ការបម្រើ
កាលពីជាយុវមជ្ឈិមវ័យ អែលឌើរ ហ្គូដយ ត្រូវបានចាត់តាំងជាដៃគូបង្រៀនតាមផ្ទះជាមួយប្រធានយុវជន—ដែលជាឪពុករបស់ស៊ីស្ទើរ ហ្គូដយ ។ យុវជនរូបនោះមិនបានដឹងច្រើនអំពីដំណឹងល្អទេ ប៉ុន្តែដៃគូរបស់គាត់បានទុកចិត្តលើអែលឌើរ ហ្គូដយ ហើយបានផ្តល់ឱកាសដល់លោកឲ្យបង្រៀន ។
លោកបានមានប្រសាសន៍ថា ៖ « ការបម្រើធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានតម្លៃ ។ វាបានរៀបចំខ្ញុំដើម្បីជួយអ្នកដទៃ ហើយជាលទ្ធផល វាបានពង្រឹងទីបន្ទាល់ខ្ញុំ » ។
នៅពេលយុវជម្ឈិមវ័យសព្វថ្ងៃនេះ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៧ ) លោកបានបន្តថា ពួកគេក៏នឹងពង្រឹងទីបន្ទាល់របស់ពួកគេដែរ ។
ស៊ីស្ទើរ ហ្គូដយ បានបន្ថែមថា របៀបមួយដែលយុវមជ្ឈិមវ័យអាចបម្រើបាន គឺការចូលរួមព្រះវិហារបរិសុទ្ធ ។ « ការចូលរួមក្នុងដំណាក់របស់ព្រះអម្ចាស់ជាញឹកញាប់ក៏នាំមកនូវពរជ័យផងដែរ » ។ ដកស្រង់ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:២ គាត់បានបន្តថា « នៅក្នុងព្រះវិហារបរិសុទ្ធយើងទទួលមេរៀនដើម្បីជួយយើង ‹ ឈ្នះលើលោកិយ › ។
ខ្ញុំសង្ឃឹមថាក្មួយៗនឹងចូលរួមយ៉ាងសកម្មក្នុងឱកាសបម្រើទាំងឡាយ ។ ... វានឹងផ្ដល់ពរដល់ក្មួយ ពង្រឹង និងការពារក្មួយៗ » ។ —អែលឌើរ ខាឡូស អេ ហ្គូដយ
អែលឌើរ ហ្គូដយ បានមានប្រសាសន៍ថា « ខ្ញុំសង្ឃឹមថា ក្មួយៗនឹងចូលរួមយ៉ាងសកម្មក្នុងឱកាសបម្រើទាំងឡាយ ។ វាអាចជាការផ្ដល់ការងារបម្រើ ពង្សប្រវត្តិ ការបម្រើក្នុងព្រះវិហារបរិសុទ្ធ ឬកិច្ចការសាសនាចក្រផ្សេងទៀត ដែលក្មួយអាចបំភ្លេចពីខ្លួនឯង ហើយជួយដល់អ្នកដទៃ ។ វានឹងផ្ដល់ពរដល់ក្មួយ ពង្រឹង និងការពារក្មួយៗ » ។
បេសកកម្ម
ប្រាំមួយខែបន្ទាប់ពីអែលឌើរ ហ្គូដយ បានចាកចេញទៅបម្រើបេសកកម្មពេញម៉ោង ស៊ីស្ទើរ ហ្គូដយ ក៏បានចាកចេញទៅផងដែរ ។ គាត់បានមានប្រសាសន៍ថា « យើងបានឃើញបេសកកម្មជាវិធីដ៏ល្អមួយ ដើម្បីធ្វើឲ្យព្រះអង្គសង្គ្រោះសព្វព្រះទ័យ ហើយរៀបចំខ្លួនយើងសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់យើងផងដែរ » ។
អែលឌើរ ហ្គូដយ បានបន្ថែមថា បេកកម្មរបស់ពួកលោក បាននាំមកនូវសមត្ថភាពថ្មីៗ និងពរជ័យជាច្រើន « រយៈពេលពីរឆ្នាំ ខ្ញុំបានត្រឡប់មកវិញកាន់តែបានរៀបចំខ្លួនសម្រាប់ជីវិត ។ ដោយសារបេសកកម្មរបស់យើង នោះទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះត្រូវបានពង្រឹង ចំណេះដឹងរបស់យើងអំពីដំណឹងល្អបានកើនឡើង ហើយជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំដែលបានរៀននៅទីនោះ បានជួយយើងក្នុងអាជីពរបស់យើងផងដែរ » ។
ទោះជាយ៉ាងណា « យើងមិនគួរវិនិច្ឆ័យអ្នកដែលមានបទពិសោធន៍បេសកកម្មផ្សេង ឬគ្មានបទពិសោធន៍បេសកកម្មទាល់តែសោះនោះទេ » ។ ការបម្រើបេសកកម្ម « វាពុំមែនជាពិធីបរិសុទ្ធនៃដំណឹងល្អទេ ដូច្នេះគ្មានអ្នកណាម្នាក់នឹងពុំមានការរីកចម្រើនក្នុងជីវិតនេះ ឬបាត់បង់ពរជ័យក្នុងភាពអស់កល្បជានិច្ចដោយសារតែវាឡើយ » ។
អាពាហ៍ពិពាហ៍
យុវមជ្ឈិមវ័យជាច្រើនមានអារម្មណ៍ថា ពួកគេត្រូវតែបញ្ចប់ការសិក្សា ហើយមានអាជីពដែលមានស្ថេរភាព មុនពេលរៀបការ ។ អែលឌើរ ហ្គូដយ មានប្រសាសន៍ថា ទោះជាយ៉ាងណា នោះវាមិនមែនសុទ្ធតែបែបហ្នឹងនោះទេ ។ « ក្មួយៗត្រូវការរបស់ចាំបាច់ ត្រូវការគ្នា និងត្រូវការព្រះអម្ចាស់នៅក្បែរក្មួយ—អ្វីៗផ្សេងទៀតដែលក្មួយៗអាចសម្រេចបានជាមួយគ្នា នឹងពង្រឹងអាពាហ៍ពិពាហ៍ក្មួយៗ » ។
ស៊ីស្ទើរ ហ្គូដយ បានមានប្រសាសន៍ថា ការបង្កើតអាពាហ៍ពិពាហ៍ជោគជ័យគឺជាដំណើរការមួយ ។ « ជីវិតអាពាហ៍ពិពាហ៍គឺជាបទពិសោធន៍នៃការរៀនសូត្រដែលសង្ឃឹមថានឹងបានកាន់តែល្អប្រសើរនៅពេលយើងចម្រើនទៅមុខ ។ ក្ដីស្រឡាញ់បានមានតាំងពេលចាប់ផ្ដើម ប៉ុន្តែការចុះសម្រុងគ្នាជារៀងរាល់ថ្ងៃគឺបង្កើតឡើងមួយជំហានម្តងៗ » ។
Godoy-young-adult អែលឌើរ ខាឡូស អេ ហ្គូដយ នៃគណៈប្រធានពួកចិតសិបនាក់ និងភរិយារបស់លោក ម៉ូនីកា មានប្រសាសន៍នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោក សម្រាប់ការចាក់ផ្សាយសម្រាប់យុវមជ្ឈិមវ័យចេញពីរោងឧបោសថសលត៍ លេក ទីក្រុង សលត៍ លេក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។ Copyright 2024 Deseret News Publishing Company.
គាត់បានមានប្រសសន៍ថា វាអាចនឹងមានការលំបាក ដូចជាការឈឺក្បាល ជំងឺ និងការព្រួយបារម្ភអំពីប្រាក់កាក់ ។ « ប៉ុន្តែក្មួយៗដឹងទេ ? ជីវិតគឺវាដូច្នោះ » ។
រឿងមួយប្រាកដណាស់ អែលឌើរ ហ្គូដយ បានមានប្រសាសន៍ថា ៖ « ប្រសិនបើយើងនាំយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មកក្នុងសមីការនេះ នោះជីវិតអាពាហ៍ពិពាហ៍នឹងមានភាពកាន់តែងាយស្រួល និងរីករាយជាងមុន » ។
សម្រាប់អស់អ្នកដែលពុំបានរៀបការក្នុងជីវិតនេះ លោកបានចែកចាយវីដេអូខ្លីមួយពី ដំបូន្មាន ដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានផ្ដល់ឲ្យនៅឆ្នាំ២០០៣ ៖ « កុំចំណាយពេលពេញមួយជីវិតសោកសៅនឹងរឿងនោះឡើយ ។ ពិភពលោកនៅតែត្រូវការទេពកោសល្យរបស់ក្មួយៗ ។ វាត្រូវការការរួមចំណែករបស់ក្មួយៗ ។ សាសនាចក្រត្រូវការសេចក្តីជំនឿរបស់ក្មួយៗ ។ វាត្រូវការកម្លាំង និងដៃជំនួយរបស់ក្មួយៗ ។ ជីវិតពុំបរាជ័យទេ លើកលែងតែយើងថា វាបរាជ័យ » ។
ក្តីសង្ឃឹមលើអនាគត
អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ បានបញ្ចប់ដោយថ្លែងទីបន្ទាល់របស់ពួកលោក និងការប្រកាសយ៉ាងម៉ឺងម៉ាត់ថា យុវមជ្ឈិមវ័យអាចមានក្តីសង្ឃឹមលើអនាគតរបស់ពួកគេ តាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
បងស្រី ហ្គូដយ បានមានប្រសាសន៍ថា « ខ្ញុំដឹងថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយទ្រង់មានព្រះជន្មរស់ ។ ខ្ញុំដឹងថា ជីវិតនេះគឺជាពេលវេលាដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះ » ។
អែលឌើរ និងស៊ីស្ទើរ ហ្គីលប៊ឺត បានផ្ដល់ទីបន្ទាល់ខ្លីៗនៅឯការប្រជុំធម្មនិដ្ឋាន ដោយបន្ថែមសាក្សីរបស់ពួកលោកថា ការស្វែងរកជំនួយពីព្រះអម្ចាស់នាំមកនូវអព្ភូតហេតុក្នុងជីវិតរបស់មនុស្សម្នាក់ ។
Godoy-young-adult អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅបានមានប្រសាសន៍នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោក សម្រាប់ការចាក់ផ្សាយសម្រាប់យុវមជ្ឈិមវ័យចេញពីរោងឧបោសថសលត៍ លេក ទីក្រុង សលត៍ លេក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។ 2024 by Intellectual Reserve, Inc. All rights reserved. DOWNLOAD
ស៊ីស្ទើរ ហ្គីលប៊ឺត បានមានប្រសាសន៍ថា « ខ្ញុំសូមឈរជាសាក្សីថា នៅពេលយើងដាក់ឲ្យព្រះអម្ចាស់មានចំណែក នោះទ្រង់នឹងដឹកនាំបំណងប្រាថ្នារបស់យើង ហើយលើកតម្កើងការខិតខំដ៏អស់ពីសមត្ថភាពរបស់យើង » ។
« មធ្យោបាយតែមួយគត់សម្រាប់ក្មួយៗដើម្បីក្លាយជាបុគ្គលដែលក្មួយៗចង់ប្រែក្លាយ និងដើម្បីស្វែងរកអំណរក្នុងដំណើរនេះ គឺការយាងព្រះអម្ចាស់ឲ្យមានចំណែក » —អែលឌើរ ក្លាក ជី ហ្គីលប៊ឺត
អែលឌើរ ហ្គីលប៊ឺត បានបន្ថែម ៖ « មធ្យោបាយតែមួយគត់សម្រាប់ក្មួយៗដើម្បីក្លាយជាបុគ្គលដែលក្មួយៗចង់ប្រែក្លាយ និងដើម្បីស្វែងរកអំណរក្នុងដំណើរនេះ គឺការយាងព្រះអម្ចាស់ឲ្យមានចំណែក » ។
ជាចុងបញ្ចប់ អែលឌើរ ហ្គូដយ បានថ្លែងទីបន្ទាល់ថា « ខ្ញុំដឹងថា ព្រះប្រោសលោះរបស់ខ្ញុំមានព្រះជន្មរស់ ហើយតាមរយៈព្រះគុណ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ នោះយើងអាចមានសេចក្តីសង្ឃឹម និងអំណរនៅក្នុងជីវិតនេះ និងគ្រួសារដ៏នៅអស់កល្បជានិច្ចមួយនាពេលអនាគត » ។
របៀបមើលការប្រជុំធម្មនិដ្ឋាននេះ
ព្រឹត្តិការណ៍នេះបានចែកចាយនៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ប្រព័ន្ធផ្កាយរណបរបស់សាសនាចក្រ BYUtv , Gospel Stream និង the Church’s YouTube channel ។ ការប្រជុំធម្មនិដ្ឋាននេះក៏អាចចូលមើលបាន នៅលើបណ្ណាល័យដំណឹងល្អ ផងដែរ ។
អ្នកទស្សនានៅអាមេរិកខាងជើង និងខាងត្បូងអាចមើលការផ្សាយផ្ទាល់ជា ២១ ភាសាដូចខាងក្រោម ៖ ភាសាគអាមេរិក, ខ្មែរ, ឈូគីស, អង់គ្លេស, បារាំង, ហ្គារ៉ានី, ម៉ុង, ជប៉ុន, ខេកជី, កូរ៉េ, ម៉ុងហ្គោលី, ណាវ៉ាចូ, ពើស៊ី, ព័រទុយហ្គាល់, សាម័រ, អេស្ប៉ាញ, តាកាឡុក, ថៃ, តុងហ្គា, អ៊ុយក្រែន និងវៀតណាម ។
អក្សរសម្រាប់មនុស្សថ្លង់គឺមានជាការចាក់ផ្សាយ ជាភាសាអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់ ។
នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅពាក់កណ្ដាលអាធាត្រ MDT ការប្រជុំធម្មនិដ្ឋាននេះអាចមើលតាមតម្រូវការជាងភាសាជាង ៤០ ភាសា ៖ អាល់បានី, អារ៉ាប់, អាមេនី, ប៊ីស្លាមៀ, ប៊ុលហ្គារី, ចិនសម្រាយ, ភាសាចិនតាមបែបប្រពៃណី, ស៊ីប៊ូអាណូ, ក្រូអាត, ឆែក, ដាណាម៉ាក, ហូឡង់, អេស្តូនី, ហ្វីជី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិច, ហុងគ្រី, អ៊ីស្លង់, ឥណ្ឌូណេស៊ី, អ៊ីតាលី, គីនីវ៉ាន់ដា, គីរីបាទី, លីនដាឡា, ឡាត់វៀន, លីទុយអានី, ម៉ាឡាហ្គាស៊ី, ម៉ាឡេ, ម៉ាស្សែ, នរវ៉េ, ប៉ូឡូញ, ព័រទុយហ្គាយ ( ព័រទុយហ្គាយ ), រ៉ូមានី, រុស្សី, ស៊ែប៊ី, ស្លូវ៉ាគី ស្លូវានី, ហូលីបា, ស៊ុយអែត និងអ៊ូឌូ ។
ព័ត៌មានអក្សរសម្រាប់មនុស្សថ្លង់ និងម៉ោងការចាក់ផ្សាយតាមផ្សាយរណបមាននៅលើ កាលវិភាគការចាក់ផ្សាយ ។
Copyright 2024 Deseret News Publishing Company.