_BN_Renlund_Cambodia_19_01-22-24.jpeg
Translation

អែលឌើរ រិនឡាន់​ បាន​ចូល​ជួប​នឹង​នាយករដ្ឋមន្ត្រី និង​ផ្ដល់​ការងារបម្រើ​ដល់​ពួកបរិសុទ្ធនៅ​ក្នុង​ប្រទេស​កម្ពុជា

អតីតវេជ្ជបណ្ឌិតផ្នែកបេះដូងរូបនេះ ក៏ប្រកាសបរិច្ចាគប្រាក់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យបេះដូងនៅខេត្តសៀមរាប

ដើម្បី​ប្រារព្ធ​ខួប ៣០ ឆ្នាំ​ ចាប់តាំង​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវបាន​ទទួល​ស្គាល់​នៅក្នុង​ប្រទេស​កម្ពុជា សាវក​មួយរូប​បាន​មកនៅក្នុង​ដែនដី​នេះ​រយៈពេល​បី​ថ្ងៃ​ដើម្បី​ធ្វើ​ការងារ​បម្រើ ស្ថាបនា​ចំណង​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ជួយ​កែលម្អ​ដល់​ការថែទាំ​សុខភាព​នៅ​ក្នុង​​ប្រទេស ។

នៅ​ថ្ងៃ​ចន្ទ ទី ២២ ខែ​ មករា ឆ្នាំ ២០២៤ អែលឌើរ ឌែល ជី រិនឡាន់ បាន​ក្លាយ​ជា​អ្នកដឹកនាំ​សាសនាចក្រ​ទីមួយ​ដែល​បាន​ចូល​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ អែលឌើរ រិនឡាន់ បាន​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ថាជា « បុគ្គល​ដ៏​អស្ចារ្យ​មួយរូប » ។

អែលឌើរ រិនឡាន់ មាន​ប្រសាសន៍​ថា « នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​មាន​សមត្ថភាព​ខ្ពស់ ហើយ​មាន​ទស្សនវិស័យ​មួយ​សម្រាប់​ប្រទេសជាតិ ក្នុង​ការ​ជួយ​លើក​កម្ពស់​ដល់​ប្រជាជន ។ វា​គឺ​ជា​ទស្សនវិស័យ​ដ៏​អស្ចារ្យ​ពិត​ប្រាកដ​មួយ ។ ហើយ​វា​បង្ហាញ​កាន់តែ​ច្បាស់​ ពេលលោក​ត្រូវគ្រប់គ្រង​ឲ្យ​ច្បាស់​ថា​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ដូច្នោះ » ។ « ការងារ​ដែល​យើង​បាន​ធ្វើ​ជាមួយ​ជំនួយ​ផ្នែក​មនុស្សធម៌ រួមទាំង​ការលើក​កម្ពស់​កម្រិត​នៃ​ការថែទាំ​សុខភាព​នៅ​កន្លែង​មួយ​ចំនួន វា​ដើរ​ស្របតាម​អ្វី​ដែល​រដ្ឋាភិបាល​កំពុងចង់​ធ្វើ​ទាំងស្រុង » ។

សាវក​បាន​ប្រាប់​ដល់​នាយក​រដ្ឋមន្ត្រី ម៉ាណែត ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ កំពុង​បរិច្ចាគ​ថវិកា​ជិត ២.២ លាន​ដើម្បី​បង្កើត​មន្ទីរពេទ្យ​បេះដូង​មួយ​នៅខេត្ត​សៀមរាប ( ដែល​មាន​ចម្ងាយ ៣១៨ គីឡូម៉ែត្រ​ខាងជើង​ទីក្រុងភ្នំពេញ ) ។ គោលបំណង ​គឺ​ដើម្បី​បង្កើន​ការថែទាំ​សុខភាព​កាន់តែ​ល្អ​ប្រសើរ​ដល់​ប្រជាជន​នៅ​តាម​ខេត្ត​នានា ។ កិច្ចការ​នេះ នឹង​ប្រទានពរ​ដល់​ប្រជាជន ដូចជា​ឪពុកមា​របស់​នាយករដ្ឋមន្ត្រី ដែល​បាន​ទទួល​មរណភាព​នៅ​ក្នុង​ខេត្ត​មួយ​ទៀត ដោយសារ​ជំងឺ​សរសៃ​ឈាម​បេះដូង​ធ្ងន់ធ្ងរ ។

អែលឌើរ រិនឡាន់ ដែលជា​អតីត​វេជ្ជបណ្ឌិត​វះកាត់បេះដូង បាន​មានប្រសាសន៍​ថា « ពួក​យើង​កំពុង​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​អាច​ផ្ដល់​ការ​ព្យាបាល​​ពេល​មាន​ជំងឺ​បេះដូង​ត្រូវ​សង្គ្រោះបន្ទាន់​ដើម្បី​ជួយប្រជាជន​ កាត់​បន្ថយ​ពីបញ្ហា​បេះដូង​របស់ពួកគេ នៅពេល​ពួកគេ​មាន​ជំងឺគាំង​បេះដូង ដើម្បី​រក្សា​ឲ្យ​សាច់ដុំ​បេះដូង​ដំណើរការ កុំ​ឲ្យ​វា​វិវត្តទៅ​រក​ការ​គាំង​បេះដូង ឬ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ស្លាប់ » ។ « ដែលឥឡូវនេះ នៅពេល​ដែល​រឿង​នោះ​កើត​ឡើង ប្រជាជន​ត្រូវ​តែ​ធ្វើ​ដំណើរ​រាប់ម៉ោង​មក​កាន់​ទីក្រុងភ្នំពេញ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រភេទនោះ ។

អែលឌើរ រិនឡាន់ បាន​មានប្រសាសន៍​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដោត​ទៅលើ​ការ​ថែទាំ​សុខភាព ( ក៏​ដូចជា ការអប់រំ និង​តម្រូវការ​មនុស្ស​ធម៌​ដទៃទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ) វាគឺ​ជា​របៀប​មួយ​ដែល​អ្នក​មានជំនឿ ​ធ្វើតាម​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

លោក​មាន​ប្រសាសន៍​ថា « យើង​ធ្វើ​កិច្ចការ​ល្អ ហើយ​ការ​ធ្វើ​ល្អ​ពិត​ប្រាកដ អ្នក​មិន​​គ្រាន់​តែ​ផ្សព្វផ្សាយ​សេចក្ដី​សប្បុរស​ទៅ​គ្រប់​ទី​កន្លែង​នោះ​ទេ។ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ជាក់លាក់ » ។ « យើង​អាច​បង្កើតឲ្យ​បាន​ច្រើន​ក្នុង​ស្ថានភាព​ជាក់លាក់ ជំនួស​ឲ្យ​ការ​ផ្សព្វផ្សាយ​បន្ថែមច្រើនទៀត ។ ហើយ​បើ​យើង​ជ្រើសរើស​រឿង​ត្រឹមត្រូវ​ដើម្បី​ផ្ដោត​ទៅលើ នោះវានឹង​ធ្វើ​ឲ្យ​មាន​រឿង​ខុសប្លែក​មួយ​កើតឡើង » ។

កាល​ពី​ថ្ងៃ​ចន្ទ អែលឌើរ រិនឡាន់ ក៏​បាន​ជួប​នឹងរដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និងសាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺឯកឧត្តម​ ចាយ បូរិន និង​ រដ្ឋលេខាធិកា​របស់​លោក ​គឺឯកឧត្តម ឆាត​ សុឆេត ផងដែរ ។

ឯកឧត្តម ឆាត សុឆេត មាន​ប្រសាសន៍​ថា « ពួក​យើង​មាន​អារម្មណ៍​ថា [ អែលឌើរ រិនឡាន់ ] គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​រីករាយ និងរួសរាយ​រាក់ទាក់ » ។ « ទោះជា​ពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​ប្រទេស​កម្ពុជា​ផ្ដល់​សិទ្ធិ​ឲ្យ​សាសនា​ដទៃទៀត​ទាំងអស់​ប្រតិបត្តិ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សាសនា​ទាំងនោះ​មាន​ភាព​សុខុដុមរម្យនា​នឹង​គ្នា ។ លើស​ពី​នោះ​ទៅ​ទៀត សាសនាចក្រ​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​តាម​មធ្យោបាយ​ជាច្រើន​កាល​ពី​មុន​មក ។ សាសនាចក្រ​បាន​ជួយ​នៅ​ក្នុង​វិស័យ​ធំៗ​ចំនួន​បី គឺ ៖ វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ប្រព័ន្ធ​ទឹក​ស្អាត » ។

ទីតាំង​ផ្ទុយស្រឡះ​ពី​គ្នា ៖ មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​ទីតាំង​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២៣ ខែ ​មករា ឆ្នាំ ២០២៤ អែលឌើរ និង ស៊ីស្ទើរ រិនឡាន់ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទីតាំង​ដ៏​ស្រងេះស្រងោច គឺ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដែល​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ចំនួន ៣០០​កន្លែង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជា​វាល​ពិឃាត។ នៅ​ជើងឯក មាន​ផ្នូ​នៃ​ជនរងគ្រោះ​ជាច្រើន​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​កម្មុយនីស៍​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រជាជន​កម្ពុជាច្រើន​ជាង ៣ លាន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ។

ស៊ីស្ទើរ រិនឡាន់ បាន​មានប្រសាសន៍​ថា « វា​បន្សល់​ទុក​នូវ​ភាពខ្ទេចខ្ទាំ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ពេល​ដឹង​ថា​មនុស្ស​មាន​ចិត្ត​ឃោរឃៅ​ចំពោះ​គ្នា​ខ្លាំង​យ៉ាង​នេះ » ។

អែលឌើរ រិនឡាន់ បាន​សញ្ជឹងគិត​សំណួរ​មួយ នៅពេល​ពួក​គាត់​ដើរ​នៅ​មន្ទីរ​ជើងឯកនោះ ។ តើ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ​បង់​ថ្លៃ​ទៅ​លើ​រឿង​នេះ​ឬទេ ?

« ចម្លើយ​គឺ​ថា បាទ— ដង្វាយធួន គឺជាដង្វាយធួនដ៏ឥតព្រំដែន » ។ « អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​ក្នុង​ជីវិត អាច ហើយ​នឹង​ធ្វើឲ្យ​យុត្តិធម៌ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់​ជនរងគ្រោះ​នៅទីនេះ និង​ក្រុមគ្រួសារ​របស់ពួកគេ ទោះ​យ៉ាងណា​នឹង​ស្ថិត​នៅ​ក្នុង​ភាពអស់កល្បជានិច្ច ពីព្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​នូវអ្វី​ដែលទ្រង់​បានធ្វើ ហើយ​ទ្រង់​មាន​ព្រះចេស្ដា ដែល​នឹង​បង់ថ្លៃ​សង​ចំពោះ​រឿង​នេះ ហើយ​ធ្វើ​វា​ឲ្យ​បាន​យុត្តិធម៌​មកវិញ ។ ហើយ​នោះ​គឺ​ជាសារលិខិត​ពិត​នៃ​ដំណឹងល្អ » ។

ការ​ទៅ​ទស្សនកិច្ច​នៅ​វាល​ពិឃាត កាល​ពី​ថ្ងៃ​អង្គារ គឺ​ជា​រឿង​ផ្ទុយ​ស្រឡះ​ពី​ទីតាំង​ការដ្ឋាន​សំណង់​ព្រះវិហារបរិសុទ្ធ​ភ្នំពេញកម្ពុជា (ពិធី​បើក​ការដ្ឋាន​សាងសង់​នៅ​ខែ​កញ្ញា ឆ្នាំ ២០២១), ដែល​ពួក​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​កាល​ពី​ថ្ងៃចន្ទ ។

អែលឌើរ រិនឡាន់ មានប្រសាសន៍​ថា « មាន​មនុស្ស​មួយចំនួន​និយាយ​ថា បើ​មាន​ព្រះ​មួយ​អង្គ​មែន ហេតុអ្វី​បាន​ជា​ទ្រង់​មិន​ធ្វើ​អ្វីមួយ​អំពី​រឿង​នេះ ? ហើយ​ចម្លើយ​គឺ​ថា ទ្រង់​បានធ្វើ​ហើយ ។ « ទ្រង់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ ។ ទ្រង់​បាន​ស្ដារ​សិទ្ធិអំណាច​នៃ​ការ​ផ្សារភ្ជាប់​ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វីមួយ​សម្រាប់​ជនរងគ្រោះ​ទាំងនេះ ដូចជា​មនុស្ស​ម្នាក់​បាន​ជ្រើសរើស​ធ្វើ​ដូច្នោះដែរ ។ ហើយ​នោះ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​រឿង​នេះ​បាន​យុត្តិធម៌ ។ ព្រះវិហារបរិសុទ្ធ នាំ​មក​នូវ​សេចក្ដីសង្ឃឹម និង​អំណរ និង​ដំណោះស្រាយ ព្រមទាំង​ជួយ​ផ្សះផ្សារ​រឿង​នេះ​នៅក្នុង​ជីវិត​របស់​ប្រជាជន និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ជា​ការ​ផ្ទុយ​ពី​អារម្មណ៍​ដ៏​សោកសៅ ធ្ងន់ជ្រប់​ដែល​យើង​មាន​ក្នុង​ពេល​នេះ នោះ​គឺ​ជា​សេចក្ដីអំណរ និង​ភាព​សុខសាន្ដ និង​ការលួងលោម​ចិត្ត ដែល​អាច​កើត​មាន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ »។

សន្និសីទ​ពហុស្ដេក​នៅ​ក្នុង​ទីក្រុងភ្នំពេញ

សាវក និង​ភរិយា​របស់​លោក រស់ ក៏​បាន​ផ្ដល់​ការងារ​បម្រើ​ដល់តម្រូវការ​ខាង​វិញ្ញាណ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ពេល​រសៀល​ថ្ងៃអាទិត្យ ទី ២១ ខែ ​មករា ឆ្នាំ ២០២៤ នៅ​ក្នុង​ទីក្រុងភ្នំពេញ ពួកលោក​បាន​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​មកពី​ស្ដេក​ចំនួន​ពីរ ( ជា​ក្រុម​មួយ​នៃ​ពួក​ក្រុមជំនុំ​ជាច្រើន ) និង​មណ្ឌល​ចំនួន​មួយ ។

ស៊ីស្ទើរ រិនឡាន់ បាន​កត់សម្គាល់​ថា ពួកលោក​អាច​មើល​ឃើញ​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា​កំពុង​ជិត​សាងសង់​ឡើង​រួចរាល់​ហើយ ។

ស៊ីស្ទើរ​ រិនឡាន់​ មាន​ប្រសាសន៍ថា « ខ្ញុំ​រំភើប​ចិត្ត​ជំនួស​បងប្អូន​ជា​ខ្លាំង » ។ « នេះ​គឺ​ជា​ពេល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រៀប​ចំ​ខ្លួន​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​ព្រះ ដើម្បី​ខិត​មក​កាន់​តែ​ជិត​ទ្រង់ និង​ទទួល​ពរ​ជ័យ​តាមរយៈ​ការ​ចុះ​សេចក្ដី​សញ្ញា​ទាំងនោះ » ។

អែលឌើរ រិនឡាន់ បាន​សម្ដែង​ការ​ដឹងគុណ​ចំពោះ​សេរីភាព​ខាងសាសនា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ឲ្យ ដែល​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​អាច​ជួប​ប្រជុំ​គ្នាបាន ។ ហើយ​លោក​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​កម្ពុជា​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះ ។

អែលឌើរ រិនឡាន់ បាន​មានប្រសាសន៍​ថា « យើង​បាន​រៀន​ថា បើ​យើង​គឺជា​សមាជិក​ស្មោះត្រង់​របស់​សាសនាចក្រ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ប្រទេស​ដែល​យើង​រស់នៅ » ។ « បើ​យើង​ចង់​ធ្វើជា​អ្នក​ស្នេហាជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សូមធ្វើ​ជា​សមាជិក​ស្មោះត្រង់​មួយ​រូប​របស់​សាសនាចក្រ —ពីព្រោះ​សេចក្ដីជំនឿ និងភាពស្មោះត្រង់​របស់​អ្នក នឹង​ទាញ​យកពរជ័យ​ទាំងឡាយ​មកពី​ស្ថានសួគ៌ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.