ពេញមួយឆ្នាំ២០២៥ យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមានអាយុពី ១១ ដល់ ១៨ឆ្នាំ នឹងលើកទឹកចិត្តឲ្យ « មើលទៅព្រះគ្រីស្ទ » ។
គណៈប្រធានទូទៅនៃ ក្រុមយុវនារី និង ក្រុមយុវជន នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមើលការខុសត្រូវកម្មវិធីសាសនាចក្រសម្រាប់យុវវ័យ បានប្រកាសនៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ថាប្រធានបទយុវវ័យប្រចាំឆ្នាំ២០២៥ គឺ « មើលទៅព្រះគ្រីស្ទ » ចេញពីព្រះគម្ពីរ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ដែលអានថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។
ឪពុកម្ដាយ និងថ្នាក់ដឹកនាំយុវវ័យត្រូវបានលើកទឹកចិត្តឲ្យបង្រៀនគោលការណ៍ទាំងឡាយចេញពីបាវចនានេះនៅឯគេហដ្ឋាន និងនៅឯព្រះវិហារពេញមួយឆ្នាំ ។ បាវចនានេះអាចត្រូវបានប្រើប្រាស់ជាប្រធានបទសម្រាប់ការឡើងនិយាយក្នុងការប្រជុំនៅថ្ងៃអាទិត្យរបស់យុវវ័យ ហើយអាចផ្តល់ការផ្តោតចិត្តទុកដាក់សម្រាប់សកម្មភាពយុវវ័យ រួមមានការបោះជំរំ សន្និសីទយុវវ័យ និងការប្រជុំធម្មនិដ្ឋានទាំងឡាយ ។ បាវចនានេះនឹងបញ្ជាក់នៅអំឡុងសន្និសីទ ដើម្បីកម្លាំងនៃយុវជន ( ដ.ក.យ. ) និងសន្និសីទយុវវ័យនៅទូទាំងពិភពលោក ។
ធនធានសម្រាប់បង្រៀនបាវចនាប្រចាំឆ្នាំ២០២៥ រួមមានស្លាកសញ្ញា អាល់ប៊ុមបាវចនាតន្រ្តី វីដេអូ និងរូបគំនូរដែលអាចទាញយកបានដែលនឹងមាននៅថ្ងៃអាទិត្យ ទី២៧ នៅលើគេហទំព័រ Youth.ChurchofJesusChrist.org ។ ធនធានបន្ថែមនឹងមាននៅក្នុងទស្សនាវដ្តីខែមករានៃទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ។
ប្រធានយុវនារីទូទៅ ប្រធាន អេមីលី បេលី ហ្វ្រីមែន បានមានប្រសាសន៍ថា បទគម្ពីរប្រធានបទសម្រាប់ឆ្នាំនេះ មានន័យដើម្បីលើកកម្ពស់យុវវ័យឲ្យអង់អាច ជាពិសេសនៅពេលមានការសង្ស័យ ឬការភ័យខ្លាច ។
ប្រធាន ហ្វ្រីមែន បានមានប្រសាសន៍ថា « តើចម្លើយអ្វីសម្រាប់គ្រាបែបនេះ ? មើលទៅព្រះគ្រីស្ទ » ។ « ហេតុអ្វីនោះគឺជាចម្លើយ ? ទ្រង់បានរំឭកយើងថា ‹ ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើង › ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦-៣៧ ) ។ ទ្រង់បានយកឈ្នះលើពិភពលោក រួមទាំងការសង្ស័យ និងការភ័យខ្លាចផងដែរ ។ ប្រសិនបើយើងមើលទៅទ្រង់ ទ្រង់នឹងជួយយើងយកឈ្នះការសង្ស័យ និងការភ័យខ្លាចរបស់យើង » ។
ប្រធានយុវជនទូទៅ ស្ទេវីន ជេ ឡាន់ បានមានប្រសាសន៍ថា « វាគឺជាក្តីសង្ឃឹមរបស់យើងដែលថា យុវវ័យនៃសាសនាចក្រនឹងរកឃើញសេចក្តីសុខសាន្តដោយមើលទៅព្រះគ្រីស្ទដើម្បីដឹង និងរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
លោកបានមានប្រសាសន៍ថា លោករៀនពីមិត្តភក្តិជាប៉ូលិសជិះម៉ូតូម្នាក់នូវអាថ៌កំបាំងនៃការរក្សាយានជំនិះដ៏ធំទាំងនោះឲ្យត្រង់នៅលើផ្លូវល្បឿនលឿនគឺ « មើលទៅកន្លែងដែលអ្នកចង់ទៅ ហើយម៉ូតូនឹងទៅកន្លែងដែលអ្នកកំពុងមើលទៅ » ។
ស្រដៀងគ្នានេះដែរប្រធាន ឡាន់ បានមានប្រសាសន៍ថា « មើលទៅព្រះគ្រីស្ទមានន័យថា យើងមើលទៅទ្រង់តាមរបៀបដែលយើងអាចមើលទៅត្រីវិស័យ ឬសញ្ញាសម្គាល់ ឬស្លាកសញ្ញាប្រាប់ផ្លូវ ។ ការមើលទៅគឺមានអត្ថន័យតិចតួច ប្រសិនបើយើងជ្រើសរើសមិនធ្វើតាមការណែនាំ ។ យើងពិតជាមើលទៅទ្រង់ដោយស្មោះ តែនៅពេលយើងស្ម័គ្រចិត្តធ្វើតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
ប្រធាន ហ្រ្វីមែន បានមានប្រសាសន៍ថា ពួកគាត់សង្ឃឹមថាយុវវ័យនឹងចំណាយពេលពេញមួយឆ្នាំនេះមើលទៅព្រះគ្រីស្ទ—« នៅតាមច្រកដើររបស់សាលារៀន នៅបរិវេណព្រឹត្តិការណ៍កីឡា ថ្ងៃដំបូងចូលធ្វើការងារថ្មីរបស់ពួកគេ នៅពេលពួកគេអានព្រះគម្ពីរ ចំណាយពេលជាមួយមិត្តភក្តិ និងក្នុងពេលដ៏ស្ងប់ស្ងាត់នៃការជញ្ជឹងគិត ។
គាត់បានមានប្រសាសន៍ថា « ទ្រង់នឹងជាកម្លាំងរបស់ក្មួយៗ » ។ « មើលទៅទ្រង់ » ។
បាវចនារបស់យុវវ័យជារៀងរាល់ឆ្នាំបានមកពីព្រះគម្ពីរដែលបានសិក្សានៅក្នុងឆ្នាំនោះ « ចូរមកតាមខ្ញុំ » សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ប្រែចិត្តជឿយ៉ាងស៊ីជម្រៅលើព្រះយេស៊ូវគ្រីស្ទ ។ ក្នុងឆ្នាំ២០២៥ « ចូរមកតាមខ្ញុំ » នឹងផ្ដោតលើការសិក្សានៃគោលលទ្ធិ និងសេចក្តីសញ្ញា ។
បាវចនាយុវវ័យប្រចាំឆ្នាំ២០២៤ គឺ « ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » មកពី នីហ្វៃទី៣ ៥:១៣ ។