ការស្ថាបនា​ក្តីសង្ឃឹម ៖ សាសនាចក្រ និង​អនាគត​កុមារ​អន្តរជាតិ ( Children’s Future International ) សហប្រតិបត្តិការណ៍​ធ្វើ​ផ្ទះ​ជូន​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​នៅ​កម្ពុជា

គម្រោង​ថ្មី​ជួយ​ដល់​គ្រួសារ​ចំនួន ៣៣ គ្រួសារ​ក្នុង​ខេត្ត​បាត់ដំបង ជំរុញ​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន និង​ស្ថិរភាព​គ្រួសារ 

Childrens-Future-International-Shelter-Collaboration
Childrens-Future-International-Shelter-Collaboration
តំណាង​សាសនាចក្រ និង​អង្គការ​អនាគត​កុមារ​អន្តរជាតិ ( Church and Children’s Future International ) ឈរ​ជាមួយ​អ្នក​ទទួល​អំណោយ​នៅ​មុខ​ផ្ទះ​ថ្មី​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​ទទួល​បាន​មូលនិធិ​ពី​សាសនាចក្រ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅក្នុង​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅរក​ការកែលម្អ​ជីវិត​របស់​គ្រួសារ​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​បាត់​ដំបង ប្រទេស​កម្ពុជា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ រួម​សហការ​ជាមួយ​អង្គការ​អនាគត​កុមារ​អន្តរជាតិ ( CFI ) បាន​ធ្វើ​ផ្ទះ​ជូន​គ្រួសារ​ដែល​មាន​លំនៅដ្ឋាន​មិន​គ្រប់គ្រាន់ ។ គំនិត​ផ្តួចផ្តើម​នេះ​ស្របតាម​បេសកកម្ម​ជា​សកល​របស់​សាសនាចក្រ​ដើម្បី​គាំទ្រ​ដល់​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​បុគ្គល និង​ក្រុម​គ្រួសារ ។ 

សាសនាចក្រ​បាន​ផ្តល់​មូលនិធិ​ដើម្បីសាងសង់​ផ្ទះ​សម្រាប់ ៣៣ គ្រួសារ ។ ត្រឹម​ថ្ងៃទី ១៥ ខែ​ មករា ឆ្នាំ ២០២៤ ផ្ទះ​ចំនួន​១៦ ខ្នង​បាន​សាងសង់​រួចរាល់ ហើយ ១៩ ខ្នងទៀត​បាន​ចាប់ផ្តើម​សាងសង់ហើយ ។ អ្នក​ទទួល​អំណោយម្នាក់​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​ការដឹង​គុណ​ក្នុង​អំឡុងពេល CFI និង​តំណាង​សាសនាចក្រ​ធ្វើ​ទស្សនកិច្ច​នា​ពេល​ថ្មីៗ​នេះ ។ « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​កន្លែង​រស់នៅ​ថ្មី​របស់​ពួក​យើង ។ ឥឡូវនេះ ខ្ញុំ​អាច​មើល​ថែ​កូន​ក្នុង​គ្រួសារ​របស់​យើង​បាន​ហើយ » ។ 

អង្គការ​អនាគត​កុមារ​អន្តរជាតិ ( Children’s Future International ) មាន​ទីតាំង​នៅ​ខេត្ត​បាត់​ដំបង មាន​ចក្ខុវិស័យ​ច្បាស់លាស់ ៖ « CFI ស្រមៃមើល​ពី​អនាគត​ដែល​កុមារ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព មាន​សុខភាព​ល្អ ទទួល​បាន​ការអប់រំ រីកចម្រើន និង​សប្បាយរីករាយ » ( childrensfuture.org អំពី​ពួក​យើង ) តាមរយៈ​ការងារ​សង្គម ការថែទាំ​សុខភាព ការអប់រំ និង​ការបណ្តុះ​បណ្តាលភាព​ជា​អ្នកដឹកនាំបេសកកម្ម​របស់ CFI គឺ​ដើម្បី​ជួយ « កែលម្អ​ជីវិត​របស់​កុមារ​ដែល​ងាយ​រងគ្រោះ រងការគៀបសង្កត់ ស្ថិត​ក្នុង​ហានិភ័យ​នៅក្នុង​ខេត្ត​បាត់ដំបង » ( childrensfuture.org អំពី​យើង ) ។ CFI បាន​ធ្វើ​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​ក្នុង​សាសនាចក្រ អែលឌើរ ខេនណេត ស្មីដ និង​ស៊ីស្ទើរ  ខាធើរីន ស្មីដ ចាប់អារម្មណ៍ នៅពេល​ពួកគាត់​បម្រើ​នៅ​តំបន់​បាត់ដំបង ។ 

អង្គការ​អនាគត​កុមារ​អន្តរជាតិ ( Children’s Future International ) ខិតខំ​បម្រើ​កុមារ​ទាំងមូល ហើយ​ក្នុង​ករណី​ធំៗ​ខ្លះដល់​គ្រួសារ​ទាំងមូល ។ ឪពុកម្តាយ​ខ្លះ​ជួបប្រទះ​នឹង​ភាពក្រីក្រ​យ៉ាង​ខ្លាំង មាន​អារម្មណ៍​ថា​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ធ្វើការ ហើយ​ទុក​ឲ្យ​កូនៗ​របស់​ពួកគេ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ។ លោកស្រី ប៉ាទ្រីស ដាវីសុន នាយក CFI បាន​មាន​ប្រសាសន៍​ថា « វា​ជាការល្អ​បំផុត​ក្នុង​ការរក្សា​គ្រួសារ​ឲ្យ​នៅ​ជាមួយ​គ្នា ។ « យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សាសនាចក្រ​ដែល​បាន​ជួយ​យើង​សាងសង់​ផ្ទះ​រស់នៅ​ថ្មី​សម្រាប់​គ្រួសារ​ទាំងនេះ ។ វា​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ជាមួយ​គ្នា ដែល​ធ្វើ​បែប​នេះ​ជាការល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។ លោកស្រី​បាន​ពន្យល់​ពី​របៀប​ដែល CFI ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការស្វែងរក​ដី​សមរម្យ​សម្រាប់​សង់​ផ្ទះ​ថ្មី និង​ជួល​ពី​ឈ្មួញ​កណ្តាល ។ គ្រួសារ​ខ្លះ​ធ្វើ​ផ្ទះ​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់​សម្ភារ​ដែល​សាសនាចក្រ​ផ្ដល់​ឲ្យ ហើយ​អ្នក​ផ្សេង​ទៀត​ជួល​គេ​ឲ្យ​ជួយ​ធ្វើ​ផ្ទះ ។ 

ការចូលរួម​របស់​សាសនាចក្រ​នៅក្នុង​គម្រោង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ក្នុង​ការជួយ​ដល់​គ្រួសារ និង​សហគមន៍​ដែល​ខ្វះខាត ។ CFI គ្រោង​នឹង​បន្ត​ជួយ​គ្រួសារ​ទាំងនេះ​រហូត​ដល់​ពួកគេ​សម្រេច​បាន​នូវ​ភាពខ្លួន​ទីពឹងខ្លួន ដោយ​ធានា​នូវ​ផល​ប៉ះពាល់​ប្រកប​ដោយ​និរន្តរភាព​លើ​សហគមន៍ ។