translation

‹ អ្វី​ដែល​ល្អ​បំផុត មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ › ៖ ព្យាការី​អំពាវនាវ​ដល់​ពួកបរិសុទ្ធ​ឲ្យ​រៀបចំ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះគ្រីស្ទ

ប្រធាន រ័សុល អិម ណិលសុន មានប្រសាសន៍ថា ការបង្កើនការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ និងភាពជាសិស្សនឹងផ្តល់នូវកម្លាំង និងសេចក្តីសុខសាន្តក្នុង ‹ ពិភពលោកដ៏ច្របូកច្របល់ › ។

ប្រធាន រ័សុល អិម ណិលសុន បានអំពាវនាវ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​ទី៦ ខែតុលា ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

លោក​បាន​មាន​ប្រសាសន៍​នៅក្នុង​សារលិខិត​ដែល​បានកត់ត្រា​ថា « អ្វី​ដែល​ល្អ​បំផុត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ … ដោយសារ​ព្រះអង្គ​សង្គ្រោះ​កំពុង​យាង​មក​ម្ដង​ទៀត » ។ « អ្វី​ដែល​ល្អ​បំផុត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ ដោយសារ​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ អ្វី​ដែល​ល្អ​បំផុត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ រហូត​ដល់ពេល​ដែល​យើង​បង្វែរ​ដួងចិត្ត និង​ជីវិត​របស់​យើង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​ទាំងស្រុង » ។

ថ្លែង​នៅ​ឯ​ការបិទ​សម័យប្រជុំ​នៅ​រសៀល​ថ្ងៃអាទិត្យ​នៃ​សន្និសីទទូទៅ ប្រធាន និង​ជា​ព្យាការី​ដែល​មាន​ជន្មាយុ ១០០ ឆ្នាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ឧទ្ទិសថ្វាយ​ជីវិត​របស់​បងប្អូន​ឡើងវិញ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ឲ្យ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​និយាយ​អំពី​ព្រះគ្រីស្ទ ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ មាន​ជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​អរសប្បាយ​ក្នុង​ព្រះគ្រីស្ទ !

លោក​បានបង្រៀន​ថា ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ និង​ការបង្កើន​ភាពជា​សិស្ស​នឹង​ផ្តល់​នូវ​កម្លាំង និង​សេចក្តីសុខសាន្ត​នៅក្នុង​ ‹ ពិភពលោក​ដ៏​ច្របូកច្របល់ › ។

ការសាងសង់​និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ពីមុន ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៧ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​កំពុង​បន្ត​ក្នុង​ការថែរក្សា និង​ជួសជុល​កែលម្អ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ជា​ប្រវត្តិសាស្ត្រ និង​កន្លែង​ផ្សេង​ទៀត​នៃ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៦ ។

សាសនាចក្រ​បានឧទ្ទិស​ឆ្លង ឬ​ឧទ្ទិស​ឆ្លង​ឡើងវិញ​នូវ​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំបួន​ក្នុង​ប្រទេស​ចំនួន​ប្រាំ អំឡុងពេល​ប្រាំមួយ​ខែ​កន្លង​មក​នេះ ដោយ​មាន​ប្រាំ​បន្ថែម​ទៀត ដែល​បាន​កំណត់ពេល​សម្រាប់​ការឧទ្ទិសឆ្លង​មុន​ពេល​បញ្ចប់​ឆ្នាំ​២០២៤ ។

លោក​បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ តើ​យើង​មើលឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ចំពោះ​មុខ​យើង​ឬ​ទេ ? ខ្ញុំ​សូម​អធិស្ឋាន​កុំ​ឲ្យ​ខកខាន​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​ពេល​នេះ ! ព្រះអម្ចាស់​ពិត​ជា​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ » ។

សាសនាចក្រ​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ « ក្នុង​ល្បឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក » ដោយ « ព្រោះ​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យធ្វើ​ដូច្នោះ ។ ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ ពរជ័យ​ទាំងនេះ​ក៏​ជួយ​រៀបចំ​មនុស្ស​ដែល​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ផងដែរ » ។

ប្រធាន ណិលសុន បានសន្យា​ជួយ​ដល់​អ្នក​ដែល​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។ លោក​បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ យើង​ផ្តោតទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រៀន​ពី​ទ្រង់ ។ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ដើរតាម​ទ្រង់ ។ យើង​មក​ស្គាល់​ទ្រង់ » ។

លោក​បាន​បង្រៀនថា ការរក្សា​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ ផ្ដល់​លទ្ធភាព​កាន់តែ​ច្រើន​ទៅ​កាន់​អំណាច​ពង្រឹង​របស់​ព្រះអម្ចាស់ ។ « នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​បាន​ការការពារ​ពី​ការធ្វើទុក្ខ​នៃ​លោកិយ ។ យើង​ដកពិសោធន៍​នូវ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង​ជា​បរិបូរ ! យើង​ទទួល​អារម្មណ៍​សុខសាន្ត និង​ការធានា​ខាង​វិញ្ញាណ ដែល​ផ្ទុយស្រឡះ​ពី​ភាពចលាចល​នៃ​លោកិយ »។

បន្ទាប់មក ប្រធាន ណិលសុន បាន​សន្យា​ថា « អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះ ត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដីមេត្តា​របស់​ទ្រង់ ។ បងប្អូន​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​គួរ​ឲ្យ​រំខាន​បំផុត​របស់​បងប្អូន ។ បងប្អូន​នឹង​យល់​កាន់តែ​ច្បាស់​អំពី​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។

20241006_153207_CBell_CMB09278.JPGDOWNLOAD

ការបង្កើន​ភាពជាសិស្ស

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា មនុស្ស​ទាំងអស់​ត្រូវ​ឆ្លើយ​សំណួរ « ចាំបាច់​បំផុត » ៖ « តើ​ខ្ញុំ​នឹង​ប្រគល់​ជីវិត​ឲ្យ​ទៅ​នរណា ឬ​ឲ្យ​ទៅ​អ្វី ? »

លោក​បាន​មាន​ប្រសាសន៍​ថា ការសម្រេចចិត្ត​របស់​លោក​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ « គឺជា​ការសម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ » ដោយ​ពន្យល់​ថា លោក​បាន​ទទួល​ទីបន្ទាល់​អំពី​ទេវភាព​នៃ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​នៅរៀន​នៅឯ​សាលា​ពេទ្យ ។

« ចាប់ពី​ពេលនោះ​មក ព្រះអង្គ​សង្គ្រោះ​គឺជា​សិលា​ដែល​ខ្ញុំ​បាន​សង់​ជីវិត​នៅលើ ។ ជម្រើស​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ទាំង​ស្រុង ! ការសម្រេច​ចិត្ត​នោះ​បាន​ធ្វើ​ឲ្យ​ការសម្រេច​ចិត្ត​ជាច្រើន​ទៀត​កាន់តែ​មានភាព​ងាយស្រួល ។ ការសម្រេច​ចិត្ត​នោះ​បាន​ផ្តល់​គោលបំណង និង​ទិសដៅ​ដល់​ខ្ញុំ ។ វា​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ព្យុះ​ជីវិត​ផងដែរ »។

ព្យុះ​ទាំងនោះ​រាប់ទាំង​ការស្លាប់​ភ្លាមៗ​របស់​ភរិយា​របស់​លោក​ ដេនហ្សែល និង​បទពិសោធន៍​មួយ​អំឡុងពេល​បំពេញ​បេសកកម្ម​នៅ​ទឹកដី​ឆ្ងាយ​មួយ នៅពេល​ដែល « ពួក​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ភ្ជង់​កាំភ្លើង​លើក្បាល​ខ្ញុំ ហើយ​កេះ​កៃ​កាំភ្លើង ។ ប៉ុន្តែ​កាំភ្លើង​បាញ់​មិន​ចេញ​ទេ » ។

ក្នុង​អំឡុងពេល​បទពិសោធន៍​ទាំងពីរ លោក​ទទួល​បាន​ការលួងលោម និង​សេចក្តីសុខសាន្ត​ពី​ព្រះអម្ចាស់ ។ « បងប្អូន​ប្រុសស្រី ព្រះអម្ចាស់​នឹង​លួងលោម​បងប្អូន​ផងដែរ ! ទ្រង់​នឹង​ពង្រឹង​បងប្អូន ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​ភាពសុខសាន្ត សូម្បី​តែ​នៅ​កណ្តាល​ភាពវឹកវរ​ក្តី » ។

ប្រធាន ណិលសុន បាន​ជំរុញ​បងប្អូន​អ្នក​ស្តាប់ « ឲ្យ​លះបង់​ពេលវេលា​រាល់​សប្តាហ៍—ពេញ​មួយ​ជីវិត​ដែល​បងប្អូន​នៅ​មាន—ដើម្បី​ចម្រើន​ការយល់ដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

 

លោក​បាន​មាន​ប្រសាសន៍​ថា « វា​មិន​ឆាប់​ឬ​ក៏​មិន​យឺត​ពេក​ដែរ សម្រាប់​បងប្អូន​ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ » ដែល​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំងឡាយ​ទទួល​បាន​បទពិសោធន៍​ពេញលេញ​នៃ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ហើយ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

លោក​បាន​អញ្ជើញ​ថា « ចូរ​មកឯ​ព្រះគ្រីស្ទ ហើយ ‹ ចូរ​ថ្វាយ​[ ព្រលឹង ]​អ្នក​ទាំងមូល › ។ នេះ​គឺជា​អាថ៌កំបាំង​នៃ​ជីវិត​មាន​អំណរ​ដ៏​រីករាយ ! »

មើល​សុន្ទរកថា​ទាំងមូល​របស់​ប្រធាន ណិលសុន ។