Translation

​វគ្គបណ្តុះបណ្តាល​សម្រាប់ការ​ជួយ​សង្គ្រោះជីវិត​ទារក​ទើប​នឹង​កើត ​នៅ​ប្រទេស​កម្ពុជា​

វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​កម្ពុជា ទទួល​បាន​គ្រឿង​បរិក្ខារ​វេជ្ជសាស្រ្ត និង​​វគ្គ​បណ្តុះបណ្តាល​​សម្រាប់ការ​ជួយ​សង្គ្រោះជីវិត​ទារក​ទើប​នឹង​កើត ។

Neonatal-Resuscitation-Training,-April-2032,-Cambodia.
Neonatal-Resuscitation-Training,-April-2032,-Cambodia.
ម្តាយ​ជា​ស្រ្តី​ខ្មែរ​ម្នាក់​កំពុងបី​ទារក​ទើប​នឹង​កើត​របស់​នាង ។ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្រ្ដ​មកពី​អង្គការ​សប្បុរសធម៌ អិល.ឌី.អេស.និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ស្ម័គ្រ​លះបង់​ពេលវេលា និង​ទេពកោសល្យ​របស់​ពួកគាត់ ដើម្បី​ផ្តល់​ការបណ្តុះ​បណ្តាល​ពី​របៀប​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​នឹង​កើត​ដល់​វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​នៅ​ប្រទេស​កម្ពុជា ។ ការបណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​តាកែវ និង​កំពង់ចាម ចាប់ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

កំណើត​ដ៏​រីករាយ​របស់​ទារក​អាច​ប្រែ​ទៅជា​សោកនាដកម្ម​យ៉ាង​ឆាប់រហ័ស បើ​ទារក​មិន​អាច​ដកដង្ហើម​បាន​ទេ​នោះ ។ ការជួយ​សង្គ្រោះ​ទារក​ទើប​នឹង​កើត អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​រវាងការ​រស់រានមានជីវិត និងសេចក្តីស្លាប់​ដោយ​ការស្តារ​ដង្ហើម​ទារក​ទើប​នឹង​កើត ។ ការបណ្តុះ​បណ្តាល​ដ៏​សំខាន់​នេះ​បាន​ផ្តល់​ជូន​ដល់​វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​នៅ​ប្រទេស​កម្ពុជា​ដោយ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មកពី​អង្គការ​សប្បុរសធម៌ អិល.ឌី.អេស.( LDSC ) និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​រួមគ្នា​ស្ម័គ្រ​លះបង់​ពេលវេលា និង​ទេពកោសល្យ​របស់​ពួកគាត់​ក្នុង​ការងារ​នេះ ។ គម្រោង​បណ្តុះបណ្តាល​ស្តីពី​សារៈសំខាន់​នៃ​ការមើលថែ​ដល់​ទារក​ទើប​នឹង​កើត (ENC) ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ និង​កំពង់ចាម និង​រៀបចំ​ដោយ​ខេត្ត​រៀងៗខ្លួន ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៣ ។

វគ្គ​សិក្សា ENC គឺជា​ការណែនាំ​ដែល​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក ( WHO ) ដែល​ប្រើប្រាស់​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ទាន់សម័យ​ដើម្បី​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​អំពី​របៀប​អនុវត្ត​នីតិវិធី​សង្គ្រោះ​ជីវិត​​ទារក ។ នៅពេល​ដែល​ត្រូវ​បាន​គ្រប់គ្រង​ជាមួយ​នឹង​កម្មវិធី​បណ្តុះបណ្តាល​ការជួយ​សង្គ្រោះ​ទារក​ទើប​នឹង​កើត​របស់ LDSC វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​ទាំងនេះ​ក៏​រៀន​ពី​របៀប​បង្រៀន​ដល់​បុគ្គលិក​ពេទ្យ​ផ្សេង​ទៀត​ក្នុង​ជំនាញ​ដូចគ្នា​នេះ ដើម្បី​ប្រើប្រាស់​ការឆ្លើយតប​ជាក្រុម​ទៅនឹង​តម្រូវការ​ទារក​ទើប​នឹង​កើត ។ គម្រោង​បណ្តុះបណ្តាល ENC ដែល​ផ្តោតលើ​ការជួយ​សង្គ្រោះ​ទារក​ទើប​នឹង​កើត​ផ្តល់​ឧបករណ៍​ចាំបាច់​សម្រាប់​វេជ្ជបណ្ឌិត និង​ពេទ្យ​ឆ្មប​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​នឹង​កើត​ដែល​មិន​ដក​ដង្ហើម ។

​វេជ្ជបណ្ឌិត មីធ ម៉ូហ្វីត ជា​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​នៃ​ក្រុម​ស្ម័គ្រចិត្ត ENC បាន​ប្រាប់​អ្នក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​កំពង់ចាម​ថា « យើង​រំភើប​ណាស់​ដែល​អ្នក​ទាំងអស់​គ្នា​បាន​រៀន​ជំនាញ​សំខាន់ៗ​ទាំងនេះ ប៉ុន្តែ​វា​នឹង​មិន​មាន​អារម្មណ៍​ថា​ជោគជ័យ​ទេ រហូត​ដល់​អ្នក​ចាប់ផ្តើម​បង្រៀន​ដល់​អ្នក​ដទៃ​ទៀត » ។ ការផ្ទេរ​ចំណេះដឹង និង​ជំនាញ​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ LDSC មកពី​សហរដ្ឋ​អាមេរិក​ទៅកាន់​វេជ្ជបណ្ឌិត ពេទ្យ​ឆ្មប និង​អ្នក​អប់រំ​មកពី​ស្រុក​ចំនួន​ប្រាំបី​ក្នុង​ខេត្ត​ទាំងពីរ​នឹង​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​ក្នុងការ​ជួយ​អ្នក​ដែល​បាន​ទទួល​ការបណ្តុះ​បណ្តាល​ឲ្យ​មាន​ភាពជឿជាក់​លើ​ខ្លួន​ឯង និង​បង្រៀន​បុគ្គលិក​ពេទ្យ​ផ្សេង​ទៀត​ផងដែរ ។

គម្រោង​នេះ​តម្រូវ​ឲ្យ​គ្រូពេទ្យ​កម្ពុជា​ដែល​ទើប​ទទួល​បាន​ការបណ្ដុះបណ្តាល​ជំនាញ​ថ្មី​ទាំង​នោះ ត្រឡប់​ទៅ​មន្ទីរពេទ្យ​បង្អែក​របស់​ពួកគេ​វិញ​ដើម្បី បង្រៀន​ជំនាញ​ថ្មី​នេះ​ដល់​គ្រូពេទ្យ​ផ្សេង​ទៀត ។ ដូច្នេះ ជាមួយ​ការគាំទ្រ​សហគមន៍​ពី​មន្ទីរ​សុខាភិបាល​ខេត្ត គម្រោង​នេះ​នឹង​ក្លាយ​ទៅ​ជា​គម្រោង​ទ្រទ្រង់ និង​ជួយ​កែលម្អ​ស្ថានការណ៍​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​របៀប​ដែល​ប្រកប​ដោយ​អត្ថន័យ និង​អចិន្ត្រៃយ៍ ។ វេជ្ជបណ្ឌិត ជិន ដារិទ្ធ ជា​សិក្ខាកាម​ម្នាក់​ក្នុង​ខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការបណ្តុះ​បណ្តាល​នេះ ហើយ​មាន​អារម្មណ៍​ថា ពេលនេះ​ខ្ញុំ​អាច​ជួយ​ជីវិត និង​ជួយ​អ្នកដទៃ​ឲ្យ​រៀន​ជំនាញ​ដូចគ្នា​នេះ » ។

​វេជ្ជបណ្ឌិត រីឆាត ប៊ែល ដែល​ជា​វេជ្ជបណ្ឌិត​នៅក្នុង​ក្រុម​ស្ម័គ្រចិត្ត​ដែល​បាន​ធ្វើ​ដំណើរ និង​បង្រៀន​កម្មវិធី​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ បាន​ចែកចាយ​ទស្សនៈ​ផ្សេង​គ្នា​អំពី​ឥទ្ធិពល​នៃ​ការបណ្តុះ​បណ្តាល ។ លោក​បាន​មាន​ប្រសាសន៍​ថា « វគ្គ​បណ្តុះបណ្តាល​នេះ​មិន​មែន​តែ​អំពី​តួលេខ​នោះ​ទេ គឺ​និយាយ​អំពី​ទារក និង​ម្តាយ និង​គ្រួសារ​ផងដែរ ។ វា​គឺ​អំពី​កូន​របស់​ព្រះ ។ នៅពេល​ដែល​ទារក​ស្លាប់ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សហគមន៍​ផងដែរ » ។ ស្រដៀង​គ្នា​នេះ​ដែរ គម្រោង​នេះ​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សហគមន៍​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​វា​អាច​ដំណើរការ​បាន ។

Neonatal-Resuscitation-Training-in-Cambodia,-April-2023.
Neonatal-Resuscitation-Training-in-Cambodia,-April-2023.
អ្នកជំនាញ​ស្ម័គ្រចិត្ត​ផ្នែក​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិត រីឆាត ប៊ែល បង្រៀន​នៅក្នុង​គម្រោង​បណ្តុះបណ្តាល​ស្តីពី​សារៈសំខាន់​នៃ​ការមើលថែ​ដល់​ទារក​ទើប​នឹង​កើត​នៅ​ប្រទេស​កម្ពុជា ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ចាម ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ដ​មកពី​សហរដ្ឋ​អាមេរិក ក្រោម​អង្គការ​សប្បុរសធម៌ អិល.ឌី.អេស. ដើម្បី​ផ្តល់​ការបណ្តុះ​បណ្តាល​នៅ​ខែ​មេសា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

​វេជ្ជបណ្ឌិត ប៊ែល និង​​វេជ្ជបណ្ឌិត រ៉ូប៊ឺត ក្លាក គឺជា​វេជ្ជបណ្ឌិត​មកពី​សាសនាចក្រ​ដែល​លះបង់​ពេលវេលា និង​ការបម្រើ​របស់​ពួកលោក​ដើម្បី​បង្រៀន​វេជ្ជបណ្ឌិត បុគ្គលិក​ពេទ្យ និង​ពេទ្យ​ឆ្មប​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​អំពី​បច្ចេកទេស​សង្គ្រោះ​ជីវិត​នៃ​ការបណ្តុះបណ្តាល​ជួយ​សង្គ្រោះ​ទារក​ទើប​នឹង​កើត ។ ​បណ្ឌិត ប៊ែល និង​វេជ្ជបណ្ឌិត ក្លាក បាន​បម្រើ​រួមគ្នា​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សាសនាចក្រ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅ​ហុងកុង ។ បន្ទាប់ពី​ការណែនាំ​ពី​កម្មវិធី​ជួយសង្គ្រោះ​ទារក​ទើប​នឹង​កើត​ដោយ សាកលវិទ្យាល័យ​ជំងឺ​កុមារ​អាមេរិកាំង ពួកលោកបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​ចិន​នៅដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដើម្បី​ជួយ​កាត់​បន្ថយ​ការស្លាប់​របស់​ទារក​ទើប​នឹង​កើត​នៅ​ទីនោះ ។ នៅទីបំផុត កម្មវិធី​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សាសនាចក្រ​ក្រោម​ដៃ​សប្បុរសធម៌ LDSC ហើយ​ក្រុម​ស្ម័គ្រចិត្ត​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការបណ្តុះ​បណ្តាល​កាន់តែ​ប្រសើរ​ឡើង ។

បន្ថែម​ពី​លើ​លោក​វេជ្ជបណ្ឌិត ប៊ែល និង​ក្លាក ក៏​មានក្រុមការងារ ENC ប្រចាំ​ប្រទេស​កម្ពុជា​រួមមាន​គ្រូពេទ្យ​ផ្នែក​កុមារ វេជ្ជបណ្ឌិត ម៉ូហ្វីត ជាមួយ ជេនីហ្វឺ ជ័រហ្គីនសុន និង សារ៉ា ក្លាក ដែល​ជា​គិលានុបដ្ឋាយិកា​ផ្នែក​ទារក​ទើប​នឹង​កើត និង​អ្នក​អប់រំ​ផ្នែក​សម្រាល​កូន​រៀងៗ​ខ្លួន ។ នៅ​ភាគី​កម្ពុជា លោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បាន​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​នេះ និង​ចូលរួម​ក្នុង​ពិធី​បិទ ។ អនុប្រធាន​របស់​លោក​គឺ​លោក​វេជ្ជបណ្ឌិត ប្រាក់ សូណារិទ្ធ គឺជា​អ្នក​តំណាង​កម្ពុជា​នៃ​គណៈកម្មាធិការ​កម្មវិធី​បណ្តុះបណ្តាល​នេះ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​បណ្តុះបណ្តាល​នៅ​នាយកដ្ឋាន​របស់​ពួកលោក ។ នៅ​ខេត្ត​កំពង់ចាម អនុប្រធាន​មន្ទីរ​សុខាភិបាល លោក​វេជ្ជបណ្ឌិត តាំង ប៊ុនស្រេង បាន​ត្រួតពិនិត្យ​វគ្គ​បណ្តុះបណ្តាល​នេះ ដោយ​មាន​លោក​វេជ្ជបណ្ឌិត សៀង សុឌី លោក​វេជ្ជបណ្ឌិត ម៉េង លាង និង​គិលានុបដ្ឋាយិកា ប៉ាល់ ស្រីស៊ី មកពី​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដែល​ពួកលោក​បាន​ចូលរួម​ធ្វើ​ជា​គ្រូបង្ហាត់​ផ្នែក​ខ្មែរ ។ ​វេជ្ជបណ្ឌិត សំ កុម្ភៈ មកពី​សម្ព័ន្ធ​សុខភាព​បន្តពូជ និង​កុមារ បាន​បកប្រែ​ឯកសារ​បណ្តុះបណ្តាល​ជា​ភាសា​ខ្មែរ និង​បាន​ចូលរួម​ធ្វើ​ជា​គ្រូបង្ហាត់​ផងដែរ ។

ក្រុម​ទាំង​ពីរ​បាន​នាំ​មក​ចូលរួម​ធ្វើការ​ជាមួយគ្នា​ដោយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​ខាង​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) មកពី​សាសនាចក្រ អែលឌើរ ប៊្រីន និង ស៊ីស្ទើរ អេឡិន មូហ៍ឡេស្ទីន និង អែលឌើរ ម៉ៃឃើល និង ស៊ីស្ទើរ ថានយ៉ា ឆានល័រ ។ គូ​ស្វាមី​ភរិយា​ទាំង​ពីរ​បានរៀបចំ និង​សម្របសម្រួល​ព្រឹត្តិការណ៍​រយៈពេល​មួយ​សប្តាហ៍​នៅ​ខេត្ត​តាកែវ និង​កំពង់ចាម ដែល​មាន​ការចូលរួម​មិន​ត្រឹម​តែ​មន្ទីរ​សុខាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្រធាន​មន្ទីរពេទ្យ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អ្នក​បកប្រែ​ផងដែរ ។ 

អែលឌើរ ឆានល័រ បាន​មាន​ប្រសាសន៍​ថា « វា​ជា​គម្រោង​ដ៏​ស្មុគស្មាញ​មួយ​ដែល​ត្រូវ​នាំ​អ្នកជំនាញ និង​គ្រឿង​បរិក្ខារ​មកពី​សហរដ្ឋ​អាមេរិក និង​កម្ពុជា​មក​ចូលរួម​ជាមួយគ្នា​នៅ​ខេត្ត​ពីរ​ផ្សេងគ្នា បូករួម​ទាំង​រាជធានី​ភ្នំពេញ​ផងដែរ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​ប្រធាន​សុខាភិបាល​ខេត្ត ​នោះ​ការបណ្តុះ​បណ្តាល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​បាន​កំណត់​ដំណាក់កាល ដើម្បី​បន្ត​ការបណ្តុះ​បណ្តាល​ទូទាំង​ខេត្ត​ផ្សេងៗ​ទៀត​ផងដែរ » ។ 

នៅចុង​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នេះ សិក្ខាកាម​ម្នាក់ៗ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការបញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ ។ លើសពី​នេះ សិក្ខាកាម​មកពី​មន្ទីរពេទ្យ​បង្អែក បាន​ទទួល​ឧបករណ៍​បណ្តុះបណ្តាល និង​បរិក្ខារពេទ្យ ដើម្បី​យក​ទៅបណ្តុះ​បណ្តាល​បុគ្គលិក​ពេទ្យ​តាម​មន្ទីរពេទ្យ​រៀងៗ​ខ្លួន ដោយ​សង្ឃឹម​ថា វា​នឹង​បន្ត​ផ្សព្វផ្សាយ និង​ទៅ​ដល់​គ្លីនិក​តូចៗ​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​អាច​ជួយ​សម្រាលទារក​ផងដែរ ។ ​វេជ្ជបណ្ឌិត ប៊ែល បាន​មាន​ប្រសាសន៍​ថា « ភាពជោគជ័យ​ត្រូវ​បាន​វាស់​មិន​ត្រឹម​តែ​នៅក្នុង​ការបណ្តុះបណ្តាល និង​តាម​រយៈ​អត្រា​មរណភាព​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​វាស់វែង​តាម​បទពិសោធន៍​ផ្ទាល់ខ្លួន​ផង​ដែរ » ។

ការបញ្ចប់​គម្រោង ENC នៅក្នុង​ប្រទេ​សកម្ពុជា គឺជា​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ពិភពលោក ដែល​ការបណ្តុះបណ្តាល​នេះ​បាន​ឈោង​ទៅ​ដល់ ។ តាមរយៈ​ភាព​ជា​ដៃ​គូ​ជាមួយ​ទីភ្នាក់ងារ​អន្តរជាតិ​ដូចជា WHO, UNICEF និង​អ្នក​ផ្សេង​ទៀត​ជា​ច្រើន ដែល​ធ្វើការ​ដោយ​មិន​ចេះ​នឿយហត់​ដើម្បី​កែលម្អ​លក្ខខណ្ឌ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្រុម​ចំនួន ៤០ ក្រុម​ត្រូវ​បាន​បញ្ជូន​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​កាន់​តំបន់​ដែល​ខ្វះខាត​ដោយ​អង្គការ LDSC ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ជំនឿ​ជា​មូលដ្ឋាន​ក្នុង​ការមើល​ថែ​ជន​ក្រីក្រ និង​ខ្វះខាត ។ វា​ត្រូវ​បាន​បង្កើត​ឡើង​នៅលើ​គោលការណ៍​នៃ​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន ការគាំទ្រ​សហគមន៍ ការពឹងផ្អែក​លើ​ខ្លួន​ឯង និង​និរន្តរភាព ។ គោលបំណង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​គឺ​ដើម្បី​ផ្តល់​ឲ្យ​បុគ្គល និង​សហគមន៍​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​កែលម្អ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​តាម​របៀប​អចិន្ត្រៃយ៍ និង​មាន​អត្ថន័យ ។ ការជួយសង្គ្រោះ​ទារក​ទើប​នឹងកើត​គឺ​ជា​កម្មវិធី​មនុស្សធម៌​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​កម្មវិធី​មនុស្សធម៌​ដ៏​សំខាន់​ចំនួន​ប្រាំមួយ​របស់​សាសនាចក្រ ។