បុព្វកថា
ថ្មីៗនេះ តុលាការកំពូលរដ្ឋ កាលីហ្វូញ៉ា បានចេញច្បាប់ឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាបានស្របច្បាប់នៅក្នុងរដ្ឋកាលីហ្វូញ៉ា ។ ដោយការទទួលស្គាល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ចំពោះសហគមន៍ នោះសាសនាចក្របានទទួលយកការអញ្ជើញឲ្យចូលរួមក្នុង ProtectMarriage ( ការការពារអាពាហ៍ពិពាហ៍ ) គឺជាសម្ព័ន្ធភាពព្រះវិហារមួយ អង្គការ និង បុគ្គលទាំងឡាយ ដែលឧបត្ថម្ភដល់ការស្ទង់មើលសន្លឹកឆ្នោតខែវិច្ឆិកា សំណើរទាំង 8 ដែលនឹងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋកាលីហ្វូញ៉ា ដើម្បីធានាថា មានតែអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលស្គាល់ដោយស្របច្បាប់នោះ ។ ( ព័ត៌មានអំពីសម្ព័ន្ធភាពនេះ អាចរកបាននៅ http://www.protectmarriage.com/) ។
នៅថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2008 គណៈប្រធានទីមួយនៃសាសនាចក្រ បានចេញលិខិតមួយច្បាប់អំពី “Preserving Traditional Marriage and Strengthening Families,” ( « ការការពារអាពាហ៍ពិពាហ៍ជាប្រពៃណី និង ការពង្រឹងក្រុមគ្រួសារ » ) ប្រកាសអំពីការចូលរួមរបស់សាសនាចក្រជាមួយនឹងសម្ព័ន្ធភាពនោះ ។ លិខិតដែលត្រូវបានអាននៅក្នុងការប្រជុំរបស់សាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងរដ្ឋ កាលីហ្វូញ៉ា បានស្នើសុំឲ្យសមាជិកទាំងឡាយនៃសាសនាចក្រ « ធ្វើអ្វីគ្រប់យ៉ាង ដែល [ ពួកគេ ] អាចធ្វើទៅបាន ដើម្បីគាំទ្រដល់សំណើរឲ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ » ។
សមាជិកនៃសាសនាចក្រក្នុងរដ្ឋ អារីស្សូណា និង រដ្ឋ ផ្លរីដា ក៏នឹងគាំទ្រដល់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចំពោះអាពាហ៍ពិពាហ៍នៅក្នុងរដ្ឋរបស់ពួកគេដែរ ដែលសម្ព័ន្ធភាព មានភាពស្រដៀងគ្នាទៅនឹងសម្ព័ន្ធភាពរបស់រដ្ឋ កាលីហ្វូញ៉ា ដែលកំពុងតែត្រូវបានបង្កើតឡើងនោះដែរ ។
ការផ្ដោតសំខាន់លើការចូលរួមរបស់សាសនាចក្រនោះគឺផ្ដោតជាពិសេសទៅលើ អាពាហ៍ពិពាហ៍ភេទដូចគ្នា និង ផលវិបាករបស់វា ។ សាសនាចក្រ ពុំជំទាស់នឹងសិទ្ធិ ( ដែលបានរៀបរៀងឡើងនៅក្នុងរដ្ឋ កាលីហ្វូញ៉ា ) ស្ដីអំពីការថែរក្សាជំងឺក្នុងមន្ទីរពេទ្យ សេវាថែទាំសុខភាព សិទ្ធិស្នាក់នៅ និង ការងារត្រឹមត្រូវ ឬ សិទ្ធិសុពលកម្មឡើយ ដរាបណាអ្វីៗទាំងអស់នេះ ពុំប៉ះពាល់នឹងសេចក្ដីថ្លៃថ្នូរនៃក្រុមគ្រួសារតាមប្រពៃណី ឬ សិទ្ធិស្របច្បាប់របស់ព្រះវិហារទាំងឡាយ និងការគោរពរបស់ពួកគេចំពោះអ្នកបម្រើខាងសាសនា និង អនុវត្តនូវសេរីភាពខាងសាសនារបស់ពួកគេ ដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល ។
សាសនាចក្រមានបទដ្ឋានតែមួយគត់ មិនងាករេ ខាងសីលធម៌ខាងផ្លូវភេទថា ៖ ទំនាក់ទំនងស្និតស្នាល គឺមានតែរវាងស្វាមី និង ភរិយា ដែលរួបរួមគ្នាក្នុងចំណងនៃអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ។
សាសនាចក្រជំទាស់ទៅនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា តែពុំមែនចុះចូល ក៏ពុំមែនបណ្ដោយឲ្យមានប្រទូសរ៉ាយនឹងបុរស ឬ ស្ត្រី ដែលប្រតិព័ទ្ធភេទដូចគ្នានោះដែរ ។ ការការពារអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ពុំមានឥទ្ធិពលអ្វីដល់កាតព្វកិច្ចជាពួកគ្រីស្ទានរបស់សមាជិកនៃសាសនាចក្រ ដើម្បីមានសេចក្ដីស្រឡាញ់ មានសន្ដានចិត្តល្អ និង សប្បុរសធម៌ចំពោះមនុស្សទាំងពួងឡើយ ។
នៅពេលសមាជិកសាសនាចក្រ សម្រេចពីកម្រិតសមគួផ្ទាល់ខ្លួននៃការរួមចំណែកក្នុងការការពារដល់អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី នោះពួកគេគប្បីលើកពីបញ្ហានេះ ដោយមានការគោរពដល់មនុស្សដទៃ មានការយោគយល់ ភាពទៀងត្រង់ និង សេចក្ដីគួរសម ។
ក្នុងគោលបំណងកាត់បន្ថយការយល់ច្រឡំ និង អារម្មណ៍មិនល្អ នោះសាសនាចក្របានផលិតឯកសារ « The Divine Institution of Marriage,” ( « ស្ថាបនអាពាហ៍ពិពាហ៍ដ៏ទេវភាព » ) ហើយបានផ្ដល់បណ្ដាញដែលតភា្ជប់ទៅនឹងឯកសារដទៃៗទៀត ដើម្បីពន្យល់ពីហេតុផលរបស់វាក្នុងការការពារដល់អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ដែលជាបញ្ហាដ៏ចាំបាច់ខាងសីលធម៌ ។
ស្ថាបនអាពាហ៍ពិពាហ៍ដ៏ទេវភាព )
អាពាហ៍ពិពាហ៍គឺពិសិដ្ឋ ដែលត្រូវបានតែងតាំងឡើងដោយព្រះ ពីមុនការបង្កបង្កើតផែនដី ។ បន្ទាប់ពីបានបង្កើតអ័ដាម និង អេវ៉ា មក ព្រះអម្ចាស់ដ៏ជាព្រះ បានប្រកាសពួកគេថា ជាស្វាមី និង ភរិយា ហើយអ័ដាមបានបន្លឺឡើងថា « ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួនទៅនៅជាប់នឹងប្រពន្ធវិញ ៖ ហើយអ្នកទាំងពីរនោះ នឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ ព្រះយេស៊ូវគ្រីស្ទបានដកស្រង់នូវការប្រកាសរបស់អ័ដាម ពេលទ្រង់បានអះអាងពីប្រភពដើមនៃសេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ដ៏ទេវភាពថា ៖ « តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើមទេឬថា ទ្រង់បានធ្វើឲ្យមានមនុស្សទាំងប្រុសទាំងស្រីទេឬអី ហើយបានមានព្រះបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយទៅនៅជាប់នឹងប្រពន្ធ ៖ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ទៅជាសាច់តែមួយសុទ្ធ ? យ៉ាងនោះ គេមិនមែនជាពីរទៀតទេ គឺជាសាច់តែមួយ » ។
នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ឆ្នាំ 1995 បានប្រកាសពីសេចក្ដីពិតដ៏ពុំប្រែប្រួល ស្ដីអំពីអាពាហ៍ពិពាហ៍ថា ៖
យើង ជាគណៈប្រធានទីមួយ និង ក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសជាឧឡារិកថា អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថា គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់ គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ . . . ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ។ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ។ កូនចៅមានសិទ្ធនឹងចាប់កំណើតមកក្នុងចំណងនៃអាពាហ៍ពិពាហ៍ ហើយត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្តាយ ដែលគោរពប្រតិបត្តិតាមសច្ចានៃអាពាហ៍ពិពាហ៍ដោយស្មោះត្រង់ទាំងស្រុង ។
ការប្រកាសនេះ ក៏បានបង្រៀនផងដែរថា « ភេទ គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និង គោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និង នៅអស់កល្បជានិច្ច » ។ ដំណើររឿងនៅក្នុងលោកុប្បត្តិ អំពីលោកអ័ដាម និង នាងអេវ៉ា ត្រូវបានបង្កើតឡើង ហើយដាក់នៅលើផែនដី គូសបញ្ជាក់ពីការបង្កបង្កើតនៃភេទពីរដាច់ផ្សេងពីគ្នាថា ៖ « ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុស ជាស្រី » ។
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ គឺសំខាន់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ លក្ខណៈដ៏ពិសិដ្ឋនៃអាពាហ៍ពិពាហ៍ ត្រូវបានភ្ជាប់យ៉ាងជិតស្និតទៅនឹងអំណាចនៃការបង្កបង្កើត ។ មានតែបុរសម្នាក់ និង ស្ត្រីម្នាក់ រួមគ្នាតែប៉ុណ្ណោះ ទើបមានសមត្ថភាពបង្កើតកូនតាមធម្មជាតិ ។ អំណាចនៃការបង្កបង្កើត – ដើម្បីបង្កើតជីវិត និង នាំកូនវិញ្ញាណទាំងឡាយរបស់ព្រះ មកកាន់ពិភពលោកនេះ – គឺពិសិដ្ឋ ហើយមានតម្លៃ ។ ការប្រើប្រាស់អំណាចនេះខុស គឺបំផ្លាញចោលនូវស្ថាបនក្រុមគ្រួសារ ហើយធ្វើឲ្យទំនាក់ទំនងសង្គមចុះអន់ខ្សោយ ។ ក្រុមគ្រួសាររឹងមាំ បម្រើជាស្ថាប័នគ្រឹះ សម្រាប់ការផ្លាស់ទៅជំនាន់អនាគត នូវកម្លាំងសីលធម៌ ទំនៀមទម្លាប់ និង គុណតម្លៃ ដែលទ្រទ្រង់ដល់អារ្យធម៌ ។ ការប្រកាសជាសាកលនៃសិទ្ធិមនុស្ស បានអះអាងថា « ក្រុមគ្រួសារ គឺជាអង្គភាពក្រុមពីធម្មជាតិ និង គ្រឹះនៃសង្គម » ។
អាពាហ៍ពិពាហ៍ ពុំមែនជាកិច្ចសន្យាដំបូង រវាងបុគ្គលទាំងឡាយ ដើម្បីឲ្យសច្ចានុមតិអំពីសេចក្ដីស្រឡាញ់របស់ពួកគេ ហើយផ្ដល់នូវកាតព្វកិច្ចទាំងសងខាងនោះទេ ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការចិញ្ចឹមបីបាច់កូនចៅ ហើយបង្រៀនពួកគេ ឲ្យក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ។ ខណៈដែលរដ្ឋាភិបាល ពុំបង្កើតអាពាហ៍ពិពាហ៍មក នោះក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលគ្រប់ប្រភេទ បានទទួលស្គាល់ ហើយអះអាងថា អាពាហ៍ពិពាហ៍ គឺជាស្ថាប័នដ៏សំខាន់មួយ ក្នុងការរក្សាឲ្យមានស្ថេរភាពសង្គម និង រក្សាជីវិតរបស់វាឲ្យនៅគង់វង្ស ។ ដូច្នេះហើយ មិនថាអាពាហ៍ពិពាហ៍នោះ ត្រូវបានធ្វើឡើងបែបជាពិធីសាសនា ឬ បែបស៊ីវិលនោះទេ គូស្វាមីភរិយាស្ទើរតែគ្រប់វប្បធម៌ ត្រូវបានផ្ដល់ឲ្យនូវគុណប្រយោជន៍ជាពិសេស ដែលផ្ដោតជាចំបងក្នុងការគាំទ្រទំនាក់ទំនងរបស់ពួកគេ ហើយលើកកម្ពស់ដល់បរិយាកាស ដែលកូនៗអាចត្រូវបានចិញ្ចឹមបីបាច់ ។ ស្វាមី និង ភរិយាពុំទទួលបានគុណប្រយោជន៍ទាំងនេះ ដើម្បីតម្កើងខ្លួនគេឲ្យខ្ពស់ជាងមនុស្សពីរនាក់ផ្សេងទៀត ដែលអាចនឹងមានចំណែកទីលំនៅ ឬ ទំនាក់ទំនងក្នុងសង្គមនោះទេ ប៉ុន្តែត្រូវរក្សា ការពារ ហើយឃុំគ្រងរាល់ស្ថាប័នសំខាន់ទាំងអស់នៃអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ។
វាជាការពិតដែលគូស្វាមីភរិយាមួយចំនួន ដែលបានរៀបការហើយ នឹងពុំមានកូន ទោះជាដោយជម្រើស ឬ ដោយគ្មានកូនក្ដី តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសំខាន់នៃអាពាហ៍ពិពាហ៍ គឺត្រូវបានតភ្ជាប់យ៉ាងជិតស្និតទៅនឹងអំណាចពីកំណើត និង ការទទួលខុសត្រូវនៃការបង្កបង្កើត ហើយទៅនឹងភាពខុសគ្នាពីធម្មជាតិរវាងភេទផងដែរ ។ ការរស់នៅជាមួយគ្នា ដោយមូលហេតុណាមួយ ឬ ងារណាមួយនោះ គឺពុំមែនជាមូលហេតុគ្រប់គ្រាន់ សម្រាប់កំណត់ទម្រង់ថ្មីៗនៃអាពាហ៍ពិពាហ៍ឡើយ ។
អត្រាដ៏ខ្ពស់នៃការលែងលះ និង កំណើតកូនដែលគ្មានឪពុក ឬ ម្ដាយ ជាលទ្ធផល នាំឲ្យមានឪពុកម្ដាយទោលដ៏ច្រើន នៅក្នុងសង្គមអាមេរិក ។ ឪពុកម្ដាយទោលទាំងនេះជាច្រើន បានចិញ្ចឹមកូនទុកជាគំរូ តែយ៉ាងណាក៏ដោយ ការសិក្សាដ៏ច្រើន បានបង្ហាញថា ជាទូទៅ ស្វាមី និង ភរិយា ដែលរួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់ និងការតាំងចិត្តក្នុងអាពាហ៍ពិពាហ៍ ផ្ដល់នូវបរិយាកាសដ៏ប្រសើរបំផុតសម្រាប់កុមារ ដើម្បីទទួលបាននូវការការពារ ការថែទាំ និង ការចិញ្ចឹមបីបាច់ ។ រឿងនេះ ពុំគ្រាន់តែ ដោយសារ ឪពុកម្ដាយទាំងពីរ មានធនធានផ្ទាល់ខ្លួនដ៏ច្រើន ទើបអាចចិញ្ចឹមបីបាច់កូនបាននោះទេ ប៉ុន្តែគឺដោយសារតែកម្លាំងផ្សេងៗគ្នា ដែលឪពុក និង ម្ដាយមាន តាមរយៈគុណធម៌នៃភេទរបស់ពួកគេ ទើបនាំមកនូវកិច្ចការនេះ ។ ដូចដែលសង្គមវិទូដ៏ល្បីល្បាញ ឈ្មោះ ដាវីឌ ប៉ូពីណូ ធ្លាប់មានប្រសាសន៍ថា ៖
បន្ទុកនៃភស្ដុតាងវិទ្យាសាស្ត្រសង្គម គាំទ្រដល់គំនិត ដែលនិយាយថា ភេទផ្សេងគ្នានៃឪពុក និងម្ដាយ គឺសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់មនុស្ស ហើយថា ការរួមចំណែករបស់ឪពុកដើម្បីចិញ្ចឹមបីបាច់កូន គឺពិសេសគ្មានអ្វីប្រៀបផ្ទឹមបាន ហើយគ្មានអ្វីដែលអាចជំនួនបានឡើយ ។
ប៉ូពីណូ បានពន្យល់ថា ៖
. . . ការបំពេញគ្នានៃភេទប្រុស និងភេទស្រីរបស់ឪពុក និងម្ដាយម្ដាយ គឺខ្ពង់ខ្ពស់ និង មានសារៈសំខាន់ដ៏មហិមាចំពោះការអភិវឌ្ឍន៍របស់កូនម្នាក់ជាពិសេសលើអ្វីៗទាំងអស់ ។ ជួនកាល គេនិយាយថា ឪពុកបង្ហាញនូវការខ្វល់ខ្វាយអំពីការអភិវឌ្ឍន៍របស់កូនសម្រាប់រយៈពេលវែងជាង ខណៈដែល ម្ដាយយកចិត្តទុកដាក់លើសុខុមាលភាពរបស់កូនភ្លាមៗ ( ដែលតាមពិត វាទាក់ទងទៅនឹងសុខុមាលភាពរយៈពេលវែងរបស់កូនទាំងអស់ហ្នឹង ) ។ អ្វីដែលច្បាស់លាស់នោះ គឺថា កូនៗមាននូវតម្រូវការពីរយ៉ាង ដែលត្រូវបំពេញគឺ ៖ មួយសម្រាប់ឯករាជ្យភាព ហើយមួយទៀត សម្រាប់ការទាក់ទង មួយសម្រាប់ប្រឈមមុខ ហើយមួយទៀតសម្រាប់ការគាំទ្រ ។
ប្រវត្តិសង្គមវិទូ ដាវីឌ ប្លែងឃែនហន បានធ្វើការជជែកវែកញែកស្រដៀងគ្នាមួយនៅក្នុងសៀវភៅរបស់គាត់ អាមេរិកដែលគ្មានឪពុក. នៅក្នុងសង្គមដ៏ល្អមួយ គ្រប់កុមារ ត្រូវបានចិញ្ចឹមបីបាច់ មានទាំងឪពុក និង ម្ដាយ ។
ឧបសគ្គទាំងឡាយចំពោះអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ
នៅសម័យថ្មីរបស់យើងនេះ យើងបានឃើញមាន អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារតាមប្រពៃណី –ដែលត្រូវបានគេកំណត់ថា មានស្វាមី និង ភរិយា ព្រមជាមួយនឹងកូននៅក្នុងអាពាហ៍ពិពាហ៍នៅមួយគ្នា –បានស្ថិតនៅក្រោមការវាយប្រហារមួយដ៏ធំ ។ សីលធម៌ខាងផ្លូវភេទ ត្រូវបានគេបដិសេធ ហើយការផិតក្បត់ បានកើនឡើង ។ ចាប់តាំងពីឆ្នាំ 1960 មក សមាមាត្រនៃកុមារដែលចាប់កំណើតមកក្រៅចំណងអាពាហ៍ពិពាហ៍ បានឡើងពី 5.3 ភាគរយ ដល់ 38.5 ភាគរយ ( ឆ្នាំ 2006 ) ។ ការលែងលះ បានក្លាយទៅជារឿងធម្មតា ហើយត្រូវបានគេទទួលយកកាន់តែច្រើនឡើងៗ ដែលសហរដ្ឋអាមេរិក មានអត្រានៃការលែងលះខ្ពស់បំផុតក្នុងពិភពលោក ។ ចាប់តាំងពីឆ្នាំ 1973 មក ការពន្លូតកូន បានសម្លាប់ជីវិតជនស្លូតត្រង់ជាង 15 លាននាក់ ។ ក្នុងពេលនោះដែរ បទដ្ឋាននៃលេងការកម្សាន្ត បន្តធ្លាក់ចុះ ហើយរូបអាសគ្រាម បានក្លាយជាការរងទុក្ខដ៏ឈឺចាប់ ហើយធ្វើឲ្យជនរងគ្រោះជាច្រើនត្រូវញៀន ។ ភាពខុសគ្នានៃភេទដែលកើនឡើង ត្រូវបានដកចេញ ទុកជារឿងធម្មតា មិនទាក់ទង ឬ មិនឋិតឋេរ បើមិនដូច្នេះ វាបំផ្លាញគោលបំណងរបស់ព្រះនៅក្នុងការបង្កបង្កើត ទាំងបុរស និង ស្ត្រី ។
ក្នុងឆ្នាំថ្មីៗនេះ នៅសហរដ្ឋអាមេរិក និង ប្រទេសដទៃទៀត មានក្រុមចលនាមួយ បានផុសឡើងដើម្បីលើកកម្ពស់ដល់ អាពាហ៍ពិពាហ៍ភេទដូចគ្នា ថាជាសិទ្ធិជាប់លាប់មួយ ឬ សិទ្ធិខាងច្បាប់រដ្ឋធម្មនុញ្ញ ។ នេះពុំមែនជាជំហានមួយតូចនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរមួយដ៏ធំ ៖ ជំនួសឲ្យការបណ្ដែតបណ្ដោយរបស់សង្គម ឬ ការទទួលយកជាឯកជន នោះឥរិយាបថខាងផ្លូវភេទដែលមនុស្សពេញវ័យព្រមព្រៀង នោះអ្នកគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា ព្យាយាមស្វែងរកការព្រមព្រៀង និង ការទទួលស្គាល់ជាផ្លូវការ ។
ការសម្រេចរបស់តុលាការក្នុងរដ្ឋ ម៉ាស្សាឈូសេត ( ឆ្នាំ 2004 ) និង រដ្ឋ កាលីហ្វូញ៉ា ( ឆ្នាំ 2008 ) បានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ។ និន្នាការនេះ បានបង្កើតជាការគំរាមកំហែងយ៉ាងខ្លាំងដល់អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ។ ស្ថាបនអាពាហ៍ពិពាហ៍ នឹងចុះទន់ខ្សោយ ដែលផ្ដល់លទ្ធផលជាឲ្យផលវិបាកអវិជ្ជមាន សម្រាប់ទាំងមនុស្សពេញវ័យ និង កុមារតូចៗ ។
ក្នុងខែ វិច្ឆិកា ឆ្នាំ 2008 អ្នកបោះឆ្នោតនៅរដ្ឋ កាលីហ្វូញ៉ា នឹងសម្រេចថា តើត្រូវធ្វើការកែប្រែច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងរដ្ឋរបស់ពួកគេ ដើម្បីកំណត់អាពាហ៍ពិពាហ៍ថា មានតែរវាងបុរសម្នាក់ និង ស្ត្រីម្នាក់តែប៉ុណ្ណោះ ឬយ៉ាងណា ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមក្នុងសម្ព័ន្ធភាពជាទូទៅរបស់និកាយដទៃទៀត អង្គការ និង បុគ្គលទាំងឡាយ ដើម្បីលើកទឹកចិត្តឲ្យមានការយល់ព្រមពីអ្នកបោះឆ្នោតលើការកែប្រែនេះ ។
ប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក –ទោះជាធ្វើសកម្មភាពដោយផ្ទាល់ ឬ តាមរយៈអ្នកតំណាងរបស់គេ ដែលបានជ្រើសរើសក្ដី –បានទទួលស្គាល់តួនាទីដ៏សំខាន់ថា អាពាហ៍ពិពាហ៍តាមប្រពៃណី ដែលធ្លាប់បានធ្វើឡើង ហើយត្រូវតែបន្តធ្វើឡើងនៅក្នុងសង្គមអាមេរិក បើកុមារ និង ក្រុមគ្រួសារ ត្រូវតែបានការពារ ហើយតម្លៃសីលធម៌ ត្រូវបានចែកចាយនោះ ។
រដ្ឋទាំងសែសិបបួន បានអនុមតិច្បាប់យ៉ាងច្បាស់ថា អាពាហ៍ពិពាហ៍ គឺរវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ។ ជាងពាក់កណ្ដាលនៃរដ្ឋទាំងនោះ មានរដ្ឋទាំងអស់ចំនួនម្ភៃប្រាំពីរ បានធ្វើដូច្នេះ ដោយធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដូចជាការធ្វើវិសោធនកម្មច្បាប់ ដែលកំពុងរង់ចាំនៅក្នុងរដ្ឋ កាលីហ្វូញ៉ា អារីហ្សូណា និង ហ្វ្លរីដា ។
ផ្ទុយទៅវិញ អ្នកដែលនឹងតម្រូវឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាក្នុងសង្គមអាមេរិក គឺបានជ្រើសរើសផ្លូវផ្សេងមួយ ។ អ្នកគាំទ្របាននាំយករឿងក្ដីរបស់គេទៅដល់តុលាការរដ្ឋ ដោយស្នើសុំឲ្យចៅក្រមបង្កើតស្ថាបនអាពាហ៍ពិពាហ៍ ដែលសង្គមបានទទួលស្គាល់ ហើយពឹងផ្អែកអស់ប៉ុន្មានសហសវត្សមកហើយនោះសារឡើងវិញ ។ តែទោះជានៅក្នុងបរិបទនេះក្ដី ក៏តុលាការធំៗមួយចំនួន–គឺមានតុលាការកំពូលរបស់រដ្ឋចំនួនប្រាំមួយនៃចំនួនទាំងប្រាំបី –បានលើកតម្កើងដល់ច្បាប់អាពាហ៍ពិពាហ៍តាមប្រពៃណី ។ មានតែរដ្ឋចំនួនពីរប៉ុណ្ណោះ គឺរដ្ឋម៉ាស្សាឈូសេត ហើយថ្មីៗនេះគឺ រដ្ឋកាលីហ្វូញ៉ា ដែលបានដើរតាមទិសដៅផ្សេងនោះ ដោយមានការគាំទ្រយ៉ាងតិចបំផុត– គឺមានមនុស្ស 4 នាក់គាំទ្រ តែមាន 3 នាក់បដិសេធ ។
សរុបសេចក្ដីមក គឺមានការយល់ស្របយ៉ាងពេញទំហឹងនៅទូទាំងអាមេរិក ស្ដីអំពីអត្ថន័យនៃអាពាហ៍ពិពាហ៍នោះ ។ នៅពេលប្រជាជនរដ្ឋកាលីហ្វូញ៉ាផ្ទាល់ បានទទួលស្គាល់កាលដែលពួកគេបានបោះឆ្នោតលើបញ្ហានេះ កាលពីប្រាំបីឆ្នាំកន្លងទៅ នោះអាពាហ៍ពិពាហ៍តាមប្រពៃណី គឺសំខាន់ខ្លាំងណាស់ចំពោះសង្គមទាំងមូល ហើយជាពិសេស គឺចំពោះកុមារតូចៗ ។ ដោយសារសំណួរនេះ បានយាយីដល់ជម្រៅដួងចិត្តរបស់ក្រុមគ្រួសារ ដោយសារវាគឺជាបញ្ហាមួយដ៏ធំខាងសីលធម៌នៅសម័យរបស់យើងនេះ ហើយដោយសារវាមានការប៉ះទង្គិចយ៉ាងខ្លាំងមកលើក្រុមគ្រួសារ នោះសាសនាចក្រ កំពុងតែលើកឡើងពីបញ្ហានេះ ហើយសុំឲ្យសមាជិកទាំងឡាយចូលរួម ។
សេចក្ដីសន្ដោស , អាពាហ៍ពិពាហ៍ភេទដូចគ្នា និង សេរីភាពខាងសាសនា
អ្នកដែលពេញចិត្តនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នាពោលអះអាងថា « សេចក្ដីសន្ដោស » តម្រូវឲ្យពួកគេទទួលបាននូវសិទ្ធិដូចគ្នា ដើម្បីរៀបការ ដូចជាគូស្វាមីភរិយាដែលមានភេទផ្ទុយគ្នាដែរ ។ ប៉ុន្តែការតវ៉ាសុំ « សេចក្ដីសន្ដោស » នេះ គាំទ្រអត្ថន័យ និងលទ្ធផលខុសគ្នាស្រឡះមួយ ជាងន័យរបស់ពាក្យនោះ នៅស្ទើរតែពេញប្រវត្តិសាស្ត្រអាមេរិក ហើយមានអត្ថន័យផ្សេងគ្នាស្រឡះពីអ្វីដែលមាននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះ បានបង្រៀនពីគោលគំនិតដ៏ខ្ពស់ជាងនេះ ដែលជាសេចក្ដីស្រឡាញ់ ។ ទ្រង់បានទូន្មានថា « ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក » ។ ព្រះយេស៊ូវស្រឡាញ់មនុស្សមានបាប ខណៈដែលទ្រង់ថ្កោលទោសដល់អំពើបាប ដូចជាក់ស្ដែងនៅក្នុងករណីរបស់ស្ត្រីម្នាក់ដែលបានប្រព្រឹត្តអំពើកំផិត ៖ ទ្រង់បានប្រព្រឹត្តចំពោះនាងដោយចិត្តល្អ ប៉ុន្តែទូន្មានដាស់តឿននាងកុំឲ្យ « ធ្វើបាបទៀតឡើយ » ។ សេចក្ដីសន្ដោសនៅក្នុងគោលការណ៍នៃដំណឹងល្អមានន័យថា ឲ្យស្រឡាញ់ និង អភ័យទោសគ្នាទៅវិញទៅមក ពុំមែន « សន្ដោស » ដល់អំពើរំលងនោះទេ ។
នៅក្នុងពិភពលោកសព្វថ្ងៃ ការយល់ឃើញអំពីពាក្យសន្ដោស បែរទៅជាមានន័យខុសគ្នាទាំងស្រុង ។ ជំនួសឲ្យពាក្យស្រឡាញ់ វាបែរទៅជាមានន័យថា បណ្ដែតបណ្ដោយ –ទទួលយកនូវឥរិយាបថខុសឆ្គងទុកជាតម្លៃនៃមិត្តភាពទៅវិញ ។ ព្រះយេស៊ូវបានបង្រៀនថា យើងស្រឡាញ់ ហើយខ្វាយខ្វល់ចំពោះគ្នាទៅវិញទៅមកដោយពុំបណ្ដែតបណ្ដោយដល់អំពើរំលងឡើយ ។ ប៉ុន្តែនិយមន័យពេញនិយមខាងនយោបាយសព្វថ្ងៃនេះ ទទូចថា លុះត្រាតែមនុស្សម្នាក់ទទួលយកអំពើបាប បើមិនដូច្នោះ នោះគាត់មិនផ្ដល់ក្ដីសន្ដោសដល់អ្នកមានបាបឡើយ ។
ដូចដែល អែលឌើរ ដាល្លិន អេក អូក បានពន្យល់ថា
ជាក់ស្ដែង សេចក្ដីសន្ដោស តម្រូវឲ្យមានទំនាក់ទំនងដែលមិនចេះបង្កជម្លោះ ចំពោះភាពផ្សេងគ្នារបស់គ្នាទៅវិញទៅមក ។ ប៉ុន្តែសេចក្ដីសន្ដោស ពុំតម្រូវឲ្យមានការបោះបង់ចោលនូវបទដ្ឋាន ឬ គំនិតយោបល់របស់មនុស្សម្នាក់ តាមជម្រើសខាងគោលការណ៍ ឬ ខាងនយោបាយជាសាធារណៈឡើយ ។ សេចក្ដីសន្ដោស គឺជារបៀបមួយ នៃការប្រតិកម្មទៅនឹងភាពទីទៃពីគ្នា ពុំមែនជាបញ្ជាមួយ ដើម្បីរារាំងវាមិនឲ្យធ្វើការពិនិត្យមើលនោះទេ ។
សាសនាចក្រ ពុំបណ្ដែតបណ្ដោយឲ្យមានការប្រព្រឹត្តរំលោភបំពានដល់មនុស្សដទៃ ហើយលើកទឹកចិត្តសមាជិកឲ្យប្រព្រឹត្តចំពោះមនុស្សទាំងពួងដោយការគោរព ។ ទោះជាយ៉ាងណាក៏ដោយ ការថ្លែងទាស់របស់សាសនាចក្រទៅនឹងការប្រព្រឹត្ត ដោយពុំយល់ស្របទៅលើហេតុផលសីលធម៌– រួមទាំងអាពាហ៍ពិពាហ៍ភេទដូចគ្នាផងនោះ– គឺពុំបានបង្កើតឲ្យមានការរំលោភបំពាន ឬ ការប្រើពាក្យ « ការនិយាយស្អប់ » ជាញឹកញាប់ដោយខុសឆ្គងនោះឡើយ ។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ពិត និង មិត្តភាព ចំពោះសមាជិកក្រុមគ្រួសារ ឬ មិត្តភក្ដិ ដែលប្រតិព័ទ្ធភេទដូចគ្នា ដោយពុំទទួលយកទង្វើនៃការប្រតិព័ទ្ធភេទដូចគ្នា ឬ ការឲ្យនិយមន័យសារឡើងវិញណាមួយអំពីអាពាហ៍ពិពាហ៍ឡើយ ។
ការទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នោះ នឹងប៉ះពាល់ដល់សកម្មភាព និង គោលនយោបាយនានារបស់រដ្ឋាភិបាលយ៉ាងខ្លាំង ។ ពេលរដ្ឋាភិបាលរដ្ឋមួយប្រកាសថា សហគមន៍ភេទដូចគ្នា គឺជាសិទ្ធិរដ្ឋប្បវេណី នោះរដ្ឋាភិបាលទាំងនោះ ប្រាកដជានឹងប្រតិបត្តិនូវគោលនយោបាយផ្សេងៗដ៏ទូលំទូលាយ ដែលបានបម្រុងទុក ដើម្បីធានាថា គ្មានការរើសអើងទាស់នឹងដៃគូភេទដូចគ្នានោះ ។ ការណ៍នេះ អាចនឹងដាក់ « សាសនាចក្រ និង រដ្ឋាភិបាល ឲ្យស្ថិតនៅលើផ្លូវប៉ះទង្គិចគ្នាមួយ » ។
លទ្ធភាពនៃការមានអាពាហ៍ពិពាហ៍ភេទដូចគ្នាបានបង្កើតឲ្យមានការប៉ះទង្គិចគ្នាខាងផ្លូវច្បាប់ជាមួយនឹងសិទ្ធិនៃការបញ្ចេញមតិដោយសេរី និង នៃសកម្មភាពដែលទាក់ទងនឹងជំនឿសាសនារួចទៅហើយ ។ ឧទាហរណ៍ អ្នកគាំទ្រ និង មន្ត្រីរដ្ឋាភិបាលនៅក្នុងរដ្ឋមួយចំនួន បានជួបឧបសគ្គនឹងសិទ្ធិយូរអង្វែងរបស់ភ្នាក់ងារសុំកូនចិញ្ចឹមខាងសាសនា ដើម្បីធ្វើតាមជំនឿសាសនារបស់ពួកគេ ហើយគ្រាន់តែដាក់កូនៗឲ្យនៅក្នុងផ្ទះ ជាមួយម្ដាយ និង ឪពុកប៉ុណ្ណោះនោះ ។ ជាលទ្ធផល អង្គការសប្បុរសធម៌កាតូលិកនៅក្នុងទីក្រុង បូស្តុន បានបញ្ឈប់ការផ្ដល់សេវាកម្មសុំកូនចិញ្ចឹម ។
អ្នកគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នាដទៃទៀត កំពុងស្នើសុំឲ្យមានការលើកលែងពន្ធ និងដកអត្ថប្រយោជន៍នានាពីអង្គការសាសនាទាំងឡាយ ដែលមិនព្រមទទួលយកសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានោះ ។ ច្បាប់ស្នាក់នៅជាសាធារណៈ គឺត្រូវបានដាក់ឲ្យប្រើរួចទៅហើយ ជាកម្លាំងដាក់បង្ខំឲ្យអង្គការសាសនានានា អនុញ្ញាតឲ្យមានពិធីអាពាហ៍ពិពាហ៍ ឬ ការទទួលភោជនាអាហារនៅក្នុងអគារសាសនា បើកទូលាយដល់សាធារណៈជន ។ នៅក្នុងករណីមួយចំនួន អង្គការដែលមានការទទួលស្គាល់ទាំងឡាយ កំពុងពោលអះអាងអំពីសម្ពាធទៅលើសាលារៀន និង សាកលវិទ្យាល័យខាងសាសនាទាំងឡាយ ឲ្យផ្ដល់ផ្ទះស្នាក់នៅសម្រាប់អ្នករៀបការ ឲ្យដៃគូភេទដូចគ្នា ។ អង្គការនិស្សិតខាងសាសនា ត្រូវបានផ្ដល់ដំណឹងដោយសាកលវិទ្យាល័យមួយចំនួនថា ពួកគេអាចនឹងបាត់បង់ការទទួលស្គាល់ក្នុងបរិវេណសាលា និង ប្រយោជន៍នានា ប្រសិនបើគេពុំរាប់បញ្ចូលដៃគូស្រឡាញ់ភេទដូចគ្នា ក្នុងសមាជិកក្លឹប ។
ឧទាហរណ៍ជាច្រើនទាំងនេះបានក្លាយទៅជាភាពពិតស្របច្បាប់រួចទៅហើយ នៅក្នុងប្រទេសសហគមន៍អឺរ៉ុប និង សភាអឺរ៉ុបមួយចំនួន ដែលបានចេញអនុសាសន៍ថា ច្បាប់នានា កំពុងធានា ហើយការពារសិទ្ធិរបស់ដៃគូស្រឡាញ់ភេទដូចគ្នា ត្រូវបានធ្វើឡើងដូចគ្នាទាំងអស់ពេញមួយសហគមន៍អឺរ៉ុប ។ ដូច្នេះ ប្រសិនបើអាពាហ៍ពិពាហ៍ភេទដូចគ្នា ត្រូវបានគេទទួលស្គាល់ជាសិទ្ធិរដ្ឋប្បវេណី នោះនឹងវាជាក្លាយជម្លោះដ៏ធំជាមួយនឹងសេរីភាពខាងសាសនាហើយ ។ នៅក្នុងតំបន់សំខាន់មួយចំនួន សេរីភាពខាងសាសនា អាចនឹងត្រូវបានកាត់បន្ថយ ។
តើអាពាហ៍ពិពាហ៍ភេទដូចគ្នា នឹងប៉ះពាល់ដល់សង្គមតាមរបៀបណា ?
ការដាក់កំហិតលើសេរីភាពខាងសាសនា គឺពុំគ្រាន់តែជំពាក់វាក់វិនខាងសង្គមអំពីការធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ប៉ុណ្ណោះនោះទេ ។ ការជជែកតវ៉ាទូទៅបំផុត ដែលអ្នកគាំទ្រដល់អាពាហ៍ពិពាហ៍ភេទដូចគ្នាបានជជែកនោះ ប្រហែលជាថា វាពុំមែនជារឿងមហន្តរាយអ្វីទេ ហើយក៏នឹងមិនប៉ះពាល់ដល់ស្ថាបនអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់មនុស្សភេទផ្ទុយគ្នាអ្វីនោះដែរ ។ « វានឹងមិនប៉ះពាល់អ្វីដល់អ្នកទេ ដូច្នេះហេតុអ្វីក៏អ្នកខ្វល់ខ្វាយដូច្នេះ ? › គឺជាការតបតជាទូទៅ ។ ខណៈដែលវាអាចនឹងជាការពិត ដែលការអនុញ្ញាតឲ្យមានសហគមន៍ភេទទោល នឹងពុំឥទ្ធិពលភ្លាមៗ និង ដោយផ្ទាល់ ដល់អាពាហ៍ពិពាហ៍ ដែលមានរួចមកហើយនោះមែន តែបញ្ហាដ៏ពិតនោះគឺថា តើវានឹងប៉ះពាល់ដល់សង្គមទាំងមូលដោយរបៀបណា ។ នៅពេលវេលាកន្លងផុតទៅរួមទាំងជំនាន់ដែលកំពុងពេញវ័យ និង ជំនាន់នាពេលអនាគត ។ តាមបទពិសោធន៍នៃបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួន ដែលបានធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាទៅជាស្របច្បាប់រួចហើយនោះ បានណែនាំថា ការកែប្រែនិយមន័យនៃអាពាហ៍ពិពាហ៍តាមប្រពៃណីណាមួយ នឹងកាន់តែបំផ្លាញនូវស្ថេរភាពនៃអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ដែលបានទន់ខ្សោយរួចទៅហើយនោះទាំងមូល ។ ការទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នា ធ្វើឲ្យខូចគោលគំនិតអំពីអាពាហ៍ពិពាហ៍ ដោយផ្ដល់នូវលទ្ធផលដ៏អាក្រក់ដល់សង្គម ។
ក្រៅពីលទ្ធផលដ៏ធ្ងន់ធ្ងរនៃការទំលាយចោល និង បំផ្លាញចោលនូវលក្ខណៈដ៏ពិសិដ្ឋនៃអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ នោះមានការប្រព្រឹត្តដែលជាប់ទាក់ទងជាច្រើននៅក្នុងវិស័យគោលនយោបាយជាសាធារណៈ ដែលនឹងជាកង្វល់មួយដ៏ធំចំពោះឪពុកម្ដាយ និង សង្គមទាំងមូល ។ រឿងទាំងនេះ គឺជារឿងដ៏សំខាន់ដើម្បីយល់អំពីភាពធ្ងន់ធ្ងរនៃបញ្ហាទាំងមូលរបស់អាពាហ៍ពិពាហ៍ភេទដូចគ្នា ។
នៅពេលបុរសម្នាក់ និង ស្ត្រីម្នាក់ រៀបការក្នុងគោលបំណងបង្កើតគ្រួសារថ្មីមួយ នោះជោគជ័យរបស់ពួកគេនៅក្នុងអាពាហ៍ពិពាហ៍នោះ ពឹងផ្អែកលើឆន្ទៈរបស់ពួកគេ ដើម្បីលះបង់នូវការបំពេញចិត្តខ្លួនឯងតែម្យ៉ាងចោល ហើយត្រូវលះបង់ពេលវេលា និង មធ្យោបាយនានា ដើម្បីចិញ្ចឹមបីបាច់ និង ថែទាំកូនចៅរបស់ពួកគេ ។ អាពាហ៍ពិពាហ៍ គឺជាទង្វើពុំអត្មានិយមជាសំខាន់ ៖ ដែលត្រូវបានការពារយ៉ាងស្របច្បាប់ ត្បិតមានតែបុរសម្នាក់ និង ស្ត្រីម្នាក់ រួបរួមគ្នាប៉ុណ្ណោះ ទើបអាចបង្កើតជីវិតថ្មីបាន ហើយដោយសារតែការចិញ្ចឹមបីបាច់កូន តម្រូវឲ្យមានការប្ដេជ្ញាចិត្តក្នុងជីវិតដ៏យូរអង្វែង ដែលត្រូវតែមាននៅក្នុងអាពាហ៍ពិពាហ៍ ។ តាមធម្មតា ការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នាជាសង្គម ពុំអាចសមល្មមដើម្បីផ្ដល់ការបំពេញចិត្តចំពោះដៃគូបានឡើយ ព្រោះវាពុំមែនជាគោលបំណងរបស់រដ្ឋាភិបាល ដើម្បីផ្ដល់ការការពារខាងច្បាប់នូវគ្រប់អ្វីដែលបុគ្គលម្នាក់អាចមានលទ្ធភាពរកបំពេញចិត្តរបស់ខ្លួនដោយខ្លួនឯងនោះបានទេ ។ តាមពិតទៅ សហគមន៍ប្រតិព័ទ្ធភេទដូចគ្នាទាំងអស់ ពុំអាចបន្តពូជបានទេ ហើយទោះជាបុគ្គលទាំងពីរនាក់ ដែលមានភេទដូចគ្នានោះ ស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយ ក៏ពួកគេពុំអាចបង្កើតអាពាហ៍ពិពាហ៍មួយ ដែលលះបង់ដើម្បីចិញ្ចឹមបីបាច់កូនចៅផ្ទាល់ខ្លួនរបស់ពួកគេបានដែរ ។
វាប្រាកដណាស់ថា ដៃគូភេទដូចគ្នាមួយចំនួន នឹងទទួលបានភាពជាអាណាព្យាបាលលើកូនតូចៗ–ដោយសារតែទំនាក់ទំនងភេទផ្ទុយគ្នាកាលពីមុនរបស់ពួកគេ ឬតាមរយៈការសុំកូនមកចិញ្ចឹមនៅក្នុងរដ្ឋដែលគេត្រូវបានអនុញ្ញាតឲ្យធ្វើ ឬ ដោយការបន្តពូជសប្បនិម្មិត ។ ថ្វីបើយ៉ាងនោះក្ដី សំណួរសំខាន់បំផុតអំពីគោលនយោបាយសាធារណៈ ត្រូវតែសួរថា ៖ តើកុមារ និង មនុស្សជំនាន់ដែលកំពុងពេញវ័យ ត្រូវរស់នៅក្នុងបរិដ្ឋានដែលល្អបំផុតយ៉ាងណាទៅ ? អាពាហ៍ពិពាហ៍តាមប្រពៃណី ផ្ដល់នូវអត្តសញ្ញាណសង្គមដ៏ល្អ និង រឹងមាំដល់កុមារ ។ វាបង្កើនលទ្ធភាពដែលពួកគេអាចបង្កើតអត្តសញ្ញាណភេទច្បាស់លាស់មួយ ដោយមានជីវិតខាងផ្លូវភេទ តភ្ជាប់យ៉ាងមាំទៅនឹងសេចក្ដីស្រឡាញ់ និង ការបង្កបង្កើត ។ ផ្ទុយទៅវិញ ការធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ហាក់បីដូចជានឹងបំផ្លាញអត្តសញ្ញាណសង្គម ការវិវឌ្ឍន៍នៃភេទ និង ចរិកលក្ខណៈខាងសីលធម៌របស់កុមារ ។ តើវាជារឿងឈ្លាសវៃដែរឬទេ សម្រាប់សង្គមក្នុងការបន្តធ្វើការសាកល្បងដ៏ធំ ដោយពុំគិតអំពីផលវិបាករយៈពេលយូរដល់កុមារនោះ ?
មានឧទាហរណ៍មួយ អំពីរបៀបដែលកុមារនឹងរងឥទ្ធិពលយ៉ាងអាក្រក់ ដែលការបង្កើតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ជាសិទ្ធិរដ្ឋប្បវេណី នឹងតម្រូវឲ្យមានការផ្លាស់ប្ដូរបទបញ្ជាយ៉ាងជាក់នៅក្នុងកម្មវិធីសិក្សារបស់សាលា ។ នៅពេលរដ្ឋាភិបាលថ្លែងថា សហគមន៍ប្រតិព័ទ្ធភេទដូចគ្នា គឺមានសិទ្ធិស្មើគ្នានឹងអាពាហ៍ពិពាហ៍ភេទផ្ទុយគ្នាដែរ នោះកម្មវិធីសិក្សារបស់សាលារដ្ឋ នឹងត្រូវតែគាំទ្រដល់សេចក្ដីប្រកាសនេះ ។ នៅពេលចាប់ផ្ដើមថ្នាក់បឋមសិក្សា កុមារនឹងត្រូវបានបង្រៀនថា អាពាហ៍ពិពាហ៍ អាចត្រូវបានកំណត់ឡើងដោយមនុស្សពេញវ័យពីរនាក់ ភេទណាមួយក៏បាន ហើយថាទំនាក់ទំនងខាងផ្លូវភេទដែលគេព្រមព្រៀងគ្នានោះ គឺអព្យាក្រិតខាងសីលធម៌ ។ ការបង្រៀននៅក្នុងថ្នាក់ ស្ដីអំពីការអប់រំខាងផ្លូវភេទនៅអនុវិទ្យាល័យ អាចនឹងរំពឹងគិតថា វាមានភាពដូចគ្នារវាងភាពស្និទ្ធស្នាលខាងផ្លូវភេទដូចគ្នា និង ទំនាក់ទំនងភេទខុសគ្នា ។ ការបង្កើតទាំងនេះ នឹងបង្កើតឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំង រវាងរបៀបវារៈរបស់ប្រព័ន្ធសាលាចំណេះទូទៅ និង សិទ្ធិរបស់ឪពុកម្ដាយ ដើម្បីបង្រៀនដល់កូនៗរបស់ពួកគេអំពីបទដ្ឋានក្រមសីលធម៌តាមប្រពៃណី ។
នៅទីបំផុត ពេញមួយប្រវត្តិសាស្ត្រក្រុមគ្រួសារ បានបម្រើជាកំពែងការពារដល់សេរីភាពបុគ្គលៗ ។ ជញ្ជាំងនៃគេហដ្ឋានមួយ ផ្ដល់ការការពារទប់ទល់នឹងឥទ្ធិពលដែលធ្វើឲ្យខូចប្រយោជន៍សង្គម ហើយជួនកាលទល់ទល់នឹងអំណាចនៃការកេងប្រវ័ញ្ចរបស់រដ្ឋាភិបាល ។ បើពុំមានវត្តមាននៃការរំលោភបំពាន ឬ ការធ្វេសប្រហែសនោះទេ នោះរដ្ឋាភិបាលពុំមានសិទ្ធិធ្វើអន្តរាគមន៍នៅក្នុងការចិញ្ចឹមបីបាច់ និង ការអប់រំខាងសីលធម៌ដល់កូនៗនៅក្នុងគេហដ្ឋានបានឡើយ ។ គ្រួសាររឹងមាំ គឺសំខាន់ចាំបាច់សម្រាប់សេរីភាពខាងនយោបាយ ។ ប៉ុន្តែនៅពេលរដ្ឋាភិបាលធ្វើការសន្មត់ ដើម្បីកំណត់ឡើងវិញនូវចរិតលក្ខណៈនៃអាពាហ៍ពិពាហ៍ ដោយចេញច្បាប់នានា ដើម្បីធានាបាននូវការទទួលយកជាសាធារណៈនូវសហគមន៍ដែលគ្មានប្រពៃណី នោះពួកគេបានបោះជំហានមួយខិតទៅកាន់តែជិត នឹងការធ្វើអន្តរាគមន៍ទៅលើផ្នែកដ៏ពិសិដ្ឋនៃជីវិតក្នុងគេហដ្ឋានហើយ ។ លទ្ធផលនៃទង្វើនេះ គឺមានច្រើន ហើយពុំអាចគិតស្មានដល់ទៀតផង ប៉ុន្តែវាទំនងជានឹងមានអំណាចកើនឡើង ហើយឈានទៅដល់ដំណាក់កាល ដែលជាទីបំផុតនៃការព្យាយាមស្វែងរកវានោះ ។
បរិសុទ្ធភាពនៃអាពាហ៍ពិពាហ៍
ក្រុមគ្រួសាររឹងមាំ និងមានស្ថេរភាព ដែលបានដឹកនាំដោយឪពុក និង ម្ដាយ គឺជាយុថ្ការបស់សង្គមស៊ីវិល ។ នៅពេលអាពាហ៍ពិពាហ៍ ត្រូវបានបំផ្លាញដោយភាពច្របូកច្របល់ខាងភេទ និង ដោយការបំភ្លៃអត្ថន័យដែលព្រះបានប្រទាន នោះជំនាន់ដែលកំពុងពេញវ័យរបស់កុមារ និង យុវវ័យ នឹងមានការលំបាកខ្លាំងឡើង ក្នុងការអភិវឌ្ឍន៍អត្តសញ្ញាណពីធម្មជាតិរបស់ពួកគេ ក្នុងនាមជាបុរសម្នាក់ ឬ ស្ត្រីម្នាក់ ។ អ្នកខ្លះទៀត នឹងឃើញថាវានឹងកាន់តែពិបាកឡើងៗ ដើម្បីមានសេចក្ដីស្នេហាល្អមួយ បង្កើតអាពាហ៍ពិពាហ៍មានស្ថេរភាព ហើយចិញ្ចឹមបីបាច់ដល់មនុស្សជំនាន់មួយទៀត ឲ្យមានពោរពេញទៅដោយកម្លាំងខាងសីលធម៌ និង គោលបំណង ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានជ្រើសរើសចូលរួមចំណែកជាមួយនឹងនិកាយព្រះវិហារ អង្គការ និង បុគ្គលដទៃៗទៀតជាច្រើន ដើម្បីការពារដល់បរិសុទ្ធភាពនៃអាពាហ៍ពិពាហ៍ រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ព្រោះវាជាបញ្ហាដ៏ធំមួយខាងសីលធម៌ ដែលសំខាន់យ៉ាងខ្លាំងចំពោះសាសនា និង អនាគតរបស់សង្គមរបស់យើង ។
នៅបន្ទាត់ចុងក្រោយក្នុងការប្រកាសស្ដីពីក្រុមគ្រួសារ គឺជាការក្រើនរំឭកទៅដល់ពិភពលោក មកពីគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកដប់ពីរនាក់ថា ៖ « យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឲ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើង ដើម្បីទ្រទ្រង់ និង ធ្វើឲ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ។ នេះ គឺជាទិសដៅតម្រង់ ដោយថ្នាក់ដឹកនាំសាសនាចក្រ ហើយវាគឺជាទិសដៅដ៏សុវត្ថិភាពតែមួយគត់ សម្រាប់សាសនាចក្រ និង ប្រទេសជាតិ ។