Translation

សាសនាចក្រ​ផ្ដល់​ការបំពាក់បំប៉ន​ផ្នែក​វះកាត់​ដោយ​ការចោះ​ដល់​មន្ទីរពេទ្យ​ជា​ដៃគូ​នៅ​ខេត្ត​បាត់ដំបង​នៃ​ប្រទេស​កម្ពុជា

អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​កាន់តែ​ច្រើន​ឡើងៗ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តម្រូវការ​វះកាត់​សំខាន់ៗ កំពុង​ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការវះកាត់​ចោះ​តាម​បែប​សម័យ​ទំនើប ។

Medical-personnel-at-Battambang-Provincial-Hospital-view-instruments-used-in-laparoscopic-surgery.jpeg
Medical-personnel-at-Battambang-Provincial-Hospital-view-instruments-used-in-laparoscopic-surgery.jpeg
បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងមើលឧបករណ៍ដែលប្រើក្នុងការវះកាត់ដោយការចោះ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ភាពជាដៃគូ​ដ៏​រឹងមាំ​មួយ​កំពុង​អភិវឌ្ឍ​នៅក្នុង​មន្ទីរពេទ្យ និង​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល ដែល​ទាក់ទង​ជាមួយ​សាកលវិទ្យាល័យ​យូថាហ៍ ។

ក្រុម​គ្រូពេទ្យ​វះកាត់​កម្ពុជា​កំពុង​ទទួល​ការបំពាក់បំប៉ន​ពី​ក្រុម​គ្រូពេទ្យ​វះកាត់​មកពី​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល ហើយ​បំពាក់​ដោយ​ឧបករណ៍ និង​គ្រឿងបរិក្ខារ​សម្រាប់​ធ្វើ​ការវះកាត់​តាម​បែប​សម័យ​ទំនើប​នេះ ។ ភាពជា​ដៃគូ និង​គម្រោង​បំពាក់បំប៉ន​នេះ​នឹង​ផ្តល់​ពរ​ដល់​អាយុ​ជីវិត​អ្នកជំងឺ​ផ្នែក​វះកាត់​នៅ​កម្ពុជា​រាប់​ពាន់នាក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​នេះ ។

ការវះកាត់​ដោយ​ការចោះ ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ការចោះ​រន្ធ​តូច ដើម្បី​ចូល​ទៅកាន់​សរីរាង្គ​ក្នុង​រាង កាយ ។ នៅពេល​ដែល​ចេះ​ស្ទាត់​ជំនាញ នោះ​ការវះកាត់​ដោយ​ការចោះ​នេះ គឺ​មាន​សុវត្ថិភាព​ខ្លាំង​ជាង មិន​សូវ​រាតត្បាត ចំណាយ​តិច ហើយ​ផ្តល់​លទ្ធផល​នៃ​ការជា​សះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី បើ​ប្រៀបធៀប​ទៅនឹង​ការវះកាត់​ធម្មតា ដែល​គ្រូ​ពេទ្យ​ត្រូវ​វះកាត់​បើក​រាងកាយ​របស់​អ្នក​ជំងឺ ដើម្បី​ធ្វើការ​លើ​សរីរាង្គ ។ សូម្បីតែ​អ្នកជំងឺ​ដែល​បាន​ទទួល​ការវះកាត់​ធំៗ ជារឿយៗ​ក៏​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដែរ ។

Doctors-in-training-watch-laparoscopic-surgery-on-a-monitor.jpeg
Doctors-in-training-watch-laparoscopic-surgery-on-a-monitor.jpeg
វេជ្ជបណ្ឌិតក្នុងការបំពាក់បំប៉នមើលការវះកាត់ដោយការចោះនៅលើម៉ូនីទ័រ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ខណៈ​ដែល​ការវះកាត់​ដោយ​ការចោះ គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​អភិវឌ្ឍ នោះ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ទៀត មាន​វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​តិចតួច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការបំពាក់បំប៉ន និង​គ្រឿង​បរិក្ខារ​ដើម្បី​ផ្តល់​នីតិវិធី​នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទស្សនវិស័យ​នេះ​កំពុង​ប្រសើរ​ឡើង ។ គម្រោង​បំពាក់បំប៉ន​អំពី​ការវះកាត់​ដោយ​ការចោះ​ថ្មីៗ​បំផុត​នេះ​គឺ​បាន​ធ្វើឡើង​នៅក្នុង​ខែ​មករា ឆ្នាំ​២០២៥ ។ ក្រុម​គ្រូពេទ្យ​វះកាត់​មកពី​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល​បាន​បំពាក់បំប៉ន​វេជ្ជបណ្ឌិត​វះកាត់​ពីរ​រូប និង​បុគ្គលិក​ពេទ្យ​ដែល​ទាក់ទង​ក្នុង​ការវះកាត់​កម្រិត​ខ្ពស់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា ។ វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ជាច្រើន​ទៀត និង​ក្រុម​របស់​ពួកគាត់​មកពី​មន្ទីរពេទ្យ​កម្ពុជា​ផ្សេង​ទៀត​បាន​ចូលរួម​ក្នុង​ផ្នែក​ខ្លះ​នៃ​ការបំពាក់បំប៉ន​នេះ ។

សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា បាន​ផ្តល់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការវះកាត់​ដោយ​ការចោះ​នេះ ព្រមទាំង​បាន​បង់ថ្លៃ​លើ​ការធ្វើ​ដំណើរ និង​ការចំណាយ​លើ​ការស្នាក់នៅ​របស់​ក្រុម​បំពាក់បំប៉ន​នេះ​ផងដែរ ។

Cambodian-surgeons-learn-laparoscopic-surgery-from-U.S.-medical-team.jpeg
Cambodian-surgeons-learn-laparoscopic-surgery-from-U.S.-medical-team.jpeg
វេជ្ជបណ្ឌិតវះកាត់កម្ពុជារៀនវះកាត់ដោយការចោះ ពីក្រុមវេជ្ជបណ្ឌិតមកពីអាមេរិក ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

វេជ្ជបណ្ឌិត រ៉េយមិន ផ្រាយស៍ ដែល​ជា​វេជ្ជបណ្ឌិត​វះកាត់ MD ដែល​ទាក់ទង​នឹង Intermountain Medical Center (IMC) និង​សាកលវិទ្យាល័យ​យូថាហ៍ ដឹកនាំ​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល​នេះ ។ ជាមួយ​នឹង​ក្រុម​របស់​លោក លោក​បាន​អនុវត្ត​គម្រោង​បំពាក់បំប៉ន​ជាង ៥០ គម្រោង ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០០៥ នៅ​ប្រទេស​ដូចជា ម៉ុងហ្គោលី ( ២៨ គម្រោង ) អេត្យូពី អេក្វាឌ័រ និង​ហ្គាណា ។ មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល​ត្រូវបាន​បង្កើត​ឡើង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១១ ។

ការបំពាក់បំប៉ន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បំពាក់បំប៉ន​ផ្នែក​វះកាត់​ដោយ​ការចោះ ដែល​មាន​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​កម្ពុជា ។ ការបំពាក់បំប៉ន​ផ្សេងទៀត​បានធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ ជា​រាជធានី​របស់​ប្រទេស​កម្ពុជា និង​ក្នុង​ខេត្ត​កំពង់ចាម ។ វេជ្ជបណ្ឌិត​វះកាត់ និង​ក្រុម​របស់​ពួកគាត់​មកពី​វគ្គ​បំពាក់បំប៉ន​មុនៗ​ក៏​បាន​ចូលរួម​ក្នុង​វគ្គ​បំពាក់បំប៉ន​នេះ​នៅ​ខេត្ត​បាត់ដំបង​ផងដែរ ។ បុគ្គលិក​សុខាភិបាល​មកពី​មង្គល​បូរី ដែល​រំពឹង​ថា​នឹង​ក្លាយជា​ទីតាំង​នៃ​គម្រោង​បំពាក់បំប៉ន​ធំ​បន្ទាប់​ទៀត ក៏​ទទួល​បាន​ការណែនាំ​អំពី​ការវះកាត់​ដោយ​ការចោះ​នេះ​ផងដែរ ។ គោលដៅ​គឺ​ដើម្បី « បំពាក់បំប៉ន​ដល់​វេជ្ជបណ្ឌិត​ដែល​ផ្ដល់​ការបំពាក់បំប៉ន » ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​វះកាត់​កម្ពុជា​ដែល​មាន​ជំនាញ​ទាំងនេះ អាច​ធ្វើ​ការបំពាក់បំប៉ន​ដល់​វេជ្ជបណ្ឌិត​ផ្សេង​ទៀត ។

ក្រៅពី​វេជ្ជបណ្ឌិត ផ្រាយស៍ ក្រុម​ការងារ​​ដែលអញ្ជើញមកពី​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល រួមមាន វេជ្ជបណ្ឌិត នីកូឡាស ប៊ឺច ជា​វេជ្ជបណ្ឌិត​វះកាត់ MD, វេជ្ជបណ្ឌិត ស្កត ហ៊ឺស MD, វេជ្ជបណ្ឌិត​ឯកទេស​ខាង​ថ្នាំ​សណ្ដំ, យ៉ាម៉ន អេឌវឺដស៍ ផ្នែក​បច្ចេកវិទ្យា​សម្លាប់​មេរោគ, ហ្វីល ផាហ្គីត ផ្នែក​ជីវបច្ចេកវិទ្យា និង លីហ្វ សូរីនសិន ជំនួយការ​ស្រាវជ្រាវ/អ្នកអប់រំ ។ ក្រុម​ការងារ​ទាំងអស់​គឺ​មកពី​រដ្ឋ​យូថាហ៍ ហើយ​ទាក់ទង​ជាមួយ​នឹង​សាកលវិទ្យាល័យ​យូថាហ៍ និង/ឬ Intermountain Healthcare ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ធ្វើការ​ជាមួយ​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល ។ ពួកគេ​បាន​ជួយ​រៀបចំ​ថវិកា​សម្រាប់​ឧបករណ៍​ចាំបាច់ និង​សម្រាប់​ការធ្វើ​ដំណើរ ព្រមទាំង​ការចំណាយ​របស់​ក្រុម​គ្រូពេទ្យ​វះកាត់​មកពី​សហរដ្ឋ​អាមេរិក ។

វេជ្ជបណ្ឌិត​វះកាត់​ពីរ​រូប ជំនួយការ​សាស្ត្រាចារ្យ ហួត សុជាតិ និង​វេជ្ជបណ្ឌិត តុល កុសល បានទទួល​ការបំពាក់បំប៉ន​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង រួម​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​វះកាត់​របស់​ពួកគាត់ ។ ក្នុង​អំឡុងពេល​នៃ​ការបំពាក់បំប៉ន​នេះ ការវះកាត់​យក​ថង់​ទឹក​ប្រមាត់​ចំនួន ៣ ឬ ៤ដង ត្រូវ​បាន​អនុវត្ត​ជា​រៀង​រាល់ថ្ងៃ ដែល​មាន​ចំនួនសរុប​ ២៧ដង ។ ការវះកាត់​ខ្នែង​ពោះវៀន​បន្ទាន់​ក៏​ត្រូវ​បានធ្វើ​ឲ្យ​គិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ​នោះ​ផងដែរ ដែល​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ធ្ងន់ធ្ងរ ។

សរុប​មក វេជ្ជបណ្ឌិត​កម្ពុជា​ចំនួន ១១ នាក់ បាន​ចូលរួម ឬ​សង្កេតមើល​ផ្នែក​ខ្លះ​នៃ​ការបំពាក់បំប៉ន ឬ​ការបំពាក់បំប៉ន​ទាំងស្រុង រួម​ជាមួយនឹង​គិលានុបដ្ឋាយិកា​ជំនួយការ​វះកាត់ ១៨ នាក់ និង​វេជ្ជបណ្ឌិត​ផ្នែក​ថ្នាំ​សណ្ដំ​ចំនួន ១២ នាក់ ។

Surgeons-and-medical-personnel-gather-in-operating-room-to-observe-laparoscopic-surgery.jpeg
Surgeons-and-medical-personnel-gather-in-operating-room-to-observe-laparoscopic-surgery.jpeg
វេជ្ជបណ្ឌិតវះកាត់ និងបុគ្គលិកសុខាភិបាលជួបជុំគ្នានៅក្នុងបន្ទប់វះកាត់ ដើម្បីសង្កេតមើលការវះកាត់ដោយការចោះ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ដំបូង ក្រុម​គ្រូពេទ្យ​កម្ពុជា​អនុវត្ត​ដោយ​ប្រើ « ប្រអប់​បំពាក់បំប៉ន » ដើម្បី​ឲ្យ​ស្គាល់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ការវះកាត់​ដោយ​ការចោះ និង​របៀប​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ ។

វេជ្ជបណ្ឌិត ផ្រាយស៍ បាន​មាន​ប្រសាសន៍​ថា « វគ្គ​បំពាក់បំប៉ន​នេះ មិន​ត្រឹមតែ​មាន​ការវះកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្រៀន​ពី​ដំណើរការ​វះកាត់​ទាំងមូល ។ វា​រួម​មាន​នីតិវិធី​មុន និង​ក្រោយ​ការវះកាត់ ការរក្សា​ឧបករណ៍​ឲ្យ​ស្អាត នីតិវិធី​រៀបចំ​ឯកសារ ការកំណត់​ទីតាំង​ម៉ូនីទ័រ ប្រភេទ​នៃ​បន្ទប់​វះកាត់ និង​គ្រែ​ដែល​ត្រូវការ និង​សូម្បីតែ​របៀប​ដែល​គ្រូពេទ្យ​វះកាត់​គួរតែ​ឈរ​ដើម្បី​ការពារ​របួស​ដោយសារ​ចលនា​ដដែលៗ​អំឡុងពេល​វះកាត់ ។

វេជ្ជបណ្ឌិត ផ្រាយស៍ បាន​មាន​ប្រសាសន៍​ថា « ពិត​ណាស់ គោលបំណង​ដ៏​សំខាន់​របស់​យើង​គឺ​ដើម្បី​បង្រៀន​ការវះកាត់​ដោយ​ការចោះ ។ ប៉ុន្តែ​វត្តមាន​របស់​យើង និង​ដំណើរការ​បំពាក់បំប៉ន​របស់​យើង​ពង្រឹង​ប្រព័ន្ធ​សុខភាព​ទាំងមូល ។ វេជ្ជបណ្ឌិត និង​បុគ្គលិ​កមន្ទីរពេទ្យ​មើលឃើញ​របៀប​កែលម្អ​ដើម្បី​ដាក់​កាលវិភាគ និង​រៀបចំ​ការវះកាត់ ថែទាំ រក្សា​ឧបករណ៍​ឲ្យ​ស្អាត​គ្មាន​មេរោគ ផ្ដល់​ឱសថ ការចាក់​ថ្នាំ​សណ្ដំ របៀប​ថែទាំ​ឧបករណ៍ ជាដើម ។ យើង​ជួយ​ពួកគេ​ឲ្យ​មាន​ទំនុកចិត្ត​ថា ពួកគេ​អាច​ធ្វើ​ការវះកាត់​តាម​បែប​ទំនើប​បាន និង​ធ្វើ​ឲ្យ​លទ្ធផល​របស់​អ្នក​ជំងឺ​ប្រសើរ​ឡើង » ។

ដំបូង សមាជិក​ក្រុម​ដែល​ទទួល​ការបំពាក់បំប៉ន សង្កេតមើល​ការវះកាត់​ដោយ​ការចោះ​ជាក់ស្តែង​សិន បន្ទាប់មក​ជួយ​វះកាត់ រួចមក​ធ្វើការ​វះកាត់​ដោយ​ការចោះ​ដោយ​មាន​ជំនួយ​ពីលើ ក្រោយមក​ទៀត​ធ្វើ​ការវះកាត់​ដោយ​មាន​ការត្រួត​ពិនិត្យ និង​ចុងក្រោយ​ធ្វើ​ការវះកាត់​ដោយ​ការចោះ​ដោយ​ខ្លួន​ឯង ។ ក្រុម​គ្រូពេទ្យ​វះកាត់​មក​ពី​រដ្ឋ​យូថាហ៍ ប្រើ​អ្នក​បកប្រែ​ជា​ច្រើន​នាក់ ដើម្បី​ទំនាក់ទំនង​យ៉ាង​ច្បាស់​ជាមួយ​ក្រុម​គ្រូពេទ្យ​វះកាត់​កម្ពុជា ។

វេជ្ជបណ្ឌិត ចាន់ ដាវឿង អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង និង​វេជ្ជបណ្ឌិត ហ៊ាន ឧត្តម ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង លោក​ទាំងពីរ​បាន​ថ្លែង​នៅក្នុង​ពិធីបើក មុន​ពេល​ចាប់ផ្ដើម​វគ្គ​បំពាក់បំប៉ន ។ ពួកលោក​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​ចូលរួម​ក្នុង​វគ្គ​បំពាក់បំប៉ន​នេះ និង​បាន​អបអរសាទរ​ដល់​អត្ថប្រយោជន៍​ពី​ការវះកាត់​ដោយការចោះ ដល់​អ្នកជំងឺ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ។

Dr.-Chan-Davoeng.jpeg
Dr.-Chan-Davoeng.jpeg
វេជ្ជបណ្ឌិត ចាន់ ដាវឿង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នផ្នែកវះកាត់ដោយការចោះ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

កញ្ញា យន សូផាណែត អ្នក​គ្រប់គ្រង​គម្រោង​មនុស្សធម៌​នៃសមាគម​និកាយ​សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា​បាន​ថ្លែង​ថា សមាជិក​សាសនាចក្រ​ជឿ​ថា​សុខភាព និង​ការអប់រំ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ដ៏​រីករាយ និង​សម្រាប់​សង្គម​ដែល​រីកចម្រើន ។ គាត់​បាន​ថ្លែង​ថា ការចូលរួម​ចំណែក​លើ​ថ្លៃ​សម្ភារ និង​ការចំណាយ​សម្រាប់​ក្រុម​បំពាក់បំប៉ន​នេះ អាច​ធ្វើ​ទៅ​បាន​ដោយសារ​ការបរិច្ចាគ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពី​ជុំវិញ​ពិភពលោក ។

ពិធីបើក​នេះ​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​ជំនាញ​ជាង ១០០ នាក់​មកពី​ខេត្ត​បាត់ដំបង រួមទាំង​និស្សិត​ពេទ្យ​មួយចំនួន​ផងដែរ ។

វេជ្ជបណ្ឌិត ផ្រាយស៍ បាន​ថ្លែង​ថា ការវះកាត់​រាប់​លាន​ត្រូវបាន​ធ្វើឡើង​ជា​រៀង​រាល់ឆ្នាំ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍ ។ អ្នកជំងឺ​រាប់លាន​នាក់​អាច​ឆ្លងកាត់​នីតិវិធី​ដែល​មាន​សុវត្ថិភាព​ជាង​មុន ជា​សះស្បើយ​លឿន​ជាង​មុន មិន​សូវ​មាន​ផលវិបាក ទាំងអស់​ត្រូវ​បាន​ធ្វើ​ដោយ​ចំណាយ​តិច ជាមួយនឹង​ភាពទូលំទូលាយ​នៃ​ការវះកាត់​ដោយ​ការចោះ ។

ផែនការ​ទាំងឡាយ​កំពុង​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​សកល និង​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​រៀបចំ​កាលវិភាគ​នៃ​ការបំពាក់បំប៉ន​ការវះកាត់​ដោយ​ការចោះ នៅក្នុង​មន្ទីរពេទ្យ​ផ្សេង​ទៀត ដែល​មាន​ទីតាំង​ជា​យុទ្ធសាស្រ្ត​ក្នុង​ប្រទេស​កម្ពុជា ។