Translation

ស្នាម​ញញឹម​ដ៏​ធំ​សម្រាប់​កុមារ​កម្ពុជា

នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានបរិច្ចាគ​ឧបករណ៍​វះកាត់​ដែល​ត្រូវការ​ជាច្រើន​ដល់​បេសកកម្ម​វះកាត់​នៃ​អង្គការ​ស្នាមញញឹម​កម្ពុជា នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។ វត្តមាននៅក្នុងកម្មវិធីនោះ ​មាន​នាយក​ប្រតិបត្តិ​អង្គការ​ស្នាមញញឹម​កម្ពុជា លោក ចាន់ កុកចយ វេជ្ជបណ្ឌិត​វះកាត់ លោក​វេជ្ជបណ្ឌិត នូ សារុំ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល ចាក លី និង​អ្នក​មើល​ការខុសត្រូវ ផុន បូរ៉ា រួមជាមួយ​បុគ្គលិក​មន្ទីរពេទ្យ និង​អ្នក​ផ្គត់ផ្គង់​ផ្សេង​ទៀត ។ មាន​វត្តមានមកពី​សមាគម​និកាយ អនុប្រធាន កញ្ញា​ យន សូផាណែត លោក អ៊ុល ភន់ ជា​ប្រធាន​ស្តេក​ខាងត្បូង​ភ្នំពេញកម្ពុជា និង​គូស្វាមី​ភរិយា​ស្ម័គ្រចិត្ត​ពេញម៉ោង​ក្នុង​សាសនាចក្រ អែលឌើរ នែល និងស៊ីស្ទើរ ខារ៉ូល អាន ឃ្លីងជឺ ព្រមទាំង​អែលឌើរ ឃឹមបឹល និង​ស៊ីស្ទើរ ស៊ូសាន ហារីស ក៏​បាន​ចូល​រួម​ផងដែរ ។

IMG_5281.jpeg
IMG_5281.jpeg
បថតថតក្នុងពិធីប្រគល់-ទទួលបរិក្ខារវះកាត់ពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដល់បេសកកម្មវះកាត់នៃអង្គការស្នាមញញឹមកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អង្គការ​ស្នាមញញឹម​កម្ពុជា គឺជា​អង្គការ​ដែល​មាន​មូលដ្ឋាន​ស្ម័គ្រចិត្ត​ទាំងស្រុង ដែល​ផ្តល់​ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នកជំងឺ​ដែល​មាន​បញ្ហា​ដូចជា ឆែប​បបូរមាត់ ឆែប​ក្រអូម​មាត់ និង​បញ្ហា​មុខ​ផ្សេងៗ​ទៀត ។ ក្រៅពី​ការព្យាបាល​ដោយ​ការវះកាត់ ជំនួយ​របស់​ពួកគេ​រួមមាន​អាហារ​សម្រាប់​អ្នកជំងឺ និង​ក្រុមគ្រួសារ ការថែទាំ​តាមដាន និង​ការព្យាបាល​ការនិយាយ ។ ដោយ​ជា​ផ្នែក​មួយ​របស់​អង្គការ​ស្នាម​ញញឹម​ប្រចាំ​តំបន់​អាស៊ី ពួកគេ​ផ្តល់​សេវាកម្ម​ទាំងនេះ​ដល់​អ្នក​ជំងឺ​នៅក្នុង​ទីក្រុង​ភ្នំពេញ តាម​បណ្ដា​ខេត្ត​នៃ កម្ពុជា និង​តំបន់​អាស៊ី ។ លោក​នាយក កុកចយ បាន​ចែកចាយ​ថា មក​ទល់​នឹង​ពេល​នេះ​អង្គការ​ស្នាមញញឹម​កម្ពុជា បានធ្វើ​ការវះកាត់​ជាង ៥,៤០០ ដង​មកហើយ ។

IMG_5267.jpeg
IMG_5267.jpeg
លោក ចាន់ កុកចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា ជួបជាមួយនឹងអនុប្រធាន កញ្ញា យន សូផាណែត មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងពិធីប្រគល់-ទទួលអំណោយបរិក្ខារវះកាត់ពីសាសនាចក្រ ដល់អង្គការស្នាមញញឹមកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក​នាយក កុកចយ បាន​មាន​ប្រសាសន៍​ថា « យើង​ពិត​ជា​មាន​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សមាគម​និកាយ​ក្នុងការ​នាំ​យក​សេវាកម្ម​ដែល​ត្រូវការ​ច្រើន​ទាំងនេះ​មកកាន់​ប្រទេសកម្ពុជា និង​តំបន់​អាស៊ី » ។ លោក កុកចយ បាន​ពន្យល់​ថា នៅពេល​ដែល​អង្គការ​ស្នាម​ញញឹម​កម្ពុជា មិន​ប្រើ​ឧបករណ៍​វះកាត់​ទាំងនេះ នោះ​ផ្នែក​វះកាត់​ផ្សេងៗ​ទៀត​នៅក្នុង​មន្ទីរពេទ្យ​ជា​អ្នកប្រើប្រាស់​ឧបករណ៍​ទាំងនោះ ។

លោក​វេជ្ជបណ្ឌិត នូ សារុំ បានពន្យល់​ពី​ការប្រើប្រាស់​គ្រឿងបរិក្ខារ​នីមួយៗ និង​សារៈសំខាន់​នៃ​ការរក្សា​អ្នកជំងឺ​ឲ្យ​មាន​សុវត្ថិភាព ។ លោក​បាន​ចែកចាយ​ថា ឧបករណ៍​ថ្មី​មួយ​ចំនួន​នឹង​ជំនួស​ឧបករណ៍​ចាស់ៗ​ដែល​ត្រូវ​ប្តូរ​ចេញ​បន្តិចម្តងៗ ហើយ​នឹង​ផ្តល់​នូវ​សមត្ថភាព​វះកាត់​ថ្មី​ដែល​ត្រូវការ​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​ការថែទាំ​អ្នកជំងឺ​បាន​ប្រសើរ​ឡើង ។

IMG_5223.jpeg
IMG_5223.jpeg
លោកវេជ្ជបណ្ឌិត នូ សារុំ មកពីបេសកកម្មវះកាត់នៃអង្គការស្នាមញញឹមកម្ពុជា ពន្យល់ពីគម្រោងប្រើប្រាស់ឧបករណ៍បរិក្ខារពេទ្យដែលបានបរិច្ចាគក្នុងពិធីប្រគល់-ទទួលបរិក្ខារពេទ្យកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

កញ្ញា យន សូផាណែត បានថ្លែង​អំណរគុណ​ដល់​អង្គការ​ស្នាម​ញញឹម​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​ផ្តល់​ការគាំទ្រ​ដល់​ពួកគេ ។ នាង​បាន​ពន្យល់​ថា « យើង​ជឿ​ថា យើង​ទាំងអស់​គ្នា​ជា​បុត្រាបុត្រី​របស់​ព្រះ និង​ជា​បងប្អូន​នឹង​គ្នា ។ ការបរិច្ចាគទាំងនេះ គឺ​អាច​ធ្វើ​ទៅបាន​ដោយសារតែ​ការបរិច្ចាគ​ពី​សមាជិក​នៃ​សមាគម​និកាយ​ដែល​បាន​តម​អាហារ​ពីរ​ពេល និង​បរិច្ចាគ​តម្លៃ​នៃ​អាហារ​ទាំងនោះ​ដើម្បី​ជួយ​អ្នក​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក ។ អែលឌើរ ឃ្លីងជឺ បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​សាមគ្គី​គ្នា​ជួយ​ដល់​កុមារ​កម្ពុជា រួម​ជាមួយនឹង​បេសកកម្ម​របស់​អង្គការ​ស្នាម​ញញឹម​កម្ពុជា » ។

បរិក្ខារ​ដែល​បានបរិច្ចាគ​រួមមាន ម៉ាស៊ីន​បូម​ស្លេះ​ចំនួន ៣ គ្រឿង ម៉ាស៊ីន​ឆក់​បេះដូង​ចំនួន ១ គ្រឿង ម៉ាស៊ីន​តាមដាន​អ្នក​ជំងឺ​ចំនួន ២ គ្រឿង ម៉ាស៊ីន​ចាក់ថ្នាំ​សណ្ដំ​ចំនួន ២ គ្រឿង និង​ឧបករណ៍​វះកាត់​អេឡិចត្រូនិច​មួយ ។ ការសហការ​រវាង​សមាគម​និកាយ និង​អង្គការ​ស្នាម​ញញឹម​កម្ពុជា នឹង​ជួយ​រក្សា​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​របស់​កុមារ​ពី​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាពភ្លឺ​ត្រចេះត្រចង់​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត ខណៈ​ដែល​ក្រុម​ចុងក្រោយ​នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុង​ការកែតម្រូវ​ស្ថានភាព​ស្នាម​ឆែប និង​ការខូច​ទ្រង់ទ្រាយ​ផ្ទៃ​មុខ​ផ្សេងៗទៀត​ជាមួយនឹង​ឧបករណ៍​ថ្មី​នេះ ។

IMG_5216.jpeg
IMG_5216.jpeg
រូបថតមួយផ្នែកនៃបរិក្ខារពេទ្យដែលបានបរិច្ចាគពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដល់បេសកកម្មវះកាត់នៃអង្គការស្នាមញញឹមកម្ពុជា ក្នុងពិធីប្រគល់-ទទួលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD