ការកើនឡើងនៃភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈ អ្នកផ្តល់ប្រឹក្សាអង្គការប្រចាំតំបន់ (AOAs) ចំនួនប្រាំបួនរូប ដែលបច្ចុប្បន្នកំពុងបម្រើនៅតំបន់អាស៊ី ។ បងប្អូនស្រីទាំងនេះ ដែលតំណាងឲ្យវប្បធម៌ចម្រុះ និងតម្រូវការក្នុងតំបន់នឹងផ្តល់ការណែនាំ បង្ហាត់បង្រៀន និងការគាំទ្រក្នុងមូលដ្ឋានដល់ថ្នាក់ដឹកនាំសមាគមសង្គ្រោះ យុវនារី និងអង្គការបឋមសិក្សា ចាប់តាំងពីប្រទេសប៉ាគីស្ថានរហូតដល់តៃវ៉ាន់ ។
ពេលជញ្ជឹងគិតពីបទពិសោធន៍កន្លងមករបស់គាត់ អាហ្គណេស អ៊ឹង អតីតសមាជិក AOA មកពីទីក្រុងហុងកុងបានចែកចាយបទពិសោធន៍របស់គាត់ក្នុងការបម្រើការនៅក្នុងក្រុមអ្នកត្រួសត្រាយផ្លូវ រយៈពេលប្រាំឆ្នាំ ។ គាត់បានរំឭកពីភាពរីកចម្រើនដ៏សំខាន់មួយដែលបានកើតឡើង នៅពេលដែលពួកគាត់បានផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់របស់ពួកគាត់ទៅលើការបំពាក់បំប៉នជាផ្លូវការ ទៅជាការស្វែងរកវិវរណៈផ្ទាល់ខ្លួនជាមួយគ្នា ។
គាត់បានមានប្រសាសន៍ថា « ខ្ញុំបានចែកចាយជាមួយពួកគេថា ពេលវេលារបស់យើងជាមួយថ្នាក់ដឹកនាំអង្គការស្តេក និងមណ្ឌលមិនមែនគ្រាន់តែផ្តល់ការបំពាក់បំប៉នដល់ពួកគេនោះទេ ប៉ុន្តែវាក៏ជាការជួយពួកគេឲ្យទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធផងដែរ » ។ ជាការចែករំលែកនូវក្តីសង្ឃឹមរបស់គាត់ចំពោះក្រុមអ្នកផ្តល់ប្រឹក្សាទាំងនេះ គាត់បានបន្ថែមថា « ខ្ញុំអធិស្ឋានសូមឲ្យពួកគាត់មានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអាចទទួលអារម្មណ៍ និងចែកចាយសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងការថែទាំរបស់ទ្រង់ជាមួយអ្នកដទៃ ។ ព្រះទ្រង់ជ្រាបពីបងប្អូនស្រីជាថ្នាក់ដឹកនាំទាំងនេះ » ។
ការបោះជំហានចូលទៅក្នុងកេរដំណែលដែលបានបង្កើតឡើងនេះ អ្នកផ្តល់ប្រឹក្សាអង្គការប្រចាំតំបន់ឆ្នាំ២០២៦ នាំមកនូវបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈអាជីពជាច្រើន រួមមាន ការយល់ចិត្តយ៉ាងជ្រាលជ្រៅ និងភាពចាស់ទុំខាងវិញ្ញាណ ដើម្បីបម្រើដល់តំបន់របស់ពួកគាត់ ៖

2026-AOA_2.jpg
( ជួរទី ១ ពីឆ្វេងទៅស្តាំ ) ៖ សុខ បូលីនដា មកពីប្រទេសកម្ពុជា, ហ្គ្រេស ( មីង យូ ) ចេង មកពីហុងកុង, មីននី សាលីនី អ៊ីសាក មកពីប្រទេសឥណ្ឌា, ជេនណេត ម៉ារៀណា អូលីវីរ៉ូ មកពីប្រទេសឥណ្ឌូនេស៊ី, ចិនយីង លី មកពីប្រទេសម៉ាឡេស៊ី ( ជួរទី ២ ពីឆ្វេងទៅស្តាំ ) ៖ អាភៀ កៀរ៉ាន ភីធើរ មកពីប្រទេសប៉ាគីស្ថាន, យ៉ានជីរ៉ា ស៊ីរិសាន មកពីប្រទេសថៃ, ស៊ូ វេន យ៉ាង មកពីតៃវ៉ាន់ និង ធី ថាញ់ ង្វៀន មកពីប្រទេសវៀតណាម ។2026 by Intellectual Reserve, Inc. All rights reserved.- សុខ បូលីនដា ( កម្ពុជា ) ៖ ជាអ្នកគ្រប់គ្រងធនធានផលិតកម្មរបស់សាសនាចក្រ ដែលមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ។ បងស្រី បូលីនដា បានកត់សង្កេតឃើញពីការប្រឈមដែលយុវវ័យជួបប្រទះជាមួយនឹងការផ្លាស់ប្តូរវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់បានសង្កត់ធ្ងន់លើការលើកកម្ពស់ការជួយមនុស្សឲ្យមានការយល់ដឹងដ៏ជ្រាលជ្រៅអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយមានប្រសាសន៍ ៖ « ទីណាដែលមានសេចក្តីស្រឡាញ់របស់ព្រះ ទីនោះក៏មានព្រះចេស្តានៃការព្យាបាលផងដែរ ដើម្បីផ្ដល់ពរ លួងលោម និងព្យាបាល » ។
- ហ្គ្រេស ( មីង យូ ) ចេង ( ហុងកុង ) ៖ ជាអ្នកគ្រប់គ្រងផ្នែកប្រឹក្សាយោបល់ដែលបានចូលនិវត្តន៍ ។ បងស្រី ចេង បានលើកឡើងពីការលំបាកក្នុងការបង្កើតទម្លាប់ខាងវិញ្ញាណនៅក្នុងទីក្រុងដែលមានភាពមមាញឹកនេះ ។ គាត់ដាក់ផែនការលើកទឹកចិត្តថ្នាក់ដឹកនាំឲ្យលះបង់ពេលវេលាប្រចាំថ្ងៃដល់ព្រះអម្ចាស់ ដោយរំឭកពួកគាត់ថា ព្រះមានផែនការផ្ទាល់ខ្លួនជាក់លាក់សម្រាប់ការរីកចម្រើនរបស់បុគ្គលម្នាក់ៗ ។
- មីននី សាលីនី អ៊ីសាក ( ឥណ្ឌា ) ៖ ធ្វើការឲ្យនាយកដ្ឋានប្រៃសណីយ៍ឥណ្ឌា ។ បងស្រី អ៊ីសាក មានប្រសាសន៍ពីសម្ពាធការថែទាំ និងការសិក្សាដែលដាក់បន្ទុកលើស្ត្រី និងយុវវ័យឥណ្ឌា ។ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់របស់គាត់ គាត់សង្ឃឹមថានឹងបណ្តុះសេចក្តីពិតដ៏សំខាន់មួយនៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំដែលគាត់បម្រើ ៖ « ព្រះអម្ចាស់ប្រទានកម្លាំងដល់អស់អ្នកដែលទ្រង់បានហៅ ហើយអ្នកមិននៅឯកោឡើយ » ។
- ជេនណេត អូលីវីរ៉ូ ( ឥណ្ឌូនេស៊ី ) ៖ ជាអ្នកសម្របសម្រួលផ្នែកភាសា និងជាសមាជិកនៃសាសនាចក្រអស់រយៈពេលជិត៥០ឆ្នាំ ។ បងស្រី អូលីវីរ៉ូ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចេះសង្កេតខាងវិញ្ញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាដោយឈ្លាសវៃ ។ គោលដៅរបស់គាត់គឺជួយថ្នាក់ដឹកនាំឲ្យរក្សាការផ្តោតរបស់ពួកគាត់ទៅលើព្រះអង្គសង្គ្រោះដើម្បីស្វែងរកភាពសុខសាន្តយូរអង្វែង ។
- ចេន យីង លី ( ម៉ាឡេស៊ី ) ៖ ជាគ្រូពេទ្យចិត្តសាស្រ្ត ។ បងស្រី លី យល់ច្បាស់អំពីការប្រឈមពិសេសនៃការរស់នៅក្នុងនាមជាសមាជិកនៃសាសនាតូចមួយនៅក្នុងប្រទេស ។ គាត់សង្ឃឹមថានឹងជួយបងប្អូនស្រីក្នុងមូលដ្ឋានឲ្យយល់ពីតម្លៃដ៏ទេវភាពរបស់ពួកគេ ដើម្បីពួកគេអាចងាកចេញពីសម្ពាធខាងលោកិយ ហើយទុកចិត្តថាព្រះអម្ចាស់កំពុងដឹកនាំកិច្ចការរបស់ទ្រង់ ។
- អាភៀ កៀរ៉ាន ភីធើរ ( ប៉ាគីស្ថាន ) ៖ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ( MBA ) ។ បងស្រី ភីធើរ យល់ពីឧបសគ្គវប្បធម៌ និងឱកាសអប់រំមានកំណត់ ដែលស្ត្រីក្នុងមូលដ្ឋានជាច្រើនប្រឈមមុខ ។ តាមរយៈការបង្ហាត់បង្រៀនរបស់គាត់ គាត់មានគោលបំណងបង្កើត « ទីកន្លែងមួយដែលមានសុវត្ថិភាព និងលើកតម្កើង ជាកន្លែងដែលពួកគេមានអារម្មណ៍ថាត្រូវបានស្តាប់ ឲ្យតម្លៃ និងទទួលបានកម្លាំងចិត្ត ដើម្បីបង្កើតឥទ្ធិពលវិជ្ជមាននៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ » ។
- យ៉ានជីរ៉ា ស៊ីរិសាន ( ប្រទេសថៃ ) ៖ ជាសហគ្រិនដែលមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ។ បងស្រី ស៊ីរិសាន យល់ពីសម្ពាធក្នុងការវាស់វែងឲ្យស្របតាមឧត្តមគតិសង្គម ។ គាត់ចាត់ទុកការបម្រើនៅក្នុងសាសនាចក្រជាដំណើរការបន្សុទ្ធ ដោយចែកចាយថាការហៅបម្រើគឺជា « ឱកាសសម្រាប់ការផ្លាស់ប្ដូរ មិនមែនគ្រាន់តែជាកាតព្វកិច្ចដើម្បីបំពេញនោះទេ » ។
- ស៊ូ វេន យ៉ាង ( តៃវ៉ាន់ )៖ បងស្រី យ៉ាង ជាអ្នកបកប្រែឯករាជ្យដែលមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតផ្នែកអប់រំភាសាបរទេស សង្កេតឃើញពីសម្ពាធសិក្សាធិការ និងសង្គមយ៉ាងខ្លាំងទៅលើយុវវ័យតៃវ៉ាន់ ។ គាត់លើកទឹកចិត្តថ្នាក់ដឹកនាំឲ្យចាត់ទុកអង្គការនៅក្នុងសាសនាចក្រថាជា « សហគមន៍នៃសិស្សដែលមានទំនាក់ទំនងជិតស្និទ្ធ ហើយការបម្រើរបស់ពួកគាត់មានភាពទាក់ទងគ្នាយ៉ាងជ្រាលជ្រៅ » ។
- ធី ថាញ់ ង្វៀន ( វៀតណាម ) ៖ ជាអ្នកប្រែចិត្តជឿម្នាក់ដែលបានប្រឈមមុខនឹងការប្រឆាំងពីគ្រួសារដំបូង បច្ចុប្បន្ននេះធ្វើការឲ្យផ្នែកជួយគាំទ្រដល់ថ្នាក់ដឹកនាំ និងសមាជិកនៃសាសនាចក្រនៅទីក្រុងហាណូយ ។ គាត់មានចក្ខុវិស័យចង់ជួយស្ត្រីក្នុងមូលដ្ឋានឲ្យឆ្លងកាត់ការរំពឹងទុកតាមប្រពៃណី ដោយឲ្យពួកគេចាក់ឫសនៅក្នុងសេចក្តីពិតថា ពួកគេជា « បុត្រីជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ជាទីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដោយមានគោលបំណង និងសក្តានុពលដ៏ទេវភាព » ។
អែលឌើរ ខេលី អរ ចនសុន ប្រធានតំបន់អាស៊ីរបស់សាសនាចក្របានមានប្រសាសន៍ថា « យើងមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងឆន្ទៈរបស់បងប្អូនស្រីដ៏អស្ចារ្យទាំងនេះក្នុងការបម្រើ ។ ភាពចាស់ទុំខាងវិញ្ញាណរបស់ពួកគាត់ បទពិសោធន៍ចម្រុះ និងការលះបង់ចំពោះព្រះអង្គសង្គ្រោះនឹងអនុញ្ញាតឲ្យពួកគាត់ផ្ដល់ពរ ណែនាំ និងបង្ហាត់បង្រៀនយ៉ាងស៊ីជម្រៅដល់ថ្នាក់ដឹកនាំអង្គការបឋមសិក្សា យុវនារី និងសមាគមសង្គ្រោះស្តេក និងមណ្ឌល ខណៈពេលដែលសាសនាចក្របន្តចាក់ឫស និងរីកចម្រើននៅទូទាំងតំបន់អាស៊ី » ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងអ្នកផ្តល់ប្រឹក្សាអង្គការប្រចាំតំបន់ សូម ចុចនៅទីនេះ ។