តសាស្រ្ត​គ្លីនិក ។

ក្មេងស្រី​តូចៗ​បំផុត​មួយ​ក្រុម​នៅមជ្ឍ​មណ្ឌល​បានឈរ​នៅ​ចំពោះមុខ​ភ្ញៀវ​មកពី​សាសនាចក្រ ហើយ​ប្រាប់​ឈ្មោះ អាយុ និង​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ ពេល​ពួកគេ​ធំ​ឡើង ។ បន្ទាប់មក ពួកគេ​សូត្រ​កំណាព្យ​ដ៏​អស្ចារ្យ​ក្នុង​សំឡេង​តែមួយ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ រួមទាំង​ពួក​អែលឌើរ និង​ស៊ីស្ទើរ​វ័យក្មេង​ជា​ច្រើន​នាក់ បាន​ទៅ​លេង​មជ្ឈមណ្ឌល​កាល​ពី​ថ្ងៃទី២៥ ខែធ្នូ​ កន្លងទៅ សម្រាប់​ពិធីជប់លៀង​បុណ្យណូអែល ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​បាន​យក​នំ​ឃុកឃី​មក​បរិភោគ និង​គ្រាប់​អង្កាំ​សម្រាប់​ធ្វើ​ខ្សែ​ដៃ​ជាមួយ​ក្មេងស្រីៗ ។ ពួកគេ​ទាំងអស់​គ្នា​បានចូលរួម​ពិធីជប់លៀង​ដ៏​រីករាយ ។ ក្មេងស្រីៗ​បានចងចាំ​ការ​មក​លេង​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ហើយ​រីករាយ​ដែល​បានឃើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ម្តងទៀត ។

IMG_0200.jpegDOWNLOAD

ដំណើរ​ទស្សនកិច្ច​នេះ​បានបញ្ចប់​ដោយ​ការ​ថត​រូប​ជា​ក្រុម​ជាមួយ​ក្មេង​ស្រីៗ គ្រូបង្រៀន និង​នាយក – និង​ការឱប​ដ៏​រំជួល​ចិត្ត​ក្រៃលែង ។ ស៊ីស្ទើរ ឃ្លីងហ្គឺ បាន​មាន​ប្រសាសន៍​ថា « យើង​ពិត​ជា​មាន​អារម្មណ៍​កោតសរសើរ និងក្តី​ស្រឡាញ់​ដែល​ពួក​យើង​បាន​មក​ទីនេះ និង​ការគាំទ្រ​របស់​សាសនាចក្រ​សម្រាប់​មជ្ឈមណ្ឌល​នេះ ។ នេះ​គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ដែលយើង​ចូលចិត្ត​បំផុត » ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ថ្លែង​ថា ពួកគេ​បានកោត​សរសើរ​ចំពោះ​ការបរិច្ចាគ​ដ៏​សប្បុរសធម៌​របស់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក ដែល​ធ្វើ​ការបរិច្ចាគ​ដល់ AFESIP និង​បុព្វហេតុ​ដ៏​ស័ក្តិសម​ផ្សេងទៀត​ដែល​អាច​ធ្វើ​ទៅ​បាន ។