Translation

សេចក្ដី​សង្ខេប​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃសៅរ៍​សម្រាប់​សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ២០២៦

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទូទាំង​ពិភពលោក​បានគាំទ្រជា​ផ្លូវការថា​ជា​ព្យាការី ជា​អ្នកមើលឆុត ជា​អ្នក​ទទួល​វិវរណៈ និង​ជា​ប្រធាន​សាសនាចក្រ គឺប្រធាន ដាល្លិន អេក អូក និង​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ ដែល​មាន​ប្រធាន ហែនរី ប៊ី អាវរិង និង​ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​អំឡុងពេល​នៃ​ជំនុំ​មុតមាំ​នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ។

ដោយ​សំដៅទៅ​លើ​ជំនុំ​មុតមាំ​គឺជា « ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ » ប្រធាន អូក បាន​មាន​ប្រសាសន៍​នៅក្នុង​សុន្ទរកថា​បើក​នៃ​សន្និសីទ​ទូទៅ​ខែមេសា ឆ្នាំ២០២៦ របស់​លោក​ថា « ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​នៅក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ទាំងនោះ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​វិធី​នេះ » ហើយ​បង្ហាញ​អំណរគុណ​ចំពោះ​ការលើកដៃ​គាំទ្រ ការអធិស្ឋាន ការផ្ដល់​ជំនួយ​គាំទ្រ និង​ការបម្រើ​របស់​សមាជិក​សាសនាចក្រ ។

លោក​បាន​បញ្ចប់​ថា « នា​រដូវកាល​បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំ​សូម​អះអាង​ជាថ្មី​នូវ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះសិរ​នៃ​សាសនាចក្រ​នេះ » ។

ប្រធាន គ្រីស្តូហ្វឺសិន បានដឹកនាំ​សម័យ​ប្រជុំ​នៅ​ឯមជ្ឈមណ្ឌល​សន្និសីទ​នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។ មនុស្ស​ជាង ២០,០០០ នាក់​បានចូលរួម​ដោយផ្ទាល់​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅ​ឯ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

ស្តីពី​ប្រធានបទ​នៃ​ការអធិស្ឋាន ប្រធាន អាវរិង បានមាន​ប្រសាសន៍​ថា ទោះបីជា​ពិភពលោក​ហាក់ដូចជា​ពោរពេញ​ដោយ​ភាពចលាចល​ក៏ដោយ ក៏​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​នៅ​ទូទាំងពិភព​លោក​បាន​អធិស្ឋាន​ទៅកាន់​ស្ថានសួគ៌​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផងដែរ ដោយ​ការអង្វរ​ព្រះអម្ចាស់​ទូលសុំ​ជំនួយ ការលួងលោម ការដឹកនាំ និង​សេចក្តីសុខសាន្ត​ដែរ ។ ការបើក​ទ្វារ​នៃ​ស្ថានសួគ៌​តាមរយៈ​ការអធិស្ឋាន​ដ៏​ក្លៀវក្លា មិន​តម្រូវឲ្យ​ប្រើ​ពាក្យ​សម្ដី ឬ​ភាសា​ដ៏​ស្រទន់​ច្រើន​ហូរហែ​នោះទេ ។

សូម្បីតែ​នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​មិន​មាន​អារម្មណ៍​ចង់​អធិស្ឋាន ឬ​មិន​ដឹង​ថា​ត្រូវនិយាយ​អ្វី​ក៏ដោយ ព្រះអម្ចាស់​ទ្រង់​ស្តាប់ឮ​ការអធិស្ឋាន​ដ៏​សម្ងាត់​នៃ​ដួងចិត្ត​របស់​ពួកគេ ។ លោក​បាន​មាន​ប្រសាសន៍​ថា ដោយសារតែ​ការយក​ព្រះទ័យ​ទុកដាក់​ពេញ​ដោយក្តី​ស្រឡាញ់​របស់​ទ្រង់ « នៅពេល​យើង​អធិស្ឋាន​ឥត​ឈប់ឈរ មិនថា​កាលៈទេសៈ​នៃ​ជីវិត​យ៉ាងណា​នោះទេ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ភាពសុខសាន្ត និង​ការគាំទ្រ​ដ៏​ស្ថិតស្ថេរ​ដល់​យើង » ។

អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន​ថា ការបម្រើ​របស់​យើង​គឺជា​ជម្រើស ជា​ដង្វាយ​ដល់​ព្រះ និង​ជា​ពរជ័យ ។ លោក​បាន​មាន​ប្រសាសន៍​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​បម្រើ មិនមែន​អំពី​កន្លែង​បម្រើ​ទេ​ដែល​សំខាន់​ចំពោះ​ទ្រង់​នោះ ។ ព្រះអម្ចាស់​ធ្វើការ​ជាមួយ​អ្នកបម្រើ​ដែល​មិន​ឥតខ្ចោះ ហើយ​ការហៅ​ខ្លះ​តម្រូវ​ឲ្យ​មាន​ការពង្រីក​សមត្ថភាព ។

លោក​បាន​មាន​ប្រសាសន៍​ថា « ការហៅ​ពី​ព្រះអម្ចាស់​គឺជា​ការរៀបរៀង​យ៉ាង​ពិសេស​សម្រាប់​ការរីកចម្រើន​របស់​យើង ។ កាលណា​យើង​បន្ទាប​ខ្លួន​យើង គិតពី​អ្នកដទៃ​មុន​ខ្លួនឯង ហើយ​រៀន​ថា កាលណា​យើង​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​យើង​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​យើង​តែ​ប៉ុណ្ណោះ » ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​១២​ព្រះវស្សា បាន​មាន​បន្ទូល​ថា ទ្រង់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់ ។ អែលឌើរ ខៀរ៉ុន បាន​មាន​ប្រសាសន៍​ថា « ទ្រង់​ត្រូវការ​បងប្អូន ហើយ​ទ្រង់​ក៏​ត្រូវការ​ខ្ញុំ​ដែរ ។ ជីវិត​នឹង​ប្រសើរ​ឡើង—អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង— នៅពេល​យើង​នៅក្នុង​កិច្ចការ​របស់​ទ្រង់ » ។

gen-conf-26
gen-conf-26
ព្រះអាទិត្យរះពីលើព្រះវិហារបរិសុទ្ធ សលត៍ លេក ដែលកំពុងជួសជុលឡើងវិញ ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ការប្រកាន់ខ្ជាប់​ខាងវិញ្ញាណ​គឺ​លើសពី​ការគ្រាន់តែ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​បំពេញ​កាតព្វកិច្ច ឬ​បញ្ហា​ប្រឈម​ដ៏លំបាក​ទៅ​ទៀត ។

លោក​បាន​មាន​ប្រសាសន៍​ថា « ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺជា​ដំណើរ​ស្វែងរក​ដ៏​រីករាយ​ពេញ​មួយ​ជីវិត ។ ជា​ការឈាន​ទៅមុខ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ដំណើរការ​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ទទួល​ជំនួយ​ពី​ទ្រង់​បន្តិច​ម្តងៗ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ នៅពេល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដុះដាល​កាន់តែ​រឹងមាំ និង​ជ្រាលជ្រៅ​ជាងមុន នោះ​យើង​អាច​មាន​ពរ​ឲ្យ​ទទួល​បាន​ទស្សនវិស័យ​ខាង​វិញ្ញាណ ព្រះគុណ​ដ៏មាន​ឫទ្ធានុភាព​របស់​ព្រះអម្ចាស់ និង​អំណរ​ដ៏អស្ចារ្យ និង​មិន​អាច​ពិពណ៌នា​បាន » ។

លោក​បាន​ថ្លែង​ទីបន្ទាល់​ថា អំណាច​នៃ​គោលលទ្ធិ សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ ព្រមទាំង​គំរូ​របស់​ទ្រង់ អាច​ប្រទាន​ពរ​ដល់​យើង​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅក្នុង​សុន្ទរកថា​ជាលើក​ដំបូង​ក្នុង​សន្និសីទ​ទូទៅ​ក្នុងនាម​ជា​សាវក​បាន​បង្រៀន​ថា នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​វង្វេង​ផ្លូវ​ខាងវិញ្ញាណ ហើយ​ធ្វើ​ខុស ព្រះអង្គ​សង្គ្រោះ​ជួសជុល​ចន្លោះ​ប្រហោង​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ ។

មនុស្ស​មួយចំនួន​មិន​រក​ផ្លូវ​ទៅ​ផ្ទះ​វិញភ្លាម​ៗ​ទេ ព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​មាន​កម្មសិទ្ធិ មាន​អារម្មណ៍​ថា​មិន​គ្រប់គ្រាន់ ពុះពារ​នឹង​ការសង្ស័យ ឬ​ត្រូវ​បាន​កំណត់​ដោយ​ប្រពៃណី ។ ប៉ុន្តែ​សំណួរ​ដ៏​ស៊ីជម្រៅ​នៃ​ជីវិត​មិន​រលាយបាត់​ឡើយ ។

ព្យាការី​បាន​បង្រៀន​ថា ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចាប់ផ្តើម​ដោយ​ត្រឡប់​មក​ពឹងផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ​វិញ ។

លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​មាន​ការលំបាក ហើយ​យើង​ត្រូវការ​ការអត់ធ្មត់ ការបម្រើ និង​សេចក្ដី​ស្រឡាញ់​ពី​គ្នា​ទៅ​វិញ​ទៅមក ។ ចំពោះ​បងប្អូន​ដែល​កំពុង​ព្យាយាម​ជួយ​អស់​អ្នក​ដែល​យើង​ស្រឡាញ់ សូម​កាន់​ខ្ជាប់​នូវ​សេចក្តីពិត ហើយ​សូម​រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន ។ ចំពោះ​បងប្អូន​ដែល​កំពុង​ជួប​បញ្ហា​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ សូម​ដឹងថា ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន​កំពុង​ហៅ​បងប្អូន​ឲ្យ​ត្រឡប់​មក​វិញ ។ នៅ​ទីបំផុត មនុស្ស​គ្រប់​គ្នា​ត្រូវតែ​ធ្វើការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ » ។

gen-conf-26
gen-conf-26
អ្នកចូលរួមសន្និសីទប្រមូលផ្ដុំគ្នា ពីមុនសម័យប្រជុំព្រឹកថ្ងៃសៅរ៍នៃសន្និសីទទូទៅ ។2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា ពួកសិស្ស​របស់​ព្រះយេស៊ូវ​មាន​ពរជ័យ និង​ការទទួល​ខុសត្រូវ​ក្នុង​ការផ្តល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ និង​ការមាន​ចំណែក​របស់​ទ្រង់​ដល់​អ្នកដទៃ ។ នៅពេល​ផ្ដល់​ការងារបម្រើ​ដោយ​សេចក្ដីជំនឿ ព្រះអម្ចាស់​បាន​សន្យា​​ថា ទ្រង់​នឹង​គង់នៅ​ជាមួយ​អស់​អ្នក​ដែល​កំពុង​ផ្ដល់​ការងារបម្រើ​ទាំងនោះ ។

« ប្រសិនបើ​បងប្អូន​ចង់​មាន​អារម្មណ៍​ថា​មាន​មូលដ្ឋាន​រឹងមាំ ទទួល​បាន​អារម្មណ៍​នៃ​ការមាន​ចំណែក​ដ៏​ទេវភាព និង​ធ្វើ​ការផ្លាស់ប្តូរ​ពិតប្រាកដ​នៅក្នុង​ពិភពលោក ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​បងប្អូន​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​បម្រើ​ក្នុង​ព្រះនាម​របស់​ទ្រង់ » ។

អែលឌើរ មីហ្គែល ចន យូ ថេ ពួក​ចិតសិបនាក់​បានថ្លែង​ទីបន្ទាល់​ថា នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​ធ្វើ​តាម​ការបង្រៀន​របស់​ព្យាការី និង​ពួកសាវក​ដែល​នៅរស់ នោះ​ពួកគេ​កំពុង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​ខិតខំ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​នឹង​ប្រើ​ខ្ញុំ​ដើម្បី​ប្រទាន​ពរ​ដល់​អ្នកដទៃ ។ តាមរយៈ​គំរូ និង​ការបម្រើ​របស់​ខ្ញុំ​ដល់​អ្នកដទៃ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ » ។

ថ្លែង​អំពី​ប្រធានបទ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​ដ៏​ល្អឥតខ្ចោះ​នៃ​ការដាក់​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ប្រាកដ​ថា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់ និង​ដង្វាយ​ផ្សេងៗ​នឹង​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​យើង នៅពេល​យើង​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ហើយ​ថ្វាយ‹ កូន​សត្វ​ច្បង​នៃ​ហ្វូងចៀម ›របស់​យើង » ។

ការអធិស្ឋាន​ត្រូវបាន​ផ្ដល់​ដោយ​អែលឌើរ អែលឌើរ ម៉ៃខល ប៊ី. ស្រ្ដង និង​អែលឌើរ គ្រីស្តូហ្វើរ អេច គីម ដែល​លោក​ទាំងពីរ​នាក់​ជា​សមាជិក​នៃ​ពួក​ចិត​សិប​នាក់ ។ តន្ត្រី​ត្រូវបាន​ផ្តល់​ដោយ​ក្រុម​ចម្រៀង​រោងឱបោសថ​នៅឯវិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដឹកនាំ​ដោយ ម៉ាក វីលប៊ើក និង រ៉ាយអិន មឺហ្វី និង​អម​ដោយ​អ្នកលេង​ព្យ៉ាណូ​ខ្យល់ ប្រាយអែន ម៉ាធៀ និង អាន់ឌ្រូ អាន់ស្វើស ។

សេចក្តីសង្ខេប​ពី​សុន្ទរកថា​របស់​អ្នក​ឡើង​និយាយ​ម្នាក់ៗ ( តាម​លំដាប់​លំដោយ​អ្នក​ឡើង​និយាយ )

  • ប្រធាន ដាល្លិន អេក អូក ៖ ‹ សេចក្តីផ្ដើម ›
  • អែលឌើរ ផាទ្រីក ខៀរ៉ុន ៖ ‹ កិច្ចការ​របស់​ទ្រង់ ›
  • ស៊ីស្ទើរ គ្រីស្ទីន អិម យី ៖ ‹ ការងារ​បម្រើ—« ចូរ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ » ›
  • អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ‹ មក​ផ្ទះ​វិញ ›
  • អែលឌើរ ដេវីឌ អេ បែដណា ៖ ‹ អស់​អ្នកណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ›
  • អែលឌើរ មីហ្គែល ចន យូ ថេ ៖ ‹ ធ្វើ​តាម​ព្យាការី គាត់​ស្គាល់​ផ្លូវ​ត្រូវ ›
  • អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា ៖ ‹ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់—ការដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ›
  • ប្រធាន ហែនរី ប៊ី អាវរិង ៖ ‹ ការអធិស្ឋាន​សម្រាប់​ភាពសុខសាន្ត ›