Translation


សមាជិក​សាសនាចក្រ ឆាយ លីនលី សប្បាយ​ចិត្ត​ដោយ​កីឡា​គុន​ដាវ​ទទួល​បាន​ជោគជ័យ​ប្រចាំ​តំបន់

ម្ចាស់​មេដាយ​កីឡា​អាស៊ី​អាគ្នេយ៍ ឆាយ លីនលី ចាត់ទុក​ភាពជោគជ័យ​របស់​នាង​ជា​ការបំផុស​គំនិត​មកពី​ព្រះ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ

ឆាយ លីនលី ដែល​ជា​កីឡាការនី​ផ្នែក​កីឡា​គុន​ដាវ​វ័យ ២១ ឆ្នាំ បាន​ឈរ​លើ​វេទិកា​តំណែង​មេដាយ បន្ទាប់ពី​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើក​ទី ៣២ ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ ។ កីឡាករ​ប្រមាណ​ជា ១២,០០០ នាក់ មកពី​ប្រទេស​ចំនួន ១១ ដែល​មាន ៣៦ កីឡា បាន​ចូលរួម​ក្នុង​ការប្រកួត​ថ្នាក់​តំបន់ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លីនលី ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ម្នាក់ឯង និង​ជា​ក្រុម​ក្នុង​វិញ្ញាសា​កីឡា​គុនដាវ​បុរាណ​បាន​និយាយ​ថា « តំណាង​ប្រទេស​របស់​ខ្ញុំ​ក្នុងការ​ប្រកួត​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ព្រឹត្តិការណ៍​ពិសេស​មួយ​សម្រាប់​ខ្ញុំ » ។

សេចក្តី​ស្រឡាញ់​របស់ លីនលី ចំពោះ​កីឡា​គុនដាវ​បាន​មាន​ចាប់តាំង​ពី​មិត្តភក្តិ​របស់​បង​ស្រី​គាត់​បាន​ណែនាំ​ឲ្យ​ស្គាល់​កាល​ពី​អាយុ ១៤ ឆ្នាំ ។ នាង​បាន​និយាយ​ថា ៖ « ខ្ញុំ​គិត​ថា​វា​សប្បាយ » ។ « ខ្ញុំ​បាន​ចាប់ផ្ដើម​ចូលចិត្ត​កីឡា​នេះ​តាំង​ពី​ពេល​នោះ​មក » ។ នាង​បាន​កំណត់​ភាព​ជោគជ័យ​របស់​នាង​ដោយសារ​កត្តា​ជាច្រើន ដែល​រួមមាន​បំណង​ប្រាថ្នា​ប្រកួត​របស់នាង​ដើម្បី​ទទួល​បាន​ជោគជ័យ​ផងដែរ ។ នាង​បាន​និយាយថា « ខ្ញុំ​តែងតែ​ចង់​ទទួល​បាន​ជ័យជំនះ​ជានិច្ច ។ 

LInly-Chhay-Cambodia-Fencer,-May-2023.
LInly-Chhay-Cambodia-Fencer,-May-2023.
ឆាយ លីនលី ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ថ្ងៃ​ចុងក្រោយ ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ការប្រកួត​ម្នាក់​ឯង និង​ជា​ក្រុម​ក្នុង​កីឡា​គន់​ដាវ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

ប៉ុន្តែ លីនលី មាន​យុទ្ធការ​លើស​ពី​ការ​ដែល​ចង់​ឈ្នះ នាង​ក៏​មាន​ចក្ខុវិស័យ និង​វិន័យ និង​ដឹង​ពី​អ្វី​ដែល​ត្រូវ​មាន​ដើម្បី​ឈ្នះ ។ កាលវិភាគ​ហ្វឹកហាត់​របស់ លីនលី ចាប់ផ្តើម​នៅពេល​ព្រឹក​នៅ​ម៉ោង ៥-៩ ព្រឹក ហើយ​ម្តងទៀត​ចាប់ពី​ម៉ោង ១-៥ ល្ងាច ដោយ​ហាត់​ប្រាំបី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។ បន្ថែមពី​លើ​ការហាត់​ដ៏​ខ្លាំងក្លា និង​បំណង​ប្រាថ្នា​ប្រកួត​ដើម្បី​យក​ជ័យជំនះ លីនលី បាន​និយាយ​ថា « ខ្ញុំ​ចាប់ផ្ដើម ធ្វើ​បានល្អ ព្រោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​ត្រឹមតែ​ត្រូវ​រៀន​ប្រើ​រាងកាយ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​រៀន​ប្រើ​គំនិត​របស់​ខ្ញុំ​ផង​ដែរ » ។

លីនលី រាយការណ៍​ថា ព្រះ​ក៏​ជា​ប្រភព​នៃ​ភាព​ជោគជ័យ​ផងដែរ ។ « នៅពេល​ខ្ញុំ​អធិស្ឋាន​មុន​ការប្រកួត ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ការបំផុស​គំនិត​ដើម្បី​ដឹង​ពី​របៀប​វាយតម្លៃ និង​ស្ទង់​គូ​ប្រជែង​របស់ខ្ញុំ ។ ទ្រង់​ក៏​បាន​ប្រទានពរ​ខ្ញុំ​ដោយ​ការលួងលោម ហើយ​ជួយ​ខ្ញុំ​ពេល​ខ្ញុំ​មាន​អារម្មណ៍​ធុញថប់ ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរស្រាល​ដែរ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ » ។

ជោគ​ជ័យ​របស់ លីនលី មិន​មែន​គ្មាន​ឧបសគ្គ​នោះ​ទេ ។ នាង​និយាយ​ថា ៖ « ការហាត់​ប្រាំ​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​គឺ​ពិបាក​ណាស់ ។ « ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​របស់​ខ្ញុំ​គឺ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ខ្ជិល ហើយ​ខ្ញុំ​ត្រូវ​បាន​ល្បួង​មិន​ឲ្យ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​សម្រាក​តែ​មួយ​គត់​របស់​ខ្ញុំ ។  ម៉ាក់​ខ្ញុំ​គឺ​ល្អ​ខ្លាំង​ណាស់ ។ គាត់​គឺជា​ប្រភព​លើក​ទឹកចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ។ ទោះបី​ជា​ពេលខ្លះ​វា​ពិបាក​ក្នុងការ​ទៅ​ព្រះវិហារ​ក្តី ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ការបំផុស​គំនិត និង​ការលើក​ទឹកចិត្ត នៅពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​សុន្ទរក​ថា និង​មេរៀន​ពី​អ្នកដឹកនាំ​របស់ខ្ញុំ ដែល​ខ្ញុំ​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​របស់ខ្ញុំ » ។

កីឡា​គុនដាវ​គឺជា​កីឡា​ប្រយុទ្ធ​ដែល​មាន​នៅក្នុង​កីឡា​អូឡាំពិក​តាំង​ពី​បុរាណកាល​មក និង​បន្ត​នៅក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។ លីនលី ក៏​បាន​ប្រកាន់​យក​ប្រពៃណី​នេះ​ដែរ ដោយ​បាន​ស្វែងរក​ភាពជោគជ័យ និង​ភាពរីករាយ​ក្នុង​វិស័យ​កីឡា ខណៈ​ដែល​នាង​បន្ត​គោលដៅ​របស់​នាង​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស ។ នៅពេល​ដែល លីនលី មិន​នៅ​ហ្វឹកហាត់ ឬ​ការប្រកួត នាង​ចូលចិត្ត​ធ្វើ​ម្ហូប លេង​បាល់ទាត់ និង​ដើរ​លេង​ជាមួយ​មិត្តភក្តិ​របស់នាង ។

បន្ថែមពី​លើ​គោលដៅ​របស់ លីនលី ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ នាង​ក៏​ចង់​បម្រើ​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែរ ។ បច្ចុប្បន្ន​នេះ​នាង​ចូលរួម​នៅ​សាខា​កណ្តាល​នៃ​មណ្ឌល​ភ្នំពេញ​ខាង​កើត​របស់​សាសនាចក្រ ។ នាង​មក​ពី​តំបន់​ពោធិ៍ចិនតុង ជា​ទី​ដែល​នាង​រស់នៅ​ជាមួយ​ឪពុក​របស់​នាង​លោក ដួង វ៉ាន់ ហៃ ម្ដាយ វោ ធី ហុង បង​ប្រុស​បី​នាក់ និង​បង​ស្រី​ពីរ​នាក់ នាង​ជា​កូន​ទី​ប្រាំ​ក្នុង​គ្រួសារ ។