Translation

សាសនាចក្រ​ជួយ​ជួសជុល​មន្ទីរពេទ្យ​ដែល​រង​ការខូចខាត​ដោយ​អគ្គីភ័យ​នៅក្នុង​ប្រទេស​កម្ពុជា

សាសនាចក្រ​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​របស់​សហគមន៍​ដើម្បី​ជួយ​ជួសជុល​មន្ទីរពេទ្យ​​រកា ដែល​រង​ការខូចខាត​ដោយ​អគ្គីភ័យ ។

សមាជិក​សហគមន៍​ជនបទ​តូច​មួយ​ដែល​មាន​ប្រជាជន​ជាង ១០០ នាក់ ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ក្នុង​ប្រទេស​កម្ពុជា បាន​ជួបជុំ​គ្នា​ដោយ​ក្តី​រីករាយ និង​ស្នាមញញឹម ដើម្បី​អបអរ​ការជួសជុល​រួច​ជា​ស្ថាពរ​នៃ​មន្ទីរពេទ្យ​បង្អែក​រកា ។ នៅក្នុង​ពិធី​ប្រគល់​មន្ទីរពេទ្យ​ក្រោម​វត្តមាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ដោយ​មាន​ការថ្លែង​សុន្ទរកថា ការចុះហត្ថលេខា​ប្រគល់ និង​ពិធី​កាត់​ខ្សែបូ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ។

IMG_5285.PNG
IMG_5285.PNG
សមាជិក​សហគមន៍​ជនបទ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ក្នុង​ប្រទេស​កម្ពុជា បាន​ជួបជុំ​គ្នា​ដោយ​ស្នាមញញឹម ដើម្បី​អបអរ​ការជួសជុល​រួច​ជា​ស្ថាពរ​នៃ​មន្ទីរពេទ្យ​បង្អែក​រកា ។ ពិធី​ប្រគល់​មន្ទីរពេទ្យ​ដែល​បានប្រារព្ធឡើង​នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែល​មាន​វត្តមាន​អ្នកតំណាង​ខាងសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ រដ្ឋាភិបាល និង​កិច្ចខិតខំ​របស់​សហគមន៍​សម្រាប់​ការជួសជុល​នេះ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ការជួសជុល​មន្ទីរពេទ្យ​រកា​ចប់​ជា​ស្ថាពរ តំណាង​ឲ្យ​ព្រឹត្តិការណ៍​ដ៏​រីករាយ​ជាពិសេស​សម្រាប់​សហគមន៍​នេះ ។ កាលពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៨ នៅ​បី​ថ្ងៃ​មុន​ពេល​វេជ្ជបណ្ឌិត អេង សំណាង ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​រកា ដែល​ទើប​ជួសជុល​ថ្មី​នោះ មន្ទីរពេទ្យ​នេះ​បាន​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ អគ្គីភ័យ​នេះ​បង្ក​ឲ្យ​មាន​ការខូចខាត​មន្ទីរពេទ្យ​យ៉ាង​ធ្ងន់ធ្ងរ និង​បាន​បំផ្លាញ​អគារ​មួយ​ខ្នង ឧបករណ៍​មន្ទីរ​ពិសោធន៍ កំណត់ត្រា​មន្ទីរពេទ្យ និង​ថ្នាំ​វ៉ាក់សាំង ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) និង​ស្វាមី​ភរិយា វេជ្ជបណ្ឌិត រ៉ន ឡាសេន និង ខេធីរិន ឡាសិន ដែល​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានឈរ​ក្បែរ​គ្នា ខណៈ​ដែល​វេជ្ជបណ្ឌិត ឡាសិន បានចែកចាយ​បទពិសោធន៍​មួយចំនួន ក្នុង​តួនាទី​របស់ពួកគាត់​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ដល់​បុត្រាបុត្រី​របស់​ព្រះ ។ គាត់​បាន​មាន​ប្រសាសន៍​ថា ៖ « នេះ​គឺជា​ឱកាស​ដ៏​ពិសេស​មួយ ។ មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ជនបទ​ដំបូងគេ​នៅក្នុង​តំបន់​បាត់ដំបង ដែល​សាសនាចក្រ​បាន​ជួយ » ។ គាត់​បានបញ្ជាក់​ថា « វា​ជា​អភ័យឯកសិទ្ធិ​ដ៏​ថ្លៃថ្លា​ណាស់​ដែល​បាន​ធ្វើជា​តំណាង​ឲ្យ​សាសនាចក្រ​ធ្វើ​ការងារ​មនុស្សធម៌​នៅ​ប្រទេស​កម្ពុជា » ។ គាត់​បាន​ពន្យល់​ថា ទឹកប្រាក់​ដែល​សាសនាចក្រ​បាន​បរិច្ចាគ​ឲ្យ​គឺ​បាន​មកពី​សមាជិក​នៃ​សាសនាចក្រ និង​អ្នកដទៃ​ទៀត ហើយ​ជា​ញឹកញាប់​ត្រូវ​បានបរិច្ចាគ​ដោយ​មនុស្ស​សាមញ្ញៗ​មកពី​ជុំវិញ​ពិភពលោក​ដែល​ចង់​ជួយ​បងប្អូន​របស់​ពួកគេ ។ គាត់​បាន​បន្ថែម​ថា ៖ « យើង​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ដែល​ចង់​ឲ្យ​យើង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ។ គម្រោង​នេះ​តំណាង​ឲ្យ​អ្នក​ដែល​ជួយ​មើល​ថែ​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​របស់​ពួកគេ » ។

ពិធី​នេះ​មាន​ការសម្តែង​ពី​ក្រុម​រាំរបាំ​ប្រពៃណី និង​វាគ្មិន​ខ្មែរ ដែល​រួមមាន លោក​វេជ្ជបណ្ឌិត អេង ដែល​លោក​មាន​ប្រសាសន៍​អំពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នៃ​អគ្គីភ័យ និង​អំពី​មន្ទីរពេទ្យ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នេះ ។ លោក​បានសម្ដែង​ការដឹងគុណ​ចំពោះ​សាសនាចក្រ និង​សហគមន៍​ចំពោះ​ការគាំទ្រ​ដែល​លោក​បានទទួល ។

លោកអនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ​វេជ្ជបណ្ឌិត ចេង លីសុនខេង ក៏​បាន​សម្តែង​ការដឹងគុណ​ចំពោះ​សាសនាចក្រ និង​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​មន្ទីរពេទ្យ​នេះ​គឺជា « មន្ទីរពេទ្យ​សម្រាប់​ប្រជាជន​ពិតប្រាកដ » ។ អគារ​ថ្មី​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​នៅក្នុង​បន្ទប់​អ្នកជំងឺ​ផងដែរ ។ លោក​បានមាន​ប្រសាសន៍​ថា ៖ « មិនថា​បងប្អូន​ជា​អ្នក​មាន​ ឬ​ជា​អ្នក​ក្រ​នោះ​ទេ បងប្អូន​ទាំងអស់គ្នា​នឹង​ទទួល​បាន​ការថែទាំ​និង​ការព្យាបាល​យ៉ាងល្អ​នៅ​មន្ទីរពេទ្យ​នេះ » ។

ក្នុង​នាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ អែលឌើរ ឡាសិន បានធ្វើការ​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រាជ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​នាយក​មន្ទីរពេទ្យ ដើម្បី​ជួយ​សាងសង់ និង​ជួសជុល​មន្ទីរពេទ្យ​រកា​ឡើង​វិញ ។ វេជ្ជបណ្ឌិត ឡាសិន បាន​បញ្ជាក់​ថា វេជ្ជបណ្ឌិត អេង បានខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​សាងសង់​ឡើងវិញ និង​ជា​នាយក​ដ៏​ឆ្នើម​មួយ​រូប ។ អគារ​មន្ទីរពេទ្យ​ធំ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ដោយមាន​ឱសថស្ថាន​ថ្មី អគារ​រដ្ឋបាល បន្ទប់សង្គ្រោះ​បន្ទាន់​ដែល​មាន​ផ្លូវ​សម្រាប់​រទេះរុញ ម៉ាស៊ីន​អ៊ុលត្រាសោន ម៉ាស៊ីន HbA1c ម៉ាស៊ីន​វិភាគ​ជីវ​វេជ្ជសាស្ត្រ ប្រព័ន្ធ​ចែកចាយ​អុកស៊ីហ្សែន ម៉ាស៊ីន​ចម្រោះ​ទឹក និង​ម៉ាស៊ីន​ចែកចាយ​ទឹកចំ​នួន​បួន បន្ទប់ទឹក ការលាបជញ្ជាំង​​ថ្មី​វិញ ឧបករណ៍​ទប់លំ​នឹង​ចរន្ត​អគ្គីសនី ដើម្បី​ជួយ​ការពារឧបករណ៍​ថ្មី និង​កៅអី​ថ្មី​ចំនួន ៤៨ សម្រាប់​បន្ទប់​រង់ចាំ​ដែល​ត្រូវ​បានកែលម្អ​ថ្មី ។

វេជ្ជបណ្ឌិត ឡាសិន បាន​លើកឡើង​ថា ដោយសារតែ​គម្រោង​ជួសជុល​មន្ទីរពេទ្យ​នេះ​ធ្វើ​ឡើង​ដោយ​សាសនាចក្រ នោះ​មន្ទីរពេទ្យ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សហគមន៍​ថែទាំ​សុខភាព​ខេត្ត​បាត់ដំបង ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខេត្ត​ជួសជុល​អគារ​ដែល​ទ្រុឌទ្រោម​របស់​មន្ទីរពេទ្យ​មួយទៀត និង​សាងសង់​ឡដុត​សម្រាម​ថ្មី​មួយទៀត ។ លើសពីនេះ ម្ចាស់​ជំនួយ​ឯកជន​បាន​សាងសង់​បង្គន់ និង​កន្លែង​ទឹក​សំណល់​ដែល​ខូច​របស់​ពួកគេ​ឡើងវិញ​ផងដែរ ។

នៅពេល​ដែល​សមាជិក​សហគមន៍​មូលដ្ឋាន​ដែល​បាន​ចូលរួម​ការប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​សួរ​ថា​តើ​ពួកគាត់​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​មន្ទីរពេទ្យ​នេះ ពួកគាត់​ទាំងអស់​គ្នា​ចង់​ឆ្លើយតប​ប្រាប់ ថាតើ​ពួកគាត់​ចូលចិត្ត​កន្លែង​ថ្មី​នេះ​ប៉ុនណា ។ ពួកគាត់​បាន​និយាយថា ឥឡូវពួកគាត់​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ​ទៀត​ទេ ហើយ​អាច​ទទួលបាន​ការថែទាំ​យ៉ាង​ល្អ​នៅក្នុង​មន្ទីរពេទ្យ ។ អ្នក​ចូលរួម​ផ្សេងទៀត​បាន​កោតសរសើរ​អំពី​របៀប​ដែល​មន្ទីរពេទ្យ​ស្អាត និង​មាន​អនាម័យ ។ អ្នកខ្លះ​បាន​លើកឡើង​អំពី​ម៉ាស៊ីន​ត្រជាក់​ដែល​បាន​ផ្តល់​ឲ្យ ហើយ​អ្នកខ្លះ​ទៀត​បាន​បញ្ជាក់​ថា​គ្រូពេទ្យ​ល្អ​ណាស់ ។

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​ពួកគាត់​អាច​ផ្តល់​នូវ​ភាពប្រសើរ​ឡើង​ដែលចាំបាច់​ក្នុង​ការថែទាំ​សុខភាព​ដល់​អ្នក​ជំងឺ​របស់ពួកគាត់​បានហើយ ។ វេជ្ជបណ្ឌិត​ទាំងអស់​ក៏​រំភើប​ចិត្ត​ជាខ្លាំង​ដែល​មាន​ម៉ាស៊ីន​អ៊ុលត្រាសោន​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​ម្តាយ និង​ទារក​របស់​ពួកគាត់​ផងដែរ ។ ពេល​នេះ វេជ្ជបណ្ឌិត​ទាំងអស់​អាច​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ឆ្លង​ផ្សេងៗ និង​ជំងឺ​ទឹក​នោម​ផ្អែម​ដោយមាន​មន្ទីរពិសោធន៍ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​បាន​បរិច្ចាគ​ជូន ។ 

មន្ទីរពេទ្យ​បង្អែក​រកា គឺជា​កន្លែង​ថែទាំ​សុខភាព​កម្រិត​ទី​មួយ ( កម្រិត​ទាប ) ដែល​បម្រើ​ដល់​ស្រុក​ចំនួន​ពីរ ដែល​មាន​ប្រជាជន​សរុប​ចំនួន ១៩៦,៦៤៤ នាក់ រស់នៅ​ក្នុង​ឃុំ​ចំនួន ១០ និង​ភូមិ​ចំនួន ៦៤ ។ មន្ទីរពេទ្យ​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ដប់​គីឡូម៉ែត្រ​ពី​ខាង​កើត​នៃ​ខេត្ត​បាត់ដំបង ហើយ​ក៏​ជា​ពរជ័យ​មួយ​ដល់​សហគមន៍​ទាំងអស់​នេះ​ផងដែរ ។