president-nelson-2024.jpg
Translation

៩៩+១: ប្រធាន ណិលសុន អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​បន្ថែម​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​សម្រាប់​ថ្ងៃ​ខួប​កំណើត​គម្រប់ ១០០ ជន្មាយុ​របស់​លោក

ប្រធាន ណិលសុន សុំឲ្យមនុស្សទាំងអស់ « ចែកចាយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ » ដោយការឈោងទៅជួយដល់បុគ្គលដែលត្រូវការជំនួយ

នៅពេល​ប្រធាន រ័សុល អិម ណិលសុន ខិតជិត​ដល់​ថ្ងៃ​ខួបកំណើត​គម្រប់ ១០០ នៃ​ជន្មាយុ​របស់​លោក ( ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ) លោក​បាន​គូសបញ្ជាក់​ពី​កន្លែង​មួយ​នៅក្នុង​បទ គម្ពីរ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រើ​លេខ ១០០ ដើម្បី​បង្រៀន​មេរៀន​មួយ​អំពី​ការបម្រើ និង​សេចក្តីស្រឡាញ់ ។

នៅក្នុង​រឿង​ប្រៀបប្រដូច​នៃ​ចៀម​ដែល​វង្វេង ( ម៉ាថាយ ១៨ និង លូកា ១៥ ) ព្រះយេស៊ូវ​បង្រៀន​ថា យើង​គួរ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ​ដែល​ត្រូវការ​ជំនួយ​តាម​របៀប​ដែល​អ្នក​គង្វាល​ដែល​យកចិត្ត​ទុកដាក់​នឹង​ធ្វើ​សម្រាប់​ចៀម​របស់​គាត់—សូម្បី​បាត់​តែ​មួយ​ក្បាល​ពី​ហ្វូង​ដែល​មាន​ចំនួន ១០០ ក៏​ដោយ ។ ដោយ​លើកឡើង​ពី​ឧទាហរណ៍​នេះ ប្រធាន ណិលសុន បាន​ផ្ដល់​មតិយោបល់​ថា របៀប​មួយ​ដែល​យើង​អាច​ជួយ​ប្រារព្ធ​ខួប​កំណើត​លើក​ទី១០០ នៃ​ជន្មាយុ​របស់​លោក គឺជា​ការឈោង​ទៅ​ជួយ « បុគ្គលម្នាក់ » ដែល​ត្រូវការ​ជំនួយ ។

នៅ​ក្នុង​សារលិខិត​មួយ​ដែល​បានចុះផ្សាយ​នៅលើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ១០០ ថ្ងៃ​មុន​ថ្ងៃ​ខួបកំណើត នាថ្ងៃ​ទី៩ ខែកញ្ញា​របស់​លោក ប្រធាន ណិលសុន បាន​ថ្លែង​ថា

« អំណាយ​ខាងវិញ្ញាណ​មួយ​ដែល​នឹង​បំភ្លឺ​ជីវិត​របស់​ខ្ញុំ គឺ​សូម​ឲ្យ​យើង​ម្នាក់ៗ​ឈោង​ទៅ​ជួយ ‹ បុគ្គលម្នាក់ › ដែល​នៅក្នុង​ជីវិត​របស់​យើង ដែល​អាច​នឹង​មាន​អារម្មណ៍​វង្វេង ឬ​ឯកោ ។ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ៖ តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​អាច​កំពុង​បាក់​ទឹកចិត្ត​ដែរ​ឬ​ទេ ? តើ​នរណា​ដែល​បងប្អូន​ត្រូវ​ផ្សះផ្សា​ជាមួយ ឬ​សូម​ការអភ័យ​ទោស​ដែរ​ឬ​ទេ ? តើ​មាន​ឈ្មោះ​មួយ​នៅក្នុង​ចិត្ត​របស់​បងប្អូន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ ទោះបី​ជា​បងប្អូន​មិន​ដឹង​ពី​មូលហេតុ​ក៏​ដោយ ? នៅពេល​បងប្អូន​នាំ​យក​សំណួរ​ទាំងនេះ​ទៅកាន់​ព្រះអម្ចាស់ ទ្រង់​នឹង​បំផុសគំនិត​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដែល​បងប្អូន​អាច​ឈោង​ទៅ​ជួយ និង​លើក​បុគ្គល​ដែល​ត្រូវការ​ជំនួយ » ។

តាមរយៈ​ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ប្រធាន ណិលសុន បានបន្ត​ថា យើង​អាច « ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក » ។

សូមមើល​ការចុះផ្សាយ​របស់​ព្យាការី​នៅលើ Facebook, Instagram និង X ( អតីត Twitter ) ។

រ័សុល អិម ណិលសុន

ថ្ងៃទី១ ខែមិថុនា

ឆាប់ៗ​នេះ ខ្ញុំ​ឈាន​ដល់​ខួប​គម្រប់ ១០០ នៃ​ជន្មាយុ​របស់​ខ្ញុំ​ហើយ ។ កន្លែង​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បានប្រើ​លេខ ១០០ ក្នុង​ព្រះគម្ពីរ​គឺជា​រឿង​ប្រៀបប្រដូច​អំពី​ចៀម​ដែល​វង្វេងបាត់ ។ ទោះបីជា​ហ្វូងចៀម​របស់​គាត់​ចំនួន ៩៩ ក្បាល​បាន​នៅ​ក្បែរ​គាត់​ដោយ​សុវត្ថិភាព​ក៏​ដោយ អ្នកគង្វាល​បានស្វែងរក​ចៀម ១ ក្បាល​ដែល​បានវង្វេង​បាត់​ដែរ ។

នៅ​ជន្មាយុ ៩៩ នេះ ខ្ញុំ​មិន​ត្រូវការ​អំណោយ​ខាងសាច់ឈាម​នោះ​ទេ ។ ប៉ុន្តែ​អំណោយ​ខាងវិញ្ញាណ​មួយ​ដែល​នឹង​បំភ្លឺ​ជីវិត​របស់​ខ្ញុំ គឺ​សូម​ឲ្យ​យើង​ម្នាក់ៗ​ឈោង​ទៅ​ជួយ ‹ បុគ្គលម្នាក់ › ដែល​នៅក្នុង​ជីវិត​របស់​យើង ដែល​អាច​នឹង​មាន​អារម្មណ៍​វង្វេង ឬ​ឯកោ ។

នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ៖ តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​អាច​កំពុង​បាក់​ទឹកចិត្ត​ដែរ​ឬ​ទេ ? តើ​នរណា​ដែល​បងប្អូន​ត្រូវ​ផ្សះផ្សា​ជាមួយ ឬ​សូម​ការអភ័យ​ទោស​ដែរ​ឬ​ទេ ? តើ​មាន​ឈ្មោះ​មួយ​នៅក្នុង​ចិត្ត​របស់​បងប្អូន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ ទោះបី​ជា​អ្នក​មិន​ដឹង​ពី​មូលហេតុ​ក៏​ដោយ ? នៅពេល​បងប្អូន​នាំ​យក​សំណួរ​ទាំងនេះ​ទៅកាន់​ព្រះអម្ចាស់ ទ្រង់​នឹង​បំផុសគំនិត​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដែល​បងប្អូន​អាច​ឈោង​ទៅ​ជួយ និង​លើក​បុគ្គល​ដែល​ត្រូវការ​ជំនួយ ។

ឱ នោះ​គឺជា​គំរូ​ដ៏​ស្រស់ស្អាត​ខាង​វិញ្ញាណ​ដែល​ព្រះអង្គសង្គ្រោះ​បានបង្ហាញ​ដល់​យើង—ថា តាមរយៈ​យើង​ម្នាក់ៗ​ដែល​ធ្វើ​ការងារបម្រើ​ដល់​មនុស្ស​តែ​ម្នាក់​គត់​ដែល​យើង​អាច​ឈោង​ទៅដល់ នោះ​យើង​អាច​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពាសពេញ​ពិភពលោក ។ #99plus1