គំនិតនៃការធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធប្រទេសថៃ បានចាប់ផ្តើមនៅក្នុងគណៈកម្មាធិការទូទាំងប្រទេសសម្រាប់យុវមជ្ឈិមវ័យនៅលីវ ( យ.ម.ល. ) នាខែធ្នូ ឆ្នាំ ២០២២ ។ បន្ទាប់ពីដាក់ផែនការជិតមួយឆ្នាំ នោះការធ្វើដំណើរដែលមានរយៈពេល ១៨ ម៉ោងក្នុងមួយថ្ងៃ និងការរង់ចាំនៅជួរយ៉ាងវែងដើម្បីឆ្លងកាត់ព្រំដែន ឡានក្រុងចំនួន ៦ គ្រឿងដែលមានយុវមជ្ឈិមវ័យ ២០០ នាក់មកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាបានមកដល់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ ពួកអ្នកចូលរួមមានចិត្តរំភើប ដែលនៅទីបំផុតបានទៅដល់ព្រះវិហារបរិសុទ្ធដែលបានរង់ចាំអស់រយៈពេលយ៉ាងយូរ ។ ដោយមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងក្លា ពួកគេបានចូលរួមជាមួយគ្នាដើម្បីទទួលបាននូវអំណរ និងពរជ័យនៃការចូលព្រះវិហារបរិសុទ្ធ ។

Cambodia-YSA-Temple-Trip
ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធជាលើកដំបូងបំផុតរបស់ យ.ម.ល. នៅប្រទេសកម្ពុជា ដែលយុវមជ្ឈិមវ័យនៅលីវចំនួន ២០០ នាក់បានចូលព្រះវិហារបរិសុទ្ធបាងកក ប្រទេសថៃ ដែលទើបនឹងបើកថ្មីៗ នៅថ្ងៃទី ៩-១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ។ 2023 by Intellectual Reserve, Inc. All rights reserved.« ដួងចិត្តខ្ញុំកក់ក្ដៅ ខ្ញុំអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនអាចរង់ចាំឲ្យដល់ពេលទៅព្រះវិហារបរិសុទ្ធនៅថ្ងៃស្អែកម្តងទៀតនោះទេ »
ផ្ទៃទាំងមូលនៃអគារព្រះវិហារបរិសុទ្ធបាងកកបានពេញសម្រាប់រយៈពេលពីរថ្ងៃនោះ ពេលដែលក្រុមដ៏ធំនេះបានចូលរួមនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធផ្សេងៗ ។ សម្រាប់យុវមជ្ឈិមវ័យនៅលីវជាច្រើន នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ គឺជាការចូលព្រះវិហារបរិសុទ្ធជាលើកដំបូងរបស់ពួកគេ ។ សមាជិកក្រុមចំនួន ៤៣ នាក់បានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានចែកចាយព្រឹត្តិការណ៍នេះជាមួយបងប្អូនប្រុសស្រីរបស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតបានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកសម្រាប់បទពិសោធន៍ដំបូងរបស់ពួកគេនៅព្រះវិហារបរិសុទ្ធ ។ ខណៈដែលអ្នកចូលព្រះវិហារបរិសុទ្ធបានចាកចេញពីព្រះវិហារបរិសុទ្ធ ពួកគេពេញដោយសេចក្តីរីករាយ ។
គុយ គង់ម៉េង អាយុ ២២ ឆ្នាំ មកពីស្តេកខាងជើង ដែលទើបតែបានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់នាង បាននិយាយទាំងក្ដុកក្ដួលដោយអំណរថា « ដួងចិត្តខ្ញុំកក់ក្ដៅ ខ្ញុំអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនអាចរង់ចាំឲ្យដល់ពេលទៅព្រះវិហារបរិសុទ្ធនៅថ្ងៃស្អែកម្តងទៀតនោះទេ » ។ បន្ទាប់ពីចាកចេញពីព្រះវិហារបរិសុទ្ធថ្ងៃដំបូង ប្អូនស្រីម្នាក់ទៀតឈ្មោះ វុធ ម៉េរី អាយុ ១៨ ឆ្នាំមកពីមណ្ឌលភ្នំពេញខាងកើត បាននិយាយថា « ខ្ញុំមិននឹកស្មានថានឹងទទួលបានព្រះវិញ្ញាណជាមួយមនុស្សមួយក្រុមធំបែបនេះទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង នៅពេលខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យបុព្វការីជនរបស់ខ្ញុំចំនួនប្រាំបួនរូប » ។
រូបថតយុវមជ្ឈិមវ័យនៅលីវកម្ពុជាចូលព្រះវិហារបរិសុទ្ធ បាងកក ប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចពិសេសរបស់ពួកគេ ចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ 2023 by Intellectual Reserve, Inc. All rights reserved. | 1 / 7 |
ថ្ងៃដំបូងនៅព្រះវិហារបរិសុទ្ធបញ្ចប់ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងឧបសគ្គមួយចំនួន ខណៈពេលដែលក្រុមនេះបានឡើងឡានក្រុងដើម្បីចូលរួមជិះទូកកម្សាន្តតាមដងទន្លេដើម្បីទទួលទានអាហារពេលល្ងាច ។ ទោះជាយ៉ាងណាក៏ដោយ ភ្លៀងបានឈប់មុនពេលមកដល់កំពង់ផែ ដោយផ្តល់នូវព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំ និងពោរពេញដោយភាពសប្បាយរីករាយ រួមមានអាហារពេលល្ងាច ការរាំ និងដំណើរកម្សាន្តមើលពន្លឺភ្លើងទីក្រុងបាងកក តាមដងទន្លេចៅប្រាយ៉ា ។
នៅថ្ងៃទីបីនៃការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធបានផ្តល់ឱកាសដល់សមាជិកថ្មីជាច្រើននាក់ដែលបានទទួលអំណោយទានពិសិដ្ឋ ដើម្បីចូលរួមក្នុងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ជំនួស ក៏ដូចជាពិធីបរិសុទ្ធផ្សេងទៀតនៃព្រះវិហារបរិសុទ្ធដែរ ។ ក្រុមនេះបានបន្តទទួលបានបទពិសោធដ៏អស្ចារ្យនៅពេលដែលពួកគេបានបំពេញការងារសម្រាប់បុព្វការីជនរបស់ពួកគេ ។ ពួកគេបានបង្ហាញអារម្មណ៍ដឹងគុណចំពោះឱកាសដើម្បីធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ។ ផល លីសៀវឡុង ជា យ.ម.ល. មកពីមណ្ឌលភ្នំពេញខាងកើត បាននិយាយថា « ខ្ញុំពិតជាមានអំណរគុណណាស់ ហើយរីករាយដែលបានធ្វើកិច្ចការនេះជូនបុព្វការីជនរបស់ខ្ញុំ ។ ខ្ញុំទទួលអារម្មណ៍ពិសេសមួយបន្ទាប់ពីវគ្គទទួលអំណោយទានពិសិដ្ឋថា លោកមានអំណរគុណចំពោះកិច្ចការនេះដែលខ្ញុំកំពុងធ្វើជំនួសលោក » ។ អ្នកទៅព្រះវិហារបរិសុទ្ធផ្សេងទៀតក៏បង្ហាញពីអារម្មណ៍ថាបុព្វការីជនរបស់ពួកគេបានដឹងពីកិច្ចការនេះ ហើយទទួលយកកិច្ចការដែលពួកគេកំពុងធ្វើនេះ ។
ការចូលក្នុងព្រះវិហារបរិសុទ្ធបានផ្ដល់ការបំផុសគំនិត និងការណែនាំ ខណៈពួកអ្នកចូលក្នុងព្រះវិហារបរិសុទ្ធបានជញ្ជឹងគិត និងអធិស្ឋាននៅក្នុងព្រះវិហារបរិសុទ្ធ ។ ង៉ែត កន្និកា អាយុ ២០ ឆ្នាំមកពីស្តេកខាងជើង បានចែកចាយបទពិសោធន៍ពិសេសរបស់នាងនៅព្រះវិហារបរិសុទ្ធ ។ នាងបាននិយាយថា « ខ្ញុំមានអំណរគុណ និងរីករាយយ៉ាងខ្លាំងដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយទទួលអំណោយទានពិសិដ្ឋរបស់ខ្ញុំ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺពិត ។ ខ្ញុំមានអារម្មណ៍ដ៏សុខសាន្តចំពោះជីដូនជីតារបស់ខ្ញុំ ដែលពួកលោកនឹងទទួលយកកិច្ចការដែលខ្ញុំបានធ្វើសម្រាប់ពួកលោក » ។ កន្និកា ក៏បានចែកចាយថា « ពេលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំទទួលអារម្មណ៍ដ៏ខ្លាំងបំផុតថាខ្ញុំគួរតែទៅបម្រើបេសកកម្ម » ។
ហ៊ាង សីហា មកពីមណ្ឌលកំពង់ចាម បាននិយាយថា « ខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ ។ នេះគឺជាលើកទីមួយរបស់ខ្ញុំដែលបានចូលព្រះវិហារបរិសុទ្ធ ។ វាធ្វើឲ្យខ្ញុំចង់ទទួលការហៅ បម្រើ និងធ្វើជាសមាជិកដ៏ល្អជាងមុន » ។
បន្ទាប់ពីថ្ងៃទីពីរនៅក្នុងព្រះវិហារបរិសុទ្ធ យ.ម.ល. បានជួបជុំគ្នាសម្រាប់ការប្រជុំធម្មនិដ្ឋានដ៏រំជើបរំជួលយ៉ាងខ្លាំង ជាកន្លែងដែលពួកគេបានចែកចាយទីបន្ទាល់ និងបទពិសោធន៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។ ការប្រជុំធម្មនិដ្ឋាននេះបានដឹកនាំដោយប្រធានគណៈកម្មាធិការ យ.ម.ល. ស្តេកខាងត្បូង សំ បញ្ញា និងក្រោមអធិបតីភាពដោយអែលឌើរ ស៊ូឆាត ឆៃឆាណា ជាពួកចិតសិបនាក់ប្រចាំតំបន់របស់ប្រទេសថៃ ។ ការប្រជុំធម្មនិដ្ឋាននោះបានបញ្ចប់ដោយសារលិខិតអំពីសេចក្ដីសញ្ញាពីប្រធានព្រះវិហារបរិសុទ្ធបាងកក ប្រទេសថៃ វិស៊ិត ខាណាខាំ ។
យុវមជ្ឈិមវ័យនៅលីវកម្ពុជាចូលរួមការប្រជុំធម្មនិដ្ឋានពិសេសនៅអំឡុងការធ្វើដំណើររបស់ពួកគេនៅព្រះវិហារបរិសុទ្ធបាងកក ប្រទេសថៃ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ 2023 by Intellectual Reserve, Inc. All rights reserved. | 1 / 5 |
យ.ម.ល. បានរៀបចំខ្លួនសម្រាប់ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធដោយការជួបជុំគ្នាធ្វើសកម្មភាពរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធនៅថ្ងៃទី ៤-៥ ខែឧសភា ឆ្នាំ ២០២៣ ជាកន្លែងដែលពួកគេបានរៀនអំពីផែនការនៃសេចក្ដីសង្គ្រោះ និងរបៀបស្វែងរកឈ្មោះបុព្វការីជនរបស់ពួកគេ ។ យុវវ័យមជ្ឈិមវ័យបានរៀបចំខ្លួនសម្រាប់ការធ្វើដំណើរនេះ ដោយនាំយកឈ្មោះគ្រួសាររាប់រយទៅព្រះវិហារបរិសុទ្ធ ដែលការងាររបស់ពួកគេត្រូវបានអនុវត្តអំឡុងពេលធ្វើដំណើរនេះ ។
យ.ម.ល. ក៏បានចូលរៀនដោយឧស្សាហ៍ព្យាយាមនូវថ្នាក់រៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធជាច្រើន ដែលបានបង្រៀននៅក្នុងសាខា ស្តេក និងមណ្ឌលនានាទូទាំងប្រទេសកម្ពុជា ។ អ៊ុន បញ្ញាវ័ន្ត ដែលមានអាយុ ២៧ ឆ្នាំ មកពីមណ្ឌលបាត់ដំបង ដែលម្តាយរបស់គាត់បានទទួលមរណភាពមុនការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធបាននិយាយថា « ខ្ញុំបានរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ដោយការចូលរៀនថ្នាក់រៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ហើយសិក្សា និងអានគម្ពីររបស់ខ្ញុំ ។ ដោយសារតែការខិតខំរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានពរណាស់ ។ ខ្ញុំអាចអធិស្ឋាន និងទទួលបាននូវសេចក្តីស្រឡាញ់របស់ម្តាយខ្ញុំ ។ ខ្ញុំអាចឃើញទឹកមុខរបស់គាត់ញញឹមមកកាន់ខ្ញុំ ហើយគាត់នៅជាមួយព្រះ ហើយសប្បាយរីករាយ ។ វាមានការងារជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែខ្ញុំទទួលអារម្មណ៍ថាមានពរណាស់ ដើម្បីមានបទពិសោធន៍នេះ ដោយសារខ្ញុំបានរៀបចំខ្លួន » ។
យុវមជ្ឈិមវ័យនៅលីវកម្ពុជាជួបជុំគ្នានៅអគារចំណុះព្រះវិហារបរិសុទ្ធ ដើម្បីទទួលការណែនាំមុននឹងចូលព្រះវិហារបរិសុទ្ធបាងកក ប្រទេសថៃ អំឡុងពេលធ្វើដំណើរទៅព្រះវិហារបរិសុទ្ធរបស់ពួកគេ ចាប់ពីថ្ងៃទី ៩-១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ 2023 by Intellectual Reserve, Inc. All rights reserved. | 1 / 6 |
ការតមអាហារបាននាំមកនូវអព្ភូតហេតុសម្រាប់អ្នកដឹកនាំម្នាក់ក្នុងគណៈកម្មាធិការនេះទូទាំងប្រទេស នៅពេលនាងរៀបចំខ្លួនសម្រាប់ការធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធ ។ ទៀង វ៉ាន់ធី មកពីមណ្ឌលភ្នំពេញខាងកើត បានតមអាហារសូមឲ្យនាងអាចជួយគណៈកម្មាធិការរៀបចំកាលវិភាគដោយជោគជ័យសម្រាប់អ្នកដែលនឹងទៅព្រះវិហារបរិសុទ្ធ ហើយអាចនិយាយដោយសំឡេងគួរឲ្យគោរព ប៉ុន្តែអាចយល់បាន នៅពេលនាងជួយក្នុងពិធីបុណ្យជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធ ។ នាងក៏បានតមអាហារដើម្បីទទួលបានកម្លាំងដើម្បីយកឈ្នះលើជើងដែលមានរបួសរបស់នាង និងទទួលអារម្មណ៍ថា មានវត្តមានរបស់ឪពុករបស់នាង ដែលបានទទួលមរណភាពប៉ុន្មានសប្តាហ៍មុនការធ្វើដំណើរ ។ នៅពេល វ៉ាន់ធី បានមកដល់ព្រះវិហារបរិសុទ្ធ នាងហត់នឿយមិនអាចបរិភោគបានទេ ។ បន្ទាប់មក នាងបានចំណាយពេលពីរថ្ងៃពេញធ្វើពិធីបុណ្យជ្រមុជទឹក ទាំងជើងឈឺនោះ ដោយកម្រនឹងសម្រាកបរិភោគអាហារថ្ងៃត្រង់ណាស់ ។ នាងបាននិយាយថា « ដោយសារខ្ញុំតមអាហារ ហើយអធិស្ឋានដើម្បីរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ខ្ញុំបានទទួលអារម្មណ៍ថាមានវត្តមានរបស់ឪពុកខ្ញុំ ហើយព្រះបានប្រទានកម្លាំងគ្រប់គ្រាន់សម្រាប់ខ្ញុំដើម្បីឈរពេញមួយថ្ងៃ ហើយខ្ញុំនៅមានថាមពលគ្រប់គ្រាន់សម្រាប់ថ្ងៃទីពីរទៀត ។
ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធត្រូវបានរៀបចំដោយគណៈកម្មាធិការ យ.ម.ល. ទូទាំងប្រទេសដោយមានតំណាងមកពីស្តេក និងមណ្ឌលនីមួយៗក្នុងប្រទេសកម្ពុជា ។ ប្រធានគណៈកម្មាធិការទូទាំងប្រទេសសម្រាប់ព្រឹត្តិការណ៍នេះគឺ ឃុត រដ្ឋា មកពីមណ្ឌលភ្នំពេញខាងកើត ។ រដ្ឋាបាននិយាយថា ៖ « មានបញ្ហាប្រឈមជាច្រើនក្នុងការរៀបចំគម្រោងធ្វើដំណើរនេះ ។ នៅពេលមួយ ខ្ញុំមិននឹកស្មានថា ការធ្វើដំណើរនេះនឹងកើតឡើងទៅបាននោះទេ ប៉ុន្តែអព្ភូតហេតុនៅតាមផ្លូវបានអនុញ្ញាតឲ្យយើងយកឈ្នះលើឧបសគ្គជាច្រើនដែលយើងជួបប្រទះ ។ ខ្ញុំត្រូវបានទទួលឲ្យចូលរៀននៅសាកលវិទ្យាល័យ Brigham Young University Hawaii សម្រាប់ឆមាសរដូវស្លឹកឈើជ្រុះ ហើយមិនគិតថា ខ្ញុំនឹងនៅទីនេះសម្រាប់ការធ្វើដំណើរនោះទេ ។ ជាលទ្ធផល ខ្ញុំមិនអាចចូលរៀននៅសាកលវិទ្យាល័យនេះបានទេ ហើយទោះបីវាជាការលំបាកដ៏ធំក៏ដោយ ខ្ញុំដឹងថាព្រះមានផែនការសម្រាប់ខ្ញុំ ដែលរួមបញ្ចូលការជួយរៀបចំការធ្វើដំណើរនេះផងដែរ ។ វាពិតជាលទ្ធផលល្អណាស់ដែលបានឃើញ យ.ម.ល. ជាច្រើនមានបទពិសោធន៍ពិសេសក្នុងការធ្វើដំណើរនេះ ។ ខ្ញុំក៏មានអារម្មណ៍ថាមានពរដែរ ដែលបានរកឃើញឈ្មោះគ្រួសាររបស់ខ្ញុំផ្ទាល់ចំនួន ៣៥ នាក់ដើម្បីយកទៅព្រះវិហារបរិសុទ្ធ ដើម្បីធ្វើកិច្ចការឲ្យពួកគាត់ » ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បង ស៊ីស្ទើរ McKette Allred បានមានប្រសាសន៍ថា « ដោយមានជំនួយដ៏បំផុសគំនិតពី ទៀង វ៉ាន់ធី និងអ្នកដទៃទៀត រដ្ឋា បានរៀបចំយ៉ាងប៉ិនប្រសប់នូវ យ.ម.ល. ពីររយនាក់ និងឈ្មោះបុព្វការីជនរបស់ពួកគេឆ្លងកាត់វគ្គជាច្រើនជារៀងរាល់ថ្ងៃ ដោយគ្មានបញ្ហា ។ រដ្ឋាបានចំណាយពេលអស់ជាច្រើនម៉ោងរៀបចំផែនការនិងមើលការខុសត្រូវពីព្រឹត្តិការណ៍នោះ ។ វាជាពរជ័យណាស់ដែលបានឮពីបទពិសោធន៍ និងឃើញនូវអំណរនៅលើទឹកមុខយុវមជ្ឈិមវ័យដ៏អស្ចារ្យជាច្រើននាក់នេះ នៅពេលពួកគេបានចូល និងត្រឡប់ពីព្រះវិហារបរិសុទ្ធជារៀងរាល់ថ្ងៃ ។ ខ្ញុំមានអារម្មណ៍ថាបទពិសោធន៍នេះកំពុងរៀបចំអ្នកដឹកនាំទាំងនេះឲ្យចូលរួម និងបម្រើក្នុងព្រះវិហារបរិសុទ្ធនៅប្រទេសកម្ពុជា ដែលឥឡូវកំពុងតែសាងសង់ » ។
យុវមជ្ឈិមវ័យនៅលីវកម្ពុជារីករាយជាមួយកម្មវិធីដែលបានគ្រោងទុក និងរៀបចំយ៉ាងល្អក្នុងដំណើរទៅកាន់ព្រះវិហារបរិសុទ្ធបាងកក ប្រទេសថៃ ដ៏ពិសេសរបស់ពួកគេ ដែលធ្វើឡើងចាប់ពីថ្ងៃទី ៩-១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ 2023 by Intellectual Reserve, Inc. All rights reserved. | 1 / 6 |
ប្អូនស្រី សុវណ្ណ កន្និកា មកពីមណ្ឌលភ្នំពេញខាងកើត មានភារកិច្ចពិសេសក្នុងការជួយរៀបចំការធ្វើដំណើរនេះ ។ នាងបានបម្រើក្នុងព្រះវិហារបរិសុទ្ធដោយជួយបកប្រែការណែនាំសម្រាប់អ្នកចូលព្រះវិហារបរិសុទ្ធដល់អ្នកដែលទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ ។ កន្និកា បានបម្រើបន្ថែមទៀតនៅក្នុងពិធីបុណ្យជ្រមុជទឹក ហើយបានជួយក្នុងបន្ទប់ផ្សារភ្ជាប់ ។ បងប្អូនស្រីដ៏ស្មោះត្រង់ទាំងនេះម្នាក់ៗបានលះបង់ដោយការចូលរួមចំណែកដើម្បីជួយធានាថា ម្នាក់ៗទទួលបានបទពិសោធន៍ពិសេសនៅក្នុងព្រះវិហារបរិសុទ្ធ ។
ទោះបីជាមានការលំបាកខ្លះៗក្នុងការធ្វើដំណើរនេះក្ដី ក៏មនុស្សជាច្រើនបានអនុវត្តសេចក្ដីជំនឿ ហើយបានត្រៀមខ្លួនទៅព្រះវិហារបរិសុទ្ធដែរ ។ យ.ម.ល. សំណាង អ៊ា ដុងហាន មកពីមណ្ឌលភ្នំពេញខាងកើត មិននឹកស្មានថាគាត់អាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ធ្វើលិខិតឆ្លងដែន ដែលតម្រូវឲ្យឆ្លងកាត់ព្រំដែនប្រទេសថៃឡើយ ។ គាត់ទទួលបានការងារទីពីរដែលលក់សណ្តែកដីនៅលើកង់របស់គាត់ ។ គាត់បានទុកចិត្តលើព្រះអម្ចាស់ ហើយទទួលបានពរឲ្យទទួលបានប្រាក់ដែលចាំបាច់លឿនជាងការគិតរបស់គាត់ ។ នៅក្នុងការប្រជុំសាក្រាម៉ង់ពិសេសមួយមុននឹងឡើងឡានក្រុងត្រឡប់មកប្រទេសកម្ពុជាវិញ សំណាងបានចែកចាយពីរបៀបដែលបទពិសោធន៍របស់គាត់បានបង្រៀនគាត់ពីអំណាចនៃការធ្វើសកម្មភាពដោយជំនឿ ។ គាត់បាននិយាយថា « ព្រះវិញ្ញាណប្រាប់ខ្ញុំកុំឲ្យសង្ស័យឡើយ សាសនាចក្រនេះគឺពិត » ។ ដូចជា សំណាង ដែរ មនុស្សជាច្រើនបានចែកចាយថា ការទៅព្រះវិហារបរិសុទ្ធបានពង្រឹងទីបន្ទាល់របស់ពួកគេ ហើយផ្តល់ឲ្យពួកគេនូវបំណងប្រាថ្នាដ៏អស្ចារ្យមួយដើម្បីកែលម្អជីវិតរបស់ពួកគេ ហើយត្រឡប់ទៅព្រះវិហារបរិសុទ្ធម្តងទៀត ។