Translation

អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​ដែល​បាន​ចែកចាយ​នៅ​ទូទាំង​ព្រំដែន​អន្តរជាតិ

ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ជួយ​នាំយក​ការបណ្តុះ​បណ្តាល ជំនាញ និង​ឧបករណ៍​សំខាន់ៗ​មក​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ជំនួយ​ពី​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​មកពី​មជ្ឈមណ្ឌល​សម្រាប់​ការវះកាត់​ជាសកល​មកពី​សហរដ្ឋ​អាមេរិក ។

ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​មកពី​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​យូថាហ៍ ផ្នែក​ការវះកាត់​សកល បានមក​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ក្នុង​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ។ ពួកគេ​បាន​ចែកចាយ​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​របស់​ពួកគេ -- ដែល​ជា​អំណោយទាន​នៃ​ចំណេះដឹង -- ដោយ​ការស្ម័គ្រចិត្តលះបង់ពេល​របស់​ពួកគេ​នៅក្នុង​គម្រោង​មួយ​ដើម្បី​បង្រៀន និង​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត និង​បុគ្គលិក​នៅក្នុង​ប្រទេស​កម្ពុជា​អំពី​របៀប​ធ្វើការ​វះកាត់​ដែល​ប្រើ​ឧបករណ៍​ឆ្លុះពោះ ។ គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ និង​ជំនួយ​តាម​រយៈ​ការបរិច្ចាគ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ធំ​តែមួយ​គត់​សម្រាប់​ប្រជាជន ១.២ លាន​នាក់​នៅ​ខេត្ត​កំពង់ចាម ។ ចំណេះដឹង និង​ការបណ្តុះ​បណ្តាល​ថ្មីៗ​ដល់​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ប្រចាំមូលដ្ឋាន​នៅ​មន្ទីរពេទ្យ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ។ មុន​ពេល​មាន​ការបណ្តុះ​បណ្តាល​នេះ និង​ឧបករណ៍​ថ្មី ការវះកាត់​នៅ​មន្ទីរពេទ្យ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ស្នាម​វះ​ធំៗ ។ អ្នកជំងឺ​តម្រូវ​ឲ្យ​ស្នាក់​នៅ​មន្ទីរពេទ្យ និង​ពេលវេលា​ព្យាបាល​យូរ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ហានិភ័យ​ផលវិបាក​ខ្ពស់ ។ ឥឡូវនេះ អ្នកជំងឺ​ឆាប់​បាន​ចេញពី​មន្ទីរពេទ្យ ដោយ​មាន​ការកក​ឈាមតិច ការឆ្លង​មេរោគ​តិច និង​ការឈឺចាប់​តិចតួច ។

លោកស្រី​យឹម សុខា អាយុ ៤៨ ឆ្នាំ ជា​អ្នកទទួល​ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះពោះ​ដំបូងគេ​នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​អាច​ឈឺ​បាន​ទេ ។ ខ្ញុំ​ជា​កសិករ ហើយ​ខ្ញុំ​មើលថែ​ចៅ​បី​នាក់​របស់​ខ្ញុំ » ។ អ្នកស្រី យឹម បានប្រាប់​ថា គាត់​លែង​មាន​ការឈឺចាប់​ទៀត​ហើយ ហើយ​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការវះកាត់​ដោយប្រើ​ឧបករណ៍​ឆ្លុះពោះ​របស់​គាត់ ។ វេជ្ជបណ្ឌិត​របស់​គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​ធ្វើការ​វះកាត់​ហើយ គាត់​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ទេ រហូតដល់​រយៈពេល​ពី ៧ ទៅ ១០ ថ្ងៃ ទើប​អាច​ទៅ​ផ្ទះ​បាន ហើយ​ត្រូវ​ចំណាយពេល​ព្យាបាល​យូរ ទើប​គាត់​អាច​ធ្វើ​ការ​វិញ​បាន ។

លោកស្រី ​ថន វន្នី អាយុ ៥៧ ឆ្នាំ ដែល​បាន​ទទួល​ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​ពោះ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​អារម្មណ៍​ធម្មតា ហើយ​មិន​សូវ​ឈឺ​ទេ » ។ លោកស្រី​ថុន បាន​មាន​ប្រសាសន៍​ថា វា​សំខាន់​ណាស់​ដែល​គាត់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ឲ្យ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ដើម្បី​បន្ត​ការងារ​របស់គាត់ និង​មើល​ចៅ​ពីរនាក់​ដែល​គាត់​ត្រូវ​មើលថែ ខណៈពេល​ដែល​កូនស្រី​របស់​គាត់​ចេញ​ទៅ​ធ្វើ​ការ ។ អ្នកជំងឺ​ទាំង​ពីរនាក់​រស់នៅ​ជាមួយ​ការឈឺចាប់​អស់​ជាច្រើន​ឆ្នាំ ហើយ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការវះកាត់​ពីមុន ដោយសារតែ​រយៈពេល​នៃ​ការជា​សះស្បើយ​យូរ​ពេក ។

គម្រោង​នេះ​បានចាប់ផ្តើម​ដំបូង​ជាមួយនឹង​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) មកពី​សាសនាចក្រ វេជ្ជបណ្ឌិត រ៉ន និង ខែម អាន់ឌើរសុន ដែល​បាន​ជួយ​រុញ​កៅអ៊ី ។ តួនាទី​របស់​ពួកគាត់​បាន​ទទួល​ជោគជ័យ​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស្វាមីភរិយា គឺ​អែលឌើរ ម៉ៃឃើល និង ស៊ីស្ទើរ ថានយ៉ា ឆានល័រ ដែល​បានជួយ​បញ្ចប់​គម្រោង​ជា​ស្ថាពរ ហើយ​នឹង​បន្ត​ជួយ​ក្នុង​ការ​គ្រប់គ្រង​ការងារ​នេះ ។ សាសនាចក្រ​បានបរិច្ចាគ​ឧបករណ៍​បន្ទប់វះកាត់​ចាំបាច់ ឧបករណ៍ ឆ្លុះ​ពោះ ក៏​ដូចជា​ឧបករណ៍​សម្រាប់​បណ្តុះបណ្តាល​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ផងដែរ ។

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​បានបរិច្ចាគ​ពេលវេលា​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចែកចាយ​ចំណេះដឹង​របស់​ពួកគេ​ក្នុងការ​លើក​កម្ពស់​ទំហែទាំ​សុខភាព និង​ជីវិត​របស់​អ្នក​ដែល​ត្រូវការ​ការវះកាត់ ។ សម្រាប់​វេជ្ជបណ្ឌិត និង​បុគ្គលិក​នៅ​រដ្ឋ​យូថាហ៍​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា នោះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។ ការបង្ហាត់បង្រៀន​ត្រូវបាន​ដាក់ផែនការ​យ៉ាងល្អ​ជាមួយនឹង​កម្មវិធី​បណ្តុះ​បណ្តាល​ជា​ស្តង់ដារ​ដែល​ត្រូវ​បានបង្កើត​ឡើង​ចេញពី​បទពិសោធន៍ ទិន្នន័យ និង​ការស្រាវជ្រាវ ។ លើសពីនេះ ឧបករណ៍​សម្រាប់​ធ្វើ​ការបណ្តុះបណ្តាល ឧបករណ៍​វះកាត់​ថ្មី ម៉ាស៊ីន និង​ឧបករណ៍​នានា ត្រូវ​បញ្ជូន​មក មុន​ពេល​ក្រុម​នេះ​មក​ដល់ ។ វេជ្ជបណ្ឌិត រ៉ៃម៉ន ប្រាយ ដែល​ជា​អនុប្រធាន​ផ្នែក​កិច្ចការ​សកល នៃ​នាយកដ្ឋាន​វះកាត់​នៅ​សាកលវិទ្យាល័យ យូថាហ៍ បាន​មាន​ប្រសាសន៍​ថា « ទំហំ​នៃ​គម្រោង​នេះ​គឺ​មាន​សារៈសំខាន់ ហើយ​នឹង​មាន​ភាពទូលំទូលាយ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ។ គម្រោង​នេះ​អនុញ្ញាត​ឲ្យ​មាន​និរន្តរភាព​យូរអង្វែង និង​លទ្ធភាព​ទទួល​បាន​ទំហែទាំ​ផ្នែក​វះកាត់​ប្រកប​ដោយ​គុណភាព​ក្នុង​តំបន់ ។ ប្រព័ន្ធ​ទំហែទាំ​សុខភាព​ទាំងមូល​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​ការវះកាត់​ដែល​រាតត្បាត​តិចតួច » ។ ស្របតាម​គម្រោង​នេះ វេជ្ជបណ្ឌិត​ប្រចាំ​មូលដ្ឋាន​នឹង​មាន​ជំនាញ​កាន់តែ​ច្រើន ឧបករណ៍ និង​នីតិវិធី​កាន់តែ​ប្រសើរ ហើយ​អាច​ព្យាបាល​អ្នកជំងឺ​បាន​កាន់តែ​ច្រើន ដែល​នឹង​ចំណាយពេល​សម្រាក​នៅ​មន្ទីរពេទ្យ​កាន់តែ​តិច កាត់បន្ថយ​ផលវិបាក ធ្វើ​ឲ្យ​ការប្រើប្រាស់​ទីតាំង​មន្ទីរពេទ្យ​ដែល​មាន​កំណត់​កាន់តែ​មាន​ប្រសិទ្ធភាព ។ 

គម្រោង​ឧបករណ៍​ឆ្លុះពោះ​នេះ មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​សាសនាចក្រ​បាន​ចូលរួម​ជាមួយ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​នោះ ។

Kampong-Cham-Hospital-training-February-2023,-Cambodia.
Kampong-Cham-Hospital-training-February-2023,-Cambodia.
វេជ្ជបណ្ឌិត អេងជែល ហ៊ូដូប្រូ បញ្ចូល​ទិន្នន័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​នា​ខែ​កុម្ភៈ ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ សាសនាចក្រ​បានបរិច្ចាគ​ឧបករណ៍​ឆ្លុះពិនិត្យ​សរីរាង្គ និង​ឧបករណ៍​ពាក់ព័ន្ធ ក៏​ដូចជា​ម៉ាស៊ីន​ភ្លើង​ធំ និង​ឧបករណ៍​ផ្សេងទៀត​ដើម្បី​ជួយ​ផ្តល់​ថាមពល​ឲ្យ​មាន​ស្ថេរភាព និង​អាច​ទុកចិត្ត​បាន ដែល​ចាំបាច់​សម្រាប់​ដំណើរការ​ឧបករណ៍​ដ៏​សំខាន់​នេះ ។ 

វេជ្ជបណ្ឌិត​ប្រចាំ​មូលដ្ឋាន លោក ខ្វាត ផូ និង​វេជ្ជបណ្ឌិត ស៊ុយ បូរិន បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​បទពិសោធន៍​របស់​ពួកគាត់​ដែល​ទទួល​ការបណ្តុះបណ្តាល​ថា « យើង​ពិតជា​មាន​អំណរគុណ​ចំពោះ​ចំណេះដឹង និង​ការបណ្តុះ​បណ្តាល ដែល​យើង​បានទទួល និង​ឧបករណ៍​ដែល​បាន​បរិច្ចាគ ដើម្បី​ធ្វើ​ឲ្យ​ការបណ្តុះបណ្តាល និង​បទពិសោធន៍​នេះ​អាច​ដំណើរការ​ទៅ​បាន ។ ឥឡូវនេះ យើង​អាច​ព្យាបាល​ប្រជាជន​នៅ​មន្ទីរពេទ្យ​នេះ​បាន ហើយ​ពួកគាត់​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ភ្នំពេញ​ដែល​នៅ​ឆ្ងាយ​ប៉ុន្មាន​ម៉ោង​នោះ​ទេ » ។

ការខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ​ផ្តោត​លើការ​សម្រាល​ទុក្ខលំបាក ជំរុញ​ឲ្យ​មាន​ភាពខ្លួន​ទីពឹងខ្លួន និង​ការផ្តល់​ឱកាស​សម្រាប់​ធ្វើការ​បម្រើ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក ។ វេជ្ជបណ្ឌិត ប្រាយ បានចែកចាយ​សម្រង់​មួយ​ពី អេដណា អាដាន អ៊ីស្មែល ដែល​សង្ខេប​គម្រោង​នេះ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សាសនាចក្រ​ដើម្បី​ជួយ​ផ្ដល់​ពរ​ដល់​ជីវិត​នៃ​អ្នក​ដែល​ខ្វះខាត ៖ « ចំណេះដឹង​គឺជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត ដែល​យើង​អាច​ផ្តល់​ដល់​ប្រជាជន​របស់​យើង និង​បន្ត​ដល់​មនុស្ស​ជំនាន់​ខាងមុខ » ។