Translation

អែលឌើរ រ៉ូណល អេ រ៉ាសបាន ​ធ្វើ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេសថៃ

ព្រះវិហារ​បរិសុទ្ធ​ដំបូង​របស់​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​ស្ថិត​ក្នុង​ដៃ​របស់​ព្យាការី និង​សាវក ។

ដោយ​មាន​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ធ្វើ​ជា​អធិបតី​នៅ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ ។ ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេស​ថៃ ថ្មី របស់សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​ត្រឹមតែ​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​ប្រតិបត្តិការ​ទី ១៨៥ នៅ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​បង្អស់ នៅ​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​ផងដែរ ។

កម្មវិធី​ឧទ្ទិសឆ្លង​កាល​ពី​ថ្ងៃអាទិត្យ​បាន​ទាក់ទាញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាច្រើន​ពាន់​នាក់​ពេញ​មួយ​ថ្ងៃ​នោះ ដោយសារ​អ្នក​ចូលរួម​មិន​ត្រឹមតែ​បាន​អង្គុយ​ក្នុងបរិវេណ​នៃ​ព្រះវិហារបរិសុទ្ធ​ដែលមានក្រឡាផ្ទៃចំនួន ៤៨,៥២៥ ហ្វីតការ៉េ ដែល​មាន​កម្ពស់​ប្រាំ​មួយ​ជាន់ និង​កំពូល​ចំនួន​ប្រាំបួន​ សម្រាប់​ទាំង​ពីរ​វគ្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អង្គុយ​នៅក្នុង​រោងជំនុំ​ធំ​ពីរ និង​អគារ​បន្ថែម​របស់​ព្រះវិហារបរិសុទ្ធ​នៅ​ជិតៗ​នោះ​ផងដែរ ។

នៅពេល​លោក​បាន​រៀបចំ​ដើម្បី​ថ្លែង​សុន្ទរកថា​នៅក្នុង​សម័យប្រជុំ​នេះ ហើយ​ពោលពាក្យ​អធិស្ឋាន​ឧទ្ទិសឆ្លង​នីមួយៗ អែលឌើរ រ៉ាសបាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​មើល​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ និង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ​ក្នុង​ប្រទេស​នេះ និង​ទូទាំង​អាស៊ីអាគ្នេយ៍ ។ អែលឌើរ រ៉ាសបាន មាន​ប្រសាសន៍​ថា « អ្វី​ដែល​បាន​​ដក់ជាប់​ក្នុង​ចិត្ត​ខ្ញុំ គឺ​របៀប​ដែល​ប្រទេស​នេះ និង​ព្រះវិហារ​បរិសុទ្ធ​នេះ​ស្ថិត​ក្នុង​ដៃ​របស់​ព្យាការី និង​សាវក » ។

នោះ​រាប់​ទាំង​ការឧទ្ទិសឆ្លង​ប្រទេស​ថៃ​នា​ឆ្នាំ ១៩៦៦ សម្រាប់​ការផ្សព្វផ្សាយ​ដំណឹងល្អ​ដោយ​អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី ដែល​នៅ​ពេល​នោះ​ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ និង​ក្រោយ​មក​ជា​ប្រធាន​សាសនាចក្រ និង​ការឧទ្ទិសឆ្លង​សាលាប្រជុំ​ដំបូង​ក្នុង​ប្រទេស​នេះ​នា​ឆ្នាំ ១៩៧៤ ដោយ​អែលឌើរ ដេវីឌ ប៊ី ហេត នៃ​ពួក​ដប់ពីរ​នាក់ ។

លោក​បាន​ផ្ដល់​ការគោរព​ជា​ពិសេស​ចំពោះ​តួនាទី​របស់​ប្រធាន​សាសនាចក្រ​ចុងក្រោយ​បី​រូប​ក្នុងការ​នាំ​មក​នូវ​ព្រះដំណាក់​ព្រះអម្ចាស់​នៅ​ទីក្រុង​បាងកក​— ប្រធាន ហ៊ិងគ្លី ដែល​នៅ​ឆ្នាំ ២០០០ បាន​ប្រាប់​ជាមុន​អំពី​ព្រះវិហារ​បរិសុទ្ធ​មួយ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆ្នាំ ២០១៥ និង​ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ទៅ​ទស្សនា​ទីកន្លែង​ព្រះវិហារ​បរិសុទ្ធ​កាលពី​ប្រាំ​ឆ្នាំ​មុន ហើយ​បាន​ចាត់​ឲ្យ​អែលឌើរ រ៉ាសបាន ធ្វើ​ការឧទ្ទិសឆ្លង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ។

សាវក​បានមាន​ប្រសាសន៍​លើកឡើងនូវសម្រង់​ពាក្យ​ចំនួន​បី​— សម្រង់មួយចេញ​ពី​ប្រធាន​សាសនាចក្រ​ទាំងបីរូប​— តំណាង​ឲ្យ​ដំណើរ​នៃការ​ព្យាករណ៍ ។

លោក​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន ហ៊ិងគ្លី ចេញមកពី​ការ​ប្រជុំ ខែ​មិថុនា ឆ្នាំ ២០០០ ជាមួយ​សមាជិក​នៅ​ទីក្រុង​បាងកក ៖ « ព្រះអម្ចាស់​បាន​ស្តាប់ឮ​ការអធិស្ឋាន​របស់​យើង ។ ទ្រង់​បាន​ដឹក​នាំ​យើង​ក្រោម​ការលំបាក​អស់​រយៈពេល​យ៉ាងយូរ ។ ប៉ុន្តែ​ឥឡូវនេះ ស្ថានសួគ៌​កំពុង​ញញឹម​ដាក់​យើង​ហើយ ។ បងប្អូន​គឺជា​អ្នក​ត្រួសត្រាយ​នៅ​ទីនេះ​ក្នុង​ការបន្ត​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ប្រទេស​នេះ ហើយ​ខ្ញុំ​សូម​សន្យា​ថា ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពេលវេលា​នឹង​មក​ដល់គ្រា​ដែល​ព្រះវិហារបរិសុទ្ធ​មួយ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ប្រទេស​ថៃ » ។

លោក​បាន​ដក​ស្រង់​ការប្រកាស​របស់​ប្រធាន ម៉នសុន អំពី​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ទីក្រុង​បាងកក នៅ​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៥ ៖ « ព្រឹក​នេះ ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ដើម្បីប្រកាស​ថា មាន​ព្រះវិហារបរិសុទ្ធ​បីទៀត ដែល​នឹង​សាងសង់​នៅ​ក្នុងទីតាំង​ដូច​ខាង​ក្រោម ៖ ទីក្រុង អាប៊ីយ៉ាន ប្រទេស​ឈូង​សមុទ្រ​អាយវ៉ូរី ទីក្រុង​ផត អូ ព្រីនស៍ ប្រទេស​ហៃទី និង​ទីក្រុង បាងកក ប្រទេស​ថៃ ។ នោះ​ជា​ពរជ័យ​ដ៏អស្ចារ្យ​ដែល​មាន​សម្រាប់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​យើង នៅក្នុង​តំបន់​ទាំងនេះ » ។

ហើយ​លោក​បានដក​ស្រង់​ពី​ប្រធាន ណិលសុន ដែលបាន​អញ្ជើញ​មក​ប្រទេស​ថៃ​ជា​លើក​ដំបូង​ក្នុងនាម​ជា​គ្រូពេទ្យ មុនពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សាវក​នៅឆ្នាំ ១៩៨៤ ហើយ​ក្រោយមក​បានអញ្ជើញ​មក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនាចក្រ ដែល​កន្លងទៅ​ថ្មីៗ​នេះ​បំផុត​គឺ​ការសម្ពោធ​ការងារ​បម្រើ​ទូទាំង​ពិភពលោក​នា​ឆ្នាំ ២០១៨ ។ ក្នុង​អំឡុង​ការប្រជុំ​នា​ខែ មេសា ឆ្នាំ ២០១៨ ជាមួយ​សមាជិក​នៅ​ទីក្រុង បាងកក ប្រធាន ណិលសុន បាន​សន្យាថា ៖ « ខ្ញុំ​សូម​ផ្ដល់ពរជ័យ​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​នៅក្នុង​ផ្ទះ ជោគជ័យ​ក្នុង​កិច្ចការ​របស់​បងប្អូន និង​អំណរ​ក្នុង​ចិត្ត​របស់​បងប្អូន ពេល​បងប្អូន​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​នៅក្នុង​ប្រទេស​ដ៏ពិសិដ្ឋ​នេះ » ។

អែលឌើរ រ៉ាសបាន បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដង​កាល​ពី​មុន​ទៅ​ទីក្រុង​បាងកក និង​ប្រទេស​ថៃ ក្នុង​នាម​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huntsman Chemical រួម​ទាំង​ប្រធាន និង​នាយក​ប្រតិបត្តិ​ផងដែរ ។ ការឧទ្ទិសឆ្លង​ព្រះ​វិហារ​បរិសុទ្ធ​គឺជា​កិច្ចការ​ចុង​ក្រោយ​បំផុត​ក្នុង​កិច្ចការ​ដឹកនាំ​ដ៏ច្រើន ដែល​លោក​បាន​បំពេញ​នៅក្នុង​ប្រទេស​ថៃ ។

អែលឌើរ រ៉ាសបាន បាន​មាន​ប្រសាសន៍​ថា វា​បាន​ធ្វើ​ឡើង​សម្រាប់​ការ​ចាត់តាំង​ដែល​គួរ​ឲ្យ​តម្លៃ បន្ទាប​ខ្លួន និង ​« អស្ចារ្យ » ។

លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឧទ្ទិស​ឆ្លង​ ​ជាមួយនឹងភរិយា​របស់​លោក ​គឺ​ស៊ីស្ទើរ មេឡានី រ៉ាសបាន និងដោយមានអែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ជា​ពួកចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ និង ជាប្រធាន​អាស៊ី និង​ស៊ីស្ទើរ ណាអូមី តូម៉ា តៃ អែលឌើរ ខេវិន អ័រ ដាន់ខេន ជា​ពួកចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ និង​ជា​នាយក​ប្រតិបត្តិ​នៃ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និង​ភរិយា​របស់​លោក​គឺ ស៊ីស្ទើរ ណាន់ស៊ី ដាន់ខេន និង​អែលឌើរ អ៊ីរីច ដបុលយូ. កូពីសឆ្កេរ ជា​ពួកចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ និង​ជំនួយការ​នាយក​ប្រតិបត្តិ​នៃ​នាយកដ្ឋាន​ព្រះវិហារបរិសុទ្ធ និង​ភរិយា​របស់​លោក​គឺ ស៊ីស្ទើរ គ្រីស្ទីន កូពីសឆ្កេរ ។

ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេស​ថៃ​នឹង​សាយភាយ​ហួស​ពី​ព្រំដែន​នៃ​ប្រទេស​នេះ​ទៅ​ទៀត ។ មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នេះ​លាត​សន្ធឹង​ចាប់ពី​ប្រទេស​កម្ពុជា​ទៅ​ដល់ប្រទេស​ប៉ាគីស្ថាន និង​ពីប្រទេស​នេប៉ាល់ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ។

ក្នុង​ឆ្នាំ ១៨៥២ ប្រធាន​ព្រិកហាំ យ៉ង់ បាន​ហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បួន​នាក់​ឲ្យ​បម្រើ​នៅ​ប្រទេស​ថៃ ដែល​កាល​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សៀម ។ មាន​តែ​ម្នាក់​គត់​ដែល​បាន​មក​ដល់ ប៉ុន្តែ​មិន​បាន​មក​ដល់​លុះត្រា​ដល់ឆ្នាំ ១៨៥៤ ហើយ​ស្នាក់នៅ​បាន​ត្រឹមតែ ៤ ខែ​ប៉ុណ្ណោះ​ដោយសារ​តែ​បញ្ហា​ភាសា ។

គ្រួសារ​សមាជិក​ដែល​រស់​នៅក្នុង​ទីក្រុង​បាងកក​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ បាន​ចាប់ផ្តើម​រៀបចំ​ការប្រជុំ​ក្រៅ​ផ្លូវការ និង​ញឹកញាប់ រហូត​ដល់​សាសនាចក្រ​បានអនុញ្ញាត​កម្មវិធី​ថ្វាយ​បង្គំជា​ទៀងទាត់​សម្រាប់​ក្រុមជំនុំ​តូចមួយ​ដែល​និយាយ​ភាសា​អង់គ្លេស​នៅ ឆ្នាំ ១៩៦១ ដែល​បាន​ដំណើរការ​តាំង​ពីពេល​នោះមក ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​បញ្ជូន​មក​ប្រទេសថៃ​ជាលើក​ដំបូង​ក្នុង ឆ្នាំ ១៩៦៨ ជាមួយ​នឹង​បេសកកម្ម​មួយ​នៅក្នុង​ប្រទេសនេះ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុងឆ្នាំ ១៩៧៣ ។ ស្ដេក​ទីមួយ​ត្រូវបាន​បង្កើត​ឡើង​នៅ​ទីក្រុង​បាងកក​ក្នុង ឆ្នាំ ១៩៩៥ ដោយ​មាន​ស្ដេក​ទីពីរ​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​នេះ​នៅ​ឆ្នាំ ២០១៤ និង​ទី​បី​នៅពេល​ពីរ​ឆ្នាំ​ក្រោយ​មក ។

Bangkok-temple-dedication
Bangkok-temple-dedication
ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​សួរ​សុខទុក្ខ និង​ឱប​គ្នាបន្ទាប់​ពី​បាន​ចូលរួម​វគ្គ​ដំបូង​នៃ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ បាងកក ប្រទេស​ថៃ នៅ ថ្ងៃ​អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០២៣ ។
DOWNLOAD

សមាជិកភាព​សាសនាចក្រ​នៅក្នុង​ប្រទេសថៃ​ ឥឡូវនេះ​មាន​ជាង ២៣,០០០ នាក់ នៅក្នុង​ក្រុម​ជំនុំ​ជាង ៤០ ដែល​មាន​សាលា​ប្រជុំ​នៅ​ទូទាំង​ទីក្រុង​បាងកក និង​នៅ​កណ្តាល​ទីក្រុង​ធំៗ​នៅក្នុង​ប្រទេស រួមមាន ឈៀងម៉ៃ នគររាជសីម៉ា ខនខេន អ៊ូដនថានី និង​អ៊ូប៊ុនរ៉ាចាថានី ។

ចន់ទីកា « អាប់ផល » ស៊ីហាណាត គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ថៃ ជំនាន់​ទីពីរ ដែល​បាន​ជ្រមុជ​ទឹក​នៅ​អាយុ ៩ ឆ្នាំ ហើយបាន​បម្រើ​បេសកកម្ម​នៅក្នុង​ប្រទេសថៃ ។ ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ទីក្រុង​បាងកក ស៊ីហាណាត និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ផ្ទះ​មួយ​ទៀត​ដែល​ខ្ញុំ​អាច​មក​នៅ​ពេល​ណា​ក៏​បាន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹង​មាន​សុភមង្គល​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​កាន់​តែ​ងាយ​ស្រួល ព្រោះ​វា​នឹង​នៅកាន់តែ​ជិត​គ្រួសារ​របស់ខ្ញុំ » ។

អយុធ្យាប៉ាកាវ៉ាឌី ម៉ាកចច បាន​និយាយ​ថា ការចូលរួម​ក្នុង​ការឧទ្ទិសឆ្លង​នេះ​បាន​ផ្តល់​ឱកាស​មួយ​សម្រាប់​ការបង្កើន​វិវរណៈ​ផ្ទាល់ខ្លួន ។ នាង​បាន​និយាយ​ថា ៖ « ខ្ញុំ​បាន​ទទួល​ការយល់ដឹង​បន្ថែម​ទៀត​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវត្ត​សេចក្ដី​សញ្ញា​របស់​យើង​ឆ្លង​កាត់​ទន្លេ​នៃ​ចរន្ត​ជីវិត » ។

ប៉ាយ៉ាណា ព្រីឆាគុល អាយុ ១៤ ឆ្នាំ បានបន្ថែម​ថា ៖ « ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ​ណាស់​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ ។ នា​ពេល​អនាគត ខ្ញុំ​ចង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ហើយ​បម្រើ​នៅ​ទី​នេះ » ។

ប៉ារីនយ៉ា ស៊ូផាន អាយុ ១៦ ឆ្នាំ បាន​និយាយថា ៖ « វា​ជា​ពរជ័យ​មួយ​ក្នុង​ការមាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ ហើយ​ធ្វើ​ការងារ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ដែល​បានស្លាប់​ទៅ ។ វា​ជា​ពរជ័យ​សម្រាប់​ខ្ញុំ និង​សម្រាប់​ពួកគាត់ » ។