Additional Resource

ស្ត្រី​នៅ​ក្នុង​សាសនាចក្រ

ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ ទាញ​យក​ភាព​រឹងមាំ និង ការបំផុស​គំនិត​ មក​ពី​អត្តសញ្ញាណ​របស់​ពួកគេ ៖ ពួកគេ​យល់​ដឹង​ថា ខ្លួនគេ ​គឺ​ជា​បុត្រី​របស់​ព្រះ​ ដោយ​មាន​គោលបំណង​នៅ​ក្នុង​ជីវិត ហើយ​ពួកគេ​ព្យាយាម​បណ្ដុះ​ចរិក​លក្ខណៈ​នៃ​ព្រះ​—មាន​ដូចជា ​ភាព​បរិសុទ្ធ ប្រាជ្ញា និង សេចក្ដី​សប្បុរស​—​មាន​នៅ​ក្នុងខ្លួន​ពួកគេ ។ ពួក​គេ​ឲ្យ​តម្លៃ​លើ​រូបកាយ និង ចិត្ត​គំនិត​របស់​ពួក​គេ ​ទុក​ជា​អំណោយ​ដ៏​ពិសិដ្ឋ ដោយ​បដិសេធ​ចោល​នូវ​អ្វី​គ្រប់​យ៉ាង ​ដែល​បន្ទាប​តម្លៃ​វា ។ ពួកគេ​ព្យាយាម​ដើម្បី​សម្រេចបាន​នូវ​​សក្ដានុពលភាព និង សមត្ថភាព​របស់​ពួកគេ ​ដើម្បី​មាន​សេចក្ដី​អំណរ ​តាម​រយៈ​ការថ្វាយ​បង្គំ ការសិក្សា ការបម្រើ និង ការប្រឹងប្រែងយ៉ាង​ខ្មីឃ្មាត ដើម្បី​រស់នៅ​តាម​ជីវិតមួយ ​ដែលមានព្រះ​គ្រីស្ទជា​ចម្បង ។ ពួកគេ​ជឿ​ថា​ តាម​រយៈ​ការរៀបចំ​របស់ព្រះ នោះ​ស្ត្រី និង បុរស មាន​បទពិសោធន៍​នៃ​ការ​រីក​ចម្រើន សេចក្តី​អំណរ និង ការ​សម្រេចជោគ​ជ័យ​រួមគ្នាល្អ​បំផុត ពុំ​មែន​ដាច់​ផ្សេង​ពី​គ្នា​នោះ​ទេ ។ តាម​រយៈ​ការប្រឹងប្រែង​រួម​គ្នា និងជា​តែ​មួយ នោះ​ពួកគេ​ម្នាក់ៗ​ផ្ដល់​ការរួម​ចំណែកដ៏​សំខាន់​នៅក្នុង​គេហដ្ឋាន ​ព្រះវិហារ និង នៅ​ក្នុង​សហគមន៍ ។

ស្ត្រី​មរមន​ ឱបក្រសោប​កេរមរតករបស់​ពួកគេ ​ជា​សិស្ស​ស្រី​របស់ ព្រះយេស៊ូវគ្រីស្ទ. ពួកគេ​ចាត់ទុកថា ​វា​ជា​បេសកកម្ម​សំខាន់មួយ ​ដើម្បី​ឈោង​ទៅ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះ​ខាត ហើយ​មើល​ថែ​ដល់​គ្រួសារ​ពួកគេ ក្រុម​ជំនុំ និង សហគមន៍​របស់​ពួកគេ​ដោយយកចិត្ត​ទុកដាក់​បំផុត ។

ស្ត្រី​មរមនរួមគ្នា ​បង្កើត​បាន​ជា សមាគម​សង្គ្រោះ​ជា​អង្គការ​បម្រើ​​របស់​ស្ត្រី​ ដែល​មាន​អាយុកាល​​ចំណាស់ និង ធំ​ជាង​គេបំផុត​មួយ​​នៅ​លើ​ពិភពលោក ។ ដោយ​មាន​សមាជិក​ស្ត្រី​ចំនួន 5.5 លាន​នាក់ ​នៅ​ក្នុង​ប្រទេស​ទាំង 170 នោះ​សមាគម​សង្គ្រោះ​ គឺ​ជា​យាន​ដ៏​ធំអស្ចារ្យ​​មួយ​សម្រាប់​ការ​បម្រើ​នៅ​ជុំ​វិញ​ពិភពលោក ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1842 ដើម្បី​ផ្ដល់​ជំនួយដល់​ពី​រឿង​អាក្រក់​ទាំងឡាយ​នៃ​ជីវិត​មនុស្ស​លោក​មាន​ដូចជា ៖ « ជួយ​សង្គ្រោះ​ពី​ភាពក្រីក្រ ពីភាពអត្មានិយម ភាព​​សោកសៅ ការសោះអង្គើយ ភាពអ​សីលធម៌ ភាព​ខាង​លោកិយ ភាព​អន់ខ្សោយ សេចក្ដី​ភ័យខ្លាច ការខ្វះសមត្ថភាព​ផ្ទាល់​ខ្លួន និង ភាព​ឯកា » ។

ក្នុង​នាម​ជា​សិស្ស ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដុះ​សេចក្ដី​ជំនឿ​ផ្ទាល់​ខ្លួន​ទៅ​លើ​ព្រះ និង ទំនាក់ទំនង​ជាមួយ​ទ្រង់ ដើម្បី​សិក្សា​ព្រះគម្ពីរ និង គោលលទ្ធិ ដើម្បី​បង្រៀន​ដំណឹង​ល្អ​នៅ​ក្នុង​គេហដ្ឋាន និង ក្រុម​ជំនុំ​របស់​ពួកគេ ហើយ​ដើម្បី​ចូលរួម​យ៉ាង​ស្មោះត្រង់​នៅ​ក្នុង ពិធី​បរិសុទ្ធនៃ​ការ​សង្គ្រោះ​នានានៃ​ដំណឹង​ល្អ ។ សមាជិកសាសនាចក្រ​​ទាំង​អស់ ​ត្រូវបាន​លើក​ទឹក​ចិត្ត​ជាយូរ​មក​ហើយ ឲ្យ​ស្វែង​រក​ការអប់រំ​នៅ​ក្នុង​គ្រប់​ទម្រង់ទាំងអស់ ពី​ព្រោះ​វា​គឺ​ជា​បទបញ្ញត្តិ​ដ៏​ទេវភាព ​ក៏​ដូច​ជា​មាគ៌ាមួយ​ដើម្បី​​បម្រើ និងឲ្យ​មាន​​ជីវិត​កាន់តែ​មាន​ន័យផងដែរ ។

សមាជិកសាសនាចក្រ ទាំង​ប្រុស និង ​ស្រី ​ក៏​មាន​ឱកាសដាច់​​ដោយ​ឡែក​ពី​គ្នា និង ឱកាស​រួម​គ្នា ​សម្រាប់​ការបម្រើ​សាសនាចក្រ​ផងដែរ ។ យោង​តាម​លំនាំ​ដែល​បាន​ស្ថាបនា​ឡើង ​ដោយ​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​បុរស​នៅ​ក្នុង​សាសនាចក្រ ​បម្រើ​នៅ​ក្នុង​តំណែង​បព្វជិតភាព ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​ជា​ពិធី​នៅ​ក្នុង « ពិធី​បរិសុទ្ធ » ឬ ពិធី​នានា​ខាង​សាសនា ក៏​ដូច​ជា​ការគ្រប់គ្រង​សាសនាចក្រផង​ដែរ ។ ស្ត្រី​មរមន ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង មាន​តំណែង​ជា​អ្នក​បង្រៀន ធ្វើ​អធិបតី​លើ​អង្គការ​ផ្សេងៗ​នៅ​កម្រិត និង ស្ថាប័ន​ក្នុង​មូលដ្ឋាន ជួយទូន្មាន ហើយ​បម្រើ​ដល់​អ្នក​ដទៃ និង ធ្វើ​កិច្ចការ​ក្នុង​សមត្ថភាព​ផ្សេងៗ​ជា​ច្រើន​ទៀត ។ ស្ត្រី​ក៏​សំខាន់ ​នៅ​ក្នុង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​ក្នុង​ក្រុម​ជំនុំ​របស់​សាសនាចក្រ ក្នុង​នាម​ជា​អ្នក​ចូលរួម​​ការពិភាក្សា និង ការធ្វើ​ការសម្រេច​ចិត្តផងដែរ ។

វិស័យ​សំខាន់​ជាង​គេបំផុត​​នៃ​ការបម្រើ​ ទាំង​ស្ត្រី និង បុរស​ គឺ​ស្ថិត​នៅ​ក្នុង​ក្រុមគ្រួសារ​ផ្ទាល់​ខ្លួន​របស់​គេ ។ បុរស និង ស្ត្រី​មរមន​ ឱបក្រសោប​យក​ក្រុមគ្រួសារ​ ទុក​ជា​បេះដូងនៃ​ផែនការ​របស់​ព្រះ ​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ហើយ​ជា​អង្គភាព​គ្រឹះ​នៃ​សង្គម ។ ពួក​គេ​ គោរព​ការងារ​រួមគ្នា​របស់​ម្ដាយ និង ឪពុក ​ជាអាទិភាព​​ដ៏ខ្ពស់​​ឧត្ដម​នៅ​ក្នុង​ជីវិត ហើយ​ជួយ​បង្កើត និង បរិច្ចាគ​ទៅ​ដល់​ក្រុមគ្រួសារ​ទាំងឡាយ​ដែល​មាន​ព្រះគ្រីស្ទជា​ចម្បង ។ ទោះ​ជា​ស្ថានភាព​ក្នុង​ជីវិត​របស់​ពួកគេ​បែប​ណា​ក៏​ដោយ ស្ត្រី​ក្នុង​សាសនាចក្រ​ព្យាយាម​បីបាច់ ហើយ​ពង្រឹង​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួនពួកគេ ។ តាម​រយៈ​ការពង្រឹងដល់គ្រឹះ​នៃ​​ក្រុម​​គ្រួសារម្នាក់ៗ ជាទូទៅ ជា​​ក្រុម​ជំនុំ និង គ្រួសារ​ជា​សាកល នោះ​ស្ត្រី​បង្ហាញ​ការតាំងចិត្ត​របស់​គេ ​ចំពោះ​ការបង្រៀន និង គំរូរបស់​ព្រះអង្គ​សង្គ្រោះ ។