សាលា​ក្រាំង​ពង្រ ទទួលយក​ការជួសជុល​កែលម្អ​អគារ​ថ្មី និង​បរិក្ខារ​ប្រព័ន្ឋ​ទឹកស្អាត ដែល​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ ថ្ងៃ​ចុងក្រោយ​បាន​បរិច្ចាគ

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ នាំ​ឲ្យមាន​អនាម័យល្អ ហើយនឹងរំពឹងថាធ្វើអោយបរិយាកាសអប់រំប្រសើរឡើងសម្រាប់សិស្សានុសិស្ស។

Krang-Pong-Ror-School-Renovations
Krang-Pong-Ror-School-Renovations
សិស្សានុសិស្ស គ្រូបង្រៀន និង​ឥស្សរជន​ក្នុង​តំបន់​ថត​រូប​នៅ​មុខ​អគារ​ដែល​បាន​ជួសជុល​របស់​ពួកគេ ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែ ​មករា ឆ្នាំ ២០២៤ សិស្សានុសិស្ស គ្រូបង្រៀន និង​មន្ត្រី​សាលា​ក្នុង​មូលដ្ឋាន បាន​ជួបជុំ​គ្នា​នៅ​សាលា​ក្រាំង​ពង្រ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទទួល​ការប្រគល់​អគារ​សិក្សា​ថ្មី​ចំនួន ៣ ខ្នង និង​សម្ភារ​បរិក្ខារ​ផ្សេងៗ​ជា​ផ្លូវការ ដែល​សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានជួសជុល ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​ទូទាំង​ពិភពលោក​របស់​សាសនាចក្រ ។ អគារ​ដែល​ត្រូវ​បានជួសជុល​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​លើក​កម្ពស់​ផ្នែក​អនាម័យ និង​ដោះស្រាយ​បញ្ហា​ទឹក​លិច​ដែល​រំខាន​ដល់​ប្រតិបត្តិការ​របស់​សាលា​ជា​ប្រចាំ ។

Krang-Pong-Ror-School-Renovations
Krang-Pong-Ror-School-Renovations
អគារ​សិក្សា​ថ្មី​ដែល​ជួសជុល​ដោយ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក ផាន់ ឡង់ឌី នាយក​សាលា​បាន​មាន​ប្រសាសន៍​ថា « យើង​បានស្នើ​សុំ​ឲ្យ​មាន​ការជួសជុល​ការកែលម្អ​តែ​អគារ​មួយ​ខ្នង ប៉ុន្តែ​សាសនាចក្រ​បាន​ជួសជុល​កែលម្អ​អគារ​បី​ខ្នង​ឲ្យ​យើង ។ « ពួកគេ​ក៏​បាន​សាងសង់​ឡ​ដុត​សម្រាម និង​ប្រព័ន្ធ​ចម្រោះ​ទឹក​ផងដែរ ។ វា​បង្កើតជា​បរិយាកាស​ថ្មី​ទាំង​ស្រុង​ដោយ​សារតែ​ការជួសជុល​កែលម្អ​យ៉ាង​ធំ​នេះ ។ ការជួសជុល​កែលម្អ​នេះ រួមមាន​ការរៀប​ឥដ្ឋ​ឡើង​កន្លះ​ម៉ែត្រ​ខ្ពស់​ជាងមុន ដើម្បី​ការពារ​ទឹក​លិច​ដែល​កើត​ឡើង​នៅ​រដូវ​ភ្លៀង​ធ្លាក់​ដ៏​ច្រើន​របស់​ប្រទេស​កម្ពុជា ។

បន្ថែម​ពី​លើ​អគារ​ដែល​ត្រូវ​បាន​ជួសជុល​កែលម្អ ការកែលម្អ​ផ្សេងៗ​ទៀត​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ថ្មី​ដែល​ប្រើប្រាស់​ខ្សាច់​ដាក់​គរ​គ្នា​ដើម្បី​យក​ភាគល្អិត និង​សារធាតុ​សរីរាង្គ​ចេញពី​អណ្តូងទឹក និង​ផ្ដល់​កន្លែង​លាង​ដៃ​ថ្មី​មួយ​សម្រាប់​សិស្ស ។ ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​បានរចនា​ឡើង​ដោយត្រូវ​ការការថែទាំ​តិចតួចបំផុត និង​ជំនួស​ប្រព័ន្ធ​ស្តុក​ទឹក​ចាស់ ដែល​មាន​តែ​ទឹក​អណ្តូង​ដែល​មិន​ចម្រោះ ។

ក្នុង​ពិធី​នោះ លោក វ៉ាន់ សុគន្ធ ប្រធាន​ផ្នែក​អប់រំ​នៃ​សាលា​ខណ្ឌ​ដង្កោ បាន​សង្កត់ធ្ងន់​លើ​ភាពគង់វង្ស​យូរ​អង្វែង និង​ការថែទាំ​អគារ​ដែល​បាន​ជួសជុល​ថា « យើង​ត្រូវ​ថែរក្សា​អគារ​ទាំងនេះ ។ អគារ​ទាំងនេះ​គួរតែ​នៅ​ធន់គង់វង្ស​បាន​យូរ​ឆ្នាំ ។ វា​រឹតតែ​សំខាន់​ដើម្បី​មាន​ការ​បង្រៀន​ប្រកបដោយ​គុណភាព » ។ លោក​បាន​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ការសិក្សា​របស់​ពួកគេ ហើយ​ប្រៀបធៀប​សិស្ស​ទៅ​នឹង​បុព្វបុរស​នៃ​ប្រាសាទ​អង្គរវត្ត ។ « យើង​ក៏​អាច​សាងសង់​អ្វីៗ​បាន​ដែរ ។ យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​បាន​ដែរ » ។

Krang-Pong-Ror-School-Renovations
Krang-Pong-Ror-School-Renovations
លោក ​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា ថ្លែង​ទៅកាន់​សាស្ត្រាចារ្យ និង​បុគ្គលិក​នៃ​សាលា​ក្រាំង​ពង្រ ។ © 2024 by Intellectual Reserve, Inc. All rights reserved.

លោក ​រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​លោក​គ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នៅ​ថ្ងៃនេះ ។ លោក​បាន​លើក​ទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​បន្ត​ការសិក្សា​របស់​ពួកគេ និង​បានលើកឡើង​ពី​ប្រភព​ថវិកា​សម្រាប់​ការសាងសង់​នេះ ។ លោក​បន្ត​ថា ៖ « យើង​មាន​ធនធាន​សម្រាប់​ជួយ​ក្នុង​ការជួសជុល​កែលម្អ​ទាំងនេះ​ដោយសារ​ការ​បរិច្ចាគ​ពី​មនុស្ស​ជុំវិញ​ពិភពលោក​ទាំង​អ្នក​មាន​និង​អ្នកក្រ ។ យើង​សូម​អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​ខំប្រឹងប្រែង​អប់រំ​ដល់​កុមារ ។ យើង​ជឿជាក់​យ៉ាង​ខ្លាំង​លើ​ការអប់រំ » ។

អែលឌើរ រីឆាដ ហ្គើឡាច ជា​ពួក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​នៃ​សាសនាចក្រ ដែល​ទទួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង​គម្រោង​នេះ បានបង្ហាញ​ដល់​នាយក​សាលា​ជាមួយ​នឹង​ឯកសារ​ដែល​មាន​រូបថត​មុន និង​ក្រោយ​គម្រោង​នេះ ។ « ដើម​ឡើយ​យើង​មិន​គិត​ពី​ការមក​ទីនេះ​ទេ ប៉ុន្តែ​បានដឹង​អំពី​សាលា​តាមរយៈ​គម្រោង​មួយ​ផ្សេង​ទៀត ។ យើង​ជឿ​លើ​ព្រះវិញ្ញាណ​ដែល​ដឹកនាំ​កិច្ចការ​របស់​យើង ហើយ​ព្រះវិញ្ញាណ​នោះ​បាន​ដឹកនាំ​យើង​ទៅ​រក​អ្នក » ។

នាយក​សាលា ផាន់ ឡង់ឌី បាន​មាន​ប្រសាសន៍​ទាំង​ញញឹម​ថា « គ្រូបង្រៀន​ទាំងអស់​ដែល​នៅតែ​ធ្វើការ​នៅក្នុង​អគារ​ចាស់ៗ មាន​ការច្រណែន​នឹង​គ្រូបង្រៀន​ដែល​បង្រៀន​នៅក្នុង​អគារ​ដែល​បានកែលម្អ​ហើយ​នេះ » ។

អគារ​ដែលបាន​ជួសជុល​កែលម្អ​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​គម្រោង​មនុស្សធម៌​ជាច្រើន​ទៀត​ដែល​សាសនាចក្រ​នៅ​កម្ពុជា​បានប្រតិបត្តិការ ដែល​ជា​ផ្នែក​មួយ​នៃ​ការពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​ទូទាំង​ពិភពលោក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ កែលម្អ​សុខភាព និង​ជំរុញ​ការអប់រំ និង​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។