flWwwXdrayhNvKNuxEqkTN9OMMjJ09jhXSsY4E1V_w1920.jpeg
Translation

សេចក្ដី​សង្ខេប​នៃ​សុន្ទរកថា​សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៤ ព័ត៌មាន និង​សេចក្តីប្រកាស

សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ធ្វើ​ឡើង​រៀងរាល់​ប្រាំមួយ​ខែ​ម្តង ។ សម័យ​ប្រជុំ​ទាំង​ប្រាំ​នៃ​សន្និសីទ ខែតុលា ឆ្នាំ២០២៤ ( ថ្ងៃទី៥–៦ ខែតុលា ) ត្រូវបាន​ចាក់ផ្សាយ​បន្ត​ផ្ទាល់​ពី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ នៅ​ទីក្រុង សលត៍ លេក ។ ទំព័រ​នេះ​គឺជា​សេចក្ដី​សង្ខេប​នៃ​ការបង្រៀន​ទាំងឡាយ​មកពី​សន្និសីទ ព័ត៌មាន និង​សេចក្តីប្រកាស ។

Downloadable b-roll and sots

Additional photos for media use

ព័ត៌មាន​សន្នសីទ​ទូទៅ

សេចក្ដី​សង្ខេប​សុន្ទរកថា​តាម​សម័យ​ប្រជុំ

អំឡុង​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍​នៃ សន្និសីទ​ទូទៅ នៅ​ថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ប្រធាន ដាល្លិន អេក អូក បាន​រំឭក​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អំពី​បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ឲ្យ​ចៀសវាង​ពី​ការទាស់ទែង​គ្នា និង​ធ្វើជា​ពួកអ្នក​ផ្សះផ្សា​គេ ។

ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គគំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ ដូច្នេះ​ចូរ​យើង​ធ្វើ​តាម​ទ្រង់ដោយ​ពុំ​មាន​ការទាស់ទែង​គ្នា​ឡើយ ។ នៅពេល​យើង​អនុវត្ត​គោលនយោបាយ​ដែល​យើង​ពេញចិត្ត​នៅក្នុង​ទង្វើ​ជា​សាធារណៈ ចូរ​យើង​ធ្វើ​ខ្លួន​ឲ្យ​សម​នឹង​ពរជ័យ​របស់​ទ្រង់​តាមរយៈ​ការ​ប្រើភាសា និង​វិធីសាស្ត្រ​ជា​អ្នក​ផ្សះផ្សា​គេ » ។

ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ដឹកនាំ​សម័យ​ប្រជុំ​នេះ ហើយ​បាន​ដឹកនាំ​ការគាំទ្រ​ដល់ ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​ពួក​អ្នកកាន់​តំណែង​ទូទៅ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ចូលរួម​ក្នុង​សន្និសីទ​ពី​គេហដ្ឋាន​របស់​លោក ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រុសស្រី​ខ្ញុំ​អើយ សេចក្តី​សង្ឃឹម​គឺជា​អំណោយទាន​ដែល​មាន​ជីវិត អំណោយទាន​ដែល​រីកដុះ​ឡើង​នៅពេល​យើង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ » ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ពិសេស​បើ​វា​ស្ថាបនា​នៅលើ​ដំណឹងល្អ​របស់​ទ្រង់​នោះ » ។ ប្រធាន​យុវនារីទូទៅ
អេមីលី បេលី ហ្វ្រីមែន និង​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ ក្រេហ្គូរីយ៉ូ អ៊ី កាស៊ីឡាស អែលឌើរ ខាល ឌី ហើសត៍ និង អែលឌើរ ដេវីឌ ភី ហូមើរ ក៏​បាន​ថ្លែង​អំឡុង​សម័យ​ប្រជុំ​
នេះ​ផងដែរ ។

មជ្ឈមណ្ឌល​សន្និសីទ​មាន​មនុស្ស​ស្ទើរតែ​ពេញ​ទាំងស្រុង ដោយ​មិន​មាន​ការដាក់កំហិត​កន្លែង​អង្គុយ​ទេ ដែល​ជាលើក​ដំបូង​ចាប់តាំង​ពី​សន្និសីទ ខែមេសា ឆ្នាំ២០២០ ដោយ​មាន​តែ​តាម​ឌីជីថល ដែល​ត្រូវបាន​ចាក់ផ្សាយ​ពី​សាលប្រជុំ​តូច​មួយ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩ ។

ក្រុម​ចម្រៀង​រោងឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដែល​ដឹកនាំ​ដោយ ម៉ាក វីលប៊ឺក និង រ៉ាយអ៊ិន ម៉ហ្វី ដោយ​មាន រីឆាដ អ៊ីលៀត និង ប្រាយអែន ម៉ាធៀ លេង​ព្យាណូ​ខ្យល់ ។ ជម្រើស​បទ​របស់​ក្រុមចម្រៀង​រួមមាន « God’s Gracious Love » ( ល.រ.. ១០១៣ ) ចេញពី​សៀវភៅ​ទំនុកតម្កើង​សកល​ថ្មី « Hymns – For Home and Church » ។

អែលឌើរ ជេ គីម៉ូ អេសព្លិន ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​ផ្ដល់​ការអធិស្ឋាន​បើក ហើយ​ការអធិស្ឋាន​បិទ​ដោយ អាយហ្សេក ខេ ម៉ូរីសុន ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បើក​សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍​នៃ​សន្និសីទ​ទូទៅ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដោយ​ចែកចាយ​ដំណើររឿង​ចេញ​ពី​ព្រះគម្ពីរ​មរមន​អំពី​ពួកអ្នក​ប្រែចិត្ត​ជឿ​សាសន៍​លេមិន​របស់​ពួកបុត្រា​របស់​ម៉ូសាយ ដែល​បាន​កប់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​ពួកគេ ។

លោក​បាន​មាន​ប្រសាសន៍​ថា « យើង​អាច​សួរ​ខ្លួន​យើង​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ធ្វើ​តាម​លំនាំ​នេះ ក្នុងការ ‹ ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ [ របស់យើង ] ចុះ › មិនថា​វា​ជា​អ្វី​នោះ​ទេ ហើយ​ក្លាយជា ‹ ប្រែចិត្តជឿ​[ ដល់ ]​ព្រះអម្ចាស់ › ដើម្បី​ឲ្យ​ស្នាម​ប្រឡាក់​នៃ​អំពើបាប និង​បំណងប្រាថ្នា​ធ្វើ​អំពើបាប ត្រូវបាន​យកចេញ​ពី​ដួងចិត្ត​របស់​យើង ហើយ​យើង​នឹង​ពុំ​បោះបង់​ចោល​ឡើយ » ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅខាង​ក្នុង និង​ជុំ​វិញ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និង​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ នៅ​រសៀល​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​មាន​ពន្លឺ​ថ្ងៃ​ចែងចាំង សម្រាប់​សម័យ​ប្រជុំ​ទីពីរ​នៃ​សម័យ​ប្រជុំ​ទាំង​ប្រាំ​នៃ​សន្និសីទ​ទូទៅ​ពាក់​កណ្តាល​ឆ្នាំលើកទី ១៩៤ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

មជ្ឈមណ្ឌល​សន្និសីទ​មាន​មនុស្ស​ស្ទើរតែ​ពេញ​ទាំងស្រុង ដោយ​មិន​មាន​ការដាក់កំហិត​កន្លែង​អង្គុយ​ទេ ដែល​ជាលើក​ដំបូង​ចាប់តាំង​ពី​សន្និសីទ ខែមេសា ឆ្នាំ២០២០ ដោយ​មាន​តែ​តាម​ឌីជីថល ដែល​ត្រូវបាន​ចាក់ផ្សាយ​ពី​សាលប្រជុំ​តូច​មួយ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩ ។

ប្រធាន​សាសនាចក្រ រ័សុល អិម ណិលសុន ដែល​បាន​ប្រារព្ធ​ខួប​គម្រប់​ជន្មាយុ ១០០ ឆ្នាំ​របស់​លោក​ នាថ្ងៃទី៩ ខែកញ្ញា បាន​ចូលរួម​សម័យ​ប្រជុំ​នេះ ដែល​មាន​មនុស្ស​ស្ទើរ​តែ​ពេញ​ទាំងស្រុង​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ ។ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ដឹកនាំ​សម័យ​ប្រជុំ​នេះ ។

ពួកសាវក អែលឌើរ អូលីសេស សូរ៉េស និង​អែលឌើរ ផាទ្រីក ខៀរ៉ុន ក៏​បាន​ថ្លែង​សុន្ទរកថា​ផងដែរ ។

អែលឌើរ សូរ៉េស បាន​មាន​ប្រសាសន៍​ថា « ដើម្បី​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដោយ​មិន​បដិសេធ និង​ដោយ​គ្មាន​ការសង្ស័យ តម្រូវ​ឲ្យ​មាន​ភាព​ជា​សិស្ស​ដ៏​អស្ចារ្យ និង​ប្រកប​ដោយ​វីរភាព » ។

អែលឌើរ ខៀរ៉ុន បាន​បង្រៀន​ថា ដោយសារ​តែ​អំណោយ​នៃ​ភាពសុខសាន្ត និង​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​យើង​អាច​ដកពិសោធន៍​រៀងរាល់​ថ្ងៃ​ឈប់សម្រាក នោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្ថិតនៅក្នុង « សាសនាចក្រ​នៃ​អំណរ » ។

អែលឌើរ ហូសេ អេ តិក្សេរ៉ា ក្នុង​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ ក្នុង​នាម​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ដែល​បាន​ទទួល​ការគាំទ្រ​អំឡុង​សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ២០២៤ ៖ អែលឌើរ ហ្វ័ន ប៉ាប្លូ វីឡា អែលឌើរ ដេវីឌ អិល បាកណឺ អែលឌើរ ឌី ម៉ាទីន ហ្គូរី និង អែលឌើរ អារ៉ូលដូ ប៊ី កាវ៉ាល់ខេនធេ

តន្ត្រី​សម្រាប់​សម័យ​ប្រជុំ​នេះ​ត្រូវបាន​ផ្ដល់​ដោយ​ក្រុមចម្រៀង​កុមារ ដែល​មាន​កុមារ​អាយុ ៨ ដល់ ១២ ឆ្នាំ មក​ពី​ស្តេក​ទាំងឡាយ​នៅក្នុង​រដ្ឋ​យូថាហ៍​ភាគ​ខាង​ត្បូង និង​ដឹកនាំ​ដោយ ឡេសលី វ៉កឃើរ ដោយ​មាន យ៉ូសែប ភីពល និង លីនដា ម៉ាហ្គែត ជា​អ្នក​លេង​ព្យាណូ​ខ្យល់ ។ ក្រុមចម្រៀង​ស្លៀកពាក់​ពណ៌ស បាន​ច្រៀង​ជម្រើស​បទ​មួយ​ចំនួន​មក​ពី សៀវភៅ​ទំនុកតម្កើង​សកល​ថ្មី រួមទាំង​បទ « Gethsemane » ( ល.រ. ១០០៩ ) និង « When the Savior Comes Again » ( ល.រ. ១០០២ ) ផងដែរ ។

អែលឌើរ ស៊ាយរ៉ូ ឈឺម៉ែល ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ប្រធាន​អង្គការ​បឋម​សិក្សា ស៊ូសាន អេច ផតធ័រ បាន​ផ្ដល់​ការអធិស្ឋាន​បើក និង​បិទ​រៀងៗ​ខ្លួន ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ចៀសវាង​ពី​អំពើបាប​នៃ​ភាពឆ្មើងឆ្មៃ​ដោយ​ការសិក្សា និង​រៀន​មេរៀន​មកពី​ព្រះគម្ពីរ​មរមន ដែល​បាន​បង្រៀន​ដោយ​អែលឌើរ ដេវីឌ អេ បែដណា អំឡុង​សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍ នៃ​សន្និសីទ​ទូទៅ នា​ថ្ងៃទី៥ ខែតុលា ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា ប្រសិនបើ​អ្នក ឬ​ខ្ញុំ​ជឿ​ថា​យើង​រឹងប៉ឹង និងមាំមួន​គ្រប់គ្រាន់​ដើម្បី​ចៀសពី​ភាពល្ងង់ខ្លៅ​នៃ​ភាពឆ្មើងឆ្មៃ នោះ​ប្រហែលជា​យើង​កំពុង​រងទុក្ខ​ដោយសារ​ជំងឺ​ដែល​អាច​ស្លាប់​ខាង​វិញ្ញាណ​ហើយ » ។

លោក​មាន​ប្រសាសន៍​ទៀត​ថា « ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរ​ដោយ​រាបសា​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​យើង​នឹង​ចៀសផុត ហើយ​យកឈ្នះ​លើ​ភាពឆ្មើងឆ្មៃ ហើយ​មាន​ភាព​សុខសាន្ដ​នៅក្នុង​ទ្រង់ » ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ បាន​ដឹកនាំ​សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​មជ្ឈមណ្ឌល​សន្និសីទ ជា​កន្លែង​ដែល​សាសនាចក្រ​ពុំមាន​កំណត់​កន្លែង​អង្គុយ​សម្រាប់​សន្និសីទ​នេះ​ឡើយ ។

អែលឌើរ ដេណិលសុន ស៊ីលវ៉ា និង​អែលឌើរ រ៉ូប៊ើត អិម ដេនស៍ ទាំងពីរ​នាក់​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​ផ្ដល់​ការអធិស្ឋាន​បើក និង​បិទ​រៀងៗ​ខ្លួន ។

អ្វី​ដែល​ពិសេស​ក្នុង​សម័យ​ប្រជុំ​នេះ​គឺ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ និង​ស៊ីស្ទើរ​ដែល​កំពុង​បម្រើ​នៅ​តំបន់​យូថាហ៍ ដឹកនាំ​ដោយ ខូរី មេនដិនហល និង ឆេមេន អេវិនស៍ ជាមួយ​នឹង លីនដា ម៉ាហ្គែត និង យ៉ូសែប ភីពល ជាអ្នក​លេង​ព្យាណូ​ខ្យល់ ។ ជម្រើស​ទំនុកតម្កើង​ពីរ​របស់​ក្រុមចម្រៀង​គឺ​មក​ពី​សៀវភៅ​ទំនុកតម្កើង​ថ្មី « Hymns—For Home and Church » ថ្មី ។ « I Will Walk With Jesus » ( ល.រ. ១០០៤ ) និង « Come, Lord Jesus » ( ល.រ. ១០១៨ ) ។

កម្លាំង​អ្នកផ្សព្វផ្សាយ​សាសនា​ជា​សកល​របស់​សាសនាចក្រ​បាន​មាន​ចំនួន​កើនឡើង​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ដោយ​មាន​បេសកកម្ម​ចំនួន ៤៥០ នៅ​ទូទាំង​ពិភពលោក និង​ចំនួន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដែល​កំពុង​បម្រើ កំពុង​ឈាន​ដល់ និង​កំពុង​កើន​ឡើង​លើស​ពី​ចំនួន​កាល​ពី​មុន​មាន​ជំងឺ​រាតត្បាត ។

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការបង្រៀន​ភាពសាមញ្ញ​នៃ​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អំឡុង​សន្និសីទ​ទូទៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាថ្ងៃទី៦ ខែតុលា ។

នៅ​ចុងបញ្ចប់​នៃ​សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៤ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវតែ​ចៀសវាង​ការប៉ាន់ស្មាន ឬ​ការបកស្រាយ​ផ្ទាល់ខ្លួន ដែល​ហួសពី​ការបង្រៀន​គោលលទ្ធិ​ពិត » ។

លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ការបង្រៀន​ពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ — សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការតស៊ូ​ដល់​ទីបញ្ចប់ — គឺជា​កិច្ចការ​ដ៏​ពិសិដ្ឋ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនេះ ។

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​អំពី​កិច្ចការ​ដ៏​ពិសិដ្ឋ​នៃ​ការបង្រៀន​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នូវ​គោលលទ្ធិ​ដ៏​សាមញ្ញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​យើង​បានស្អាត​ខាងវិញ្ញាណ ហើយ​នៅ​ទីបំផុត​ត្រូវបាន​ស្វាគមន៍​ទៅក្នុង​វត្តមាន​របស់​ព្រះ ដើម្បី​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់​ដោយ​សិរី​រុងរឿង​ជា​រៀងរហូត » ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​អំពី « គោលការណ៍ និង​ពិធីបរិសុទ្ធ » ជា​មូលដ្ឋាន​ដែល​កំណត់​លក្ខណៈ​ដោយ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

« សេចក្ដីជំនឿ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ជ្រមុជ​ទៅក្នុង​ទឹក​ដោយ​ដៃ​របស់​បុរស​ម្នាក់​ដែល​មាន​សិទ្ធិអំណាច​ពី​ព្រះ​ដើម្បី​ធ្វើ​ដូច្នោះ ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ផ្នែក​មួយ​នៃ​ការបញ្ជាក់​របស់​បុគ្គល​ម្នាក់​ចូល​ទៅក្នុង​សាសនាចក្រ ហើយ​ទទួលយក​ពរជ័យ​ដ៏​ពិសិដ្ឋ​របស់​យើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​—​ទាំងនេះ​គឺជា​គ្រឹះ​នៃ ‹ គោលការណ៍ និង​ពិធីបរិសុទ្ធ › ដែល​កំណត់​ពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​អ្នក​ជិតខាង ហើយ​កំណត់​អំពី​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី « ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​បម្រើ រួបរួម​ជាមួយ​សមាជិក និង​មិត្តភក្តិ និង​ដើម្បី​ណែនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដល់​មនុស្ស​កាន់តែ​ច្រើន​ជាង​ពេល​មុនៗ » នៅក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ ។

ឱកាស​នា​ពេល​ខាងមុខ​រួមមាន​ចំនួន​នៃ​ការសម្ពោធ និង​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខួប​គម្រប់​ពីររយ​ឆ្នាំ​នៃ​ការបង្កើត​សាសនាចក្រ​នៅ​ឆ្នាំ២០៣០ និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០៣៤ នៅ​ឯទីក្រុង សលត៍ លេក ។

អ្នក​ថ្លែង​សុន្ទកថា​ផ្សេង​ទៀត​នៅក្នុង​សម័យ​ប្រជុំ​នេះ​គឺ ប៊ីស្សព អិល ថត បាជច៍ ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប៊ីស្សព​ជាអធិបតី អែលឌើរ ប្រ៊ូក ភី ហេលស៍ ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ បងប្រុស ប្រ៊ាតលី អ័រ វិលខក់ ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ និង​ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​ដឹកនាំ​សម័យ​ប្រជុំ​នេះ ដែល​មាន​មនុស្ស​ស្ទើរ​តែ​ពេញ​ទាំងស្រុង​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ ។

ការអធិស្ឋាន​ត្រូវបាន​ផ្ដល់​ដោយ អែលឌើរ ចូណាថាន អេស ឈ្មីត ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ និង​បងប្រុស ឆាត អេច វិប ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ។

តន្ត្រី​ត្រូវបាន​ផ្ដល់​ឲ្យ​ដោយ​ក្រុមចម្រៀង​រោងឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដែល​ដឹកនាំ​ដោយ ម៉ាក វីលប៊ឺក ដោយ​មាន អានឌ្រូ អាន់ស្វើស និង រីឆាដ អ៊ីលៀត ជា​អ្នក​លេង​ព្យាណូ​ខ្យល់ ។ ជម្រើសបទ​មួយ​របស់​ក្រុមចម្រៀង​គឺ « My Shepherd Will Supply My Need » ( ល.រ. ១០១៤ ) មកពី​សៀវភៅ​ទំនុកតម្កើង​សកល​ថ្មី « Hymns—For Home and Church »

នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៤ ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ « ឧទ្ទិស​ជីវិត​របស់​បងប្អូន​សាជា​ថ្មី​ថ្វាយ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » និង​រៀបចំ​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ទ្រង់ ដោយ​ការទៅ​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។

លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​ជា​ការសន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន ៖ អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដីមេត្តា​របស់​ទ្រង់ ។ បងប្អូន​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​គួរ​ឲ្យ​រំខាន​បំផុត​របស់​បងប្អូន ។ បងប្អូន​នឹង​យល់​កាន់តែ​ច្បាស់​អំពី​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។

ដោយ​សង្កត់ធ្ងន់​ពី​តួនាទី​របស់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ការជួយ​រៀបចំ​ពួកបរិសុទ្ធ​ឲ្យ​រៀបចំ​ពិភពលោក​នេះ ប្រធាន ណិលសុន បាន​កត់សម្គាល់​ពី « ល្បឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក » នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ លោក​បាន​ប្រកាស​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៧ ហើយ​បាន​មាន​ប្រសាសន៍​ថា ការជួសជុល​ព្រះវិហារ​បរិសុទ្ធ និង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នឹង​ត្រូវ​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ២០២៦ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានដឹកនាំ​សម័យ​ប្រជុំ​នេះ​ចេញពី​មជ្ឈមណ្ឌល​សន្និសីទ​ដែល​មាន​មនុស្ស​ស្ទើរ​តែ​ពេញ​ទាំងស្រុង ដោយ​មាន​អ្នកចូលរួម​ជិត ១០០,០០០ នាក់​នៅ​ទីនោះ ក្នុង​កន្លែង​ដែល​បម្រុង​ទុក​សម្រាប់​ពេល​លើស​ចំនួន និង​នៅ​ជុំវិញ​ទីធ្លា​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​អញ្ជើញ​អ្នកស្ដាប់​ឲ្យ​ចិញ្ចឹម​បីបាច់​សេចក្ដី​ជំនឿ និង​ការតាំងចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ជំនឿ​រឹងមាំ នៅ​ពេល​វា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​បទពិសោធន៍​ផ្ទាល់​ខ្លួន ការប្តេជ្ញា​ផ្ទាល់​ខ្លួន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​មិន​ផ្តេកផ្តួល​ទៅ​លើ​ទំនៀម​ទម្លាប់​របស់​យើង ឬ​អ្វី​ដែល​អ្នក​ដទៃ​និយាយ​ឬ​ធ្វើ​ឡើយ » ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការគាំទ្រ​ព្យាការី ប្រធាន ណិលសុន ដោយ​ការធ្វើតាម​ដំបូន្មាន​របស់​លោក និង​ការបង្រៀន​ពាក្យ​សម្ដី​របស់​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​ត្រូវការ​ការលើកឡើង​ដោយ​ព្រះអម្ចាស់​តាមរយៈ​សេចក្ដី​សុខសាន្ត ការលួងលោម​ចិត្ត ហើយ​សំខាន់​បំផុត​គឺ​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​តតាំង​នឹង​សេចក្ដី​ភ័យខ្លាច សេចក្ដី​ងងឹត និង​ការឈ្លោះ​ប្រកែក​គ្នា​ជុំវិញ​ពិភពលោក » ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​ក្នុង​ការកសាង​សេចក្ដី​ជំនឿ ។ « រួមផ្សំ​ជាមួយ​ការបង្រៀន​របស់​ព្យាការី​ដែល​នៅ​រស់ ព្រះគម្ពីរ​ពិសិដ្ឋ​ទាំង​នេះ​ផ្តល់​នូវ​ការណែនាំ​ខាង​គោលលទ្ធិ​សម្រាប់​យើង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ ព្រះគម្ពីរ​ទាំង​នេះ​ពោរពេញ​ដោយ​ព្រះចេស្តា នៅ​ពេល​ព្រះគម្ពីរ​ទាំងនេះ​ផ្តល់​នូវ​ការបង្ហាត់ ការប្រដៅ​តម្រង់ ការលួងលោម និង​ការលួងចិត្ត​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ដែល​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ » ។

អ្នក​ថ្លែង​សុន្ទរកថា​ផ្សេងទៀត​នៅក្នុង​សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍​នេះ​គឺ អែលឌើរ តាកាស្ស៊ី វ៉ាដា អែលឌើរ រ៉ូប៉េន វី អាល់លៀដ និង អែលឌើរ អាយ រ៉េម៉ុន អេហ្គបូ ទាំងអស់​គឺជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

អែលឌើរ អាម៉េឌ អេស ខ័របីត ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​ផ្ដល់​ការអធិស្ឋាន ។

ក្រុម​ចម្រៀង​រោងឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដែល​ដឹកនាំ​ដោយ ម៉ាក វីលប៊ឺក និង រ៉ាយអ៊ិន ម៉ហ្វី ដោយ​មាន ប្រាយអែន ម៉ាធៀ និង អានឌ្រូ អាន់ស្វើស ជាអ្នកលេង​ព្យាណូ​ខ្យល់ បាន​ផ្ដល់​តន្ត្រី​សម្រាប់​សម័យ​ប្រជុំ​នេះ ។ ជម្រើសបទ​របស់​ក្រុមចម្រៀង​រួមមាន « Think a Sacred Song » ( ល.រ. ១០០៦ ) ជា​ទំនុកតម្កើង​ទីប្រាំបី​ដែល​ត្រូវបាន​ច្រៀង​ក្នុង​សន្និសីទ​នេះ​ដែល​ចេញ​មកពី​សៀវភៅ​ទំនុកតម្កើង​សកល​ថ្មី « Hymns – For Home and Church » ។

តើ​ខ្ញុំ​អាច​មើល ឬ​ស្ដាប់​ពេល​ក្រោយ​ដោយ​របៀប​ណា ?

បន្ទាប់​ពី​ការចាក់ផ្សាយ​នេះ សារលិខិត​ទាំងឡាយ​នឹង​មាន​ជា​ទម្រង់​អត្ថបទ សំឡេង និង​វីដេអូ​នៅ​លើ​បណ្ដាញ​នានា​ច្រើន​ជាង ៧០ ភាសា​សម្រាប់​ការមើល​តាម​តម្រូវការ និង ការសិក្សា ។ បណ្ដាញ​ទាំងនេះ​រួមមាន បណ្ណាល័យដំណឹងល្អ, Media Library, General Conference YouTube channel, Gospel Stream និង ទស្សនាវដ្ដីសាសនាចក្រ

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.