Additional Resource

កម្មវិធី​អ្នក​ផ្សព្វផ្សាយ​សាសនា

កម្មវិធី​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​កម្មវិធី​មួយ​មានលក្ខណៈពិសេស ​ដែល​គេ​ទទួល​ស្គាល់​ច្រើន​ជាង​គេបំផុត ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មរមន ​អាចត្រូវ​បាន​គេ​​ឃើញ​នៅ​តាម​ដង​ផ្លូវ ​ក្នុង​ទីក្រុង​ធំៗ​រាប់​រយកន្លែង​​នៅ​ក្នុង​ពិភពលោក ​ក៏​ដូច​ជា​នៅ​ក្នុង​សហគមន៍​តូចៗ​រាប់​ពាន់​ផងដែរ ។

កិច្ច​ខ្នះខ្នែង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ​មាន​មូលដ្ឋាន​គ្រឹះ​នៅ​លើ​លំនាំ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ​ដែល​បម្រើ​ជា​គូៗ បង្រៀនដំណឹង​ល្អ និង ជ្រមុជទឹក​ដល់​អ្នក​ជឿ​នៅ​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ជា​ឧទាហរណ៍ កិច្ចការ​របស់​ពេត្រុស និង យ៉ូហាន​នៅ​ក្នុង​គម្ពីរ កិច្ចការ ) ។

មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាង 50,000 កំពុង​បម្រើ​បេសកកម្ម​សម្រាប់ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ ។ ពួកគេ​ភាគ​ច្រើន​ជា​យុវវ័យ​អាយុ​ក្រោម 25 ឆ្នាំ កំពុង​បម្រើ​នៅ​ក្នុង​បេសកកម្ម​ជិត 350 បេសកកម្ម នៅ​ពាសពេញ​ពិភពលោក ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ អាច​ជា​បុរស​នៅ​លីវ​ ដែល​មាន​អាយុ​ចាប់​ពី 18 ឆ្នាំ ទៅ 25 ឆ្នាំ ឯ​ស្ត្រី​នៅ​លីវ ​មាន​អាយុច្រើន​ជាង 19 ឆ្នាំ ឬ ស្វាមី​ភរិយា​ដែល​ចូល​និវត្តន៍ ។ ​អ្នក​ផ្សព្វផ្សាយ​សាសនា​ ធ្វើ​ការ​ជាមួយ​ដៃគូ​ ដែល​មាន​ភេទ​ដូច​គ្នា​នៅ​ក្នុង​បេសកកម្ម​របស់​ពួកគេ លើកលែង​តែ​ជា​គូ​ស្វាមី​ភរិយា ដែល​ធ្វើការ​ជាមួយ​នឹង​ស្វាមី​ភរិយា​របស់​ពួកគេ ។ បុរស​នៅ​លីវ ​បម្រើ​បេសកកម្ម​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​ស្ត្រី​នៅ​លីវ ​បម្រើ​បេសកកម្ម​​សម្រាប់​រយៈ​ពេល 18 ខែ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ ទទួល​ការចាត់តាំង​របស់​ពួកគេ មក​ពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​តែ​ប្រទេស​ដែល​រដ្ឋាភិបាល ​អនុញ្ញាតឲ្យ​មាន​សាសនាចក្រ​​តែ​ប៉ុណ្ណោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា ​ពុំ​ស្នើ​សុំតំបន់​នៃ​ការចាត់តាំង​របស់​ពួកគេ​ឡើយ ហើយ​ក៏​ពុំ​ដឹង​ទុក​ជា​មុន​ថា ​ពួកគេ​នឹង​តម្រូវ​ឲ្យ​រៀន​ភាសា​ឬ​យ៉ាងណា​​នោះ​ដែរ ។

ពីមុន​ទៅកាន់​​តំបន់​ដែល​ពួកគេ​បាន​​ចាត់តាំងឲ្យ​ទៅ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណាយ​ពេល​មួយ​រយៈ​ខ្លី​ នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​​មួយ​ ក្នុង​ចំណោម​ជ្ឈមណ្ឌល​ទាំង 15 នៅ​ពាសពេញ​ពិភពលោក ។ នៅ​ទីនោះ​ពួកគេ​រៀនអំ​​ពី​របៀប​បង្រៀន​ដំណឹង​ល្អ​តាម​របៀប​ត្រឹមត្រូវ និង ច្បាស់លាស់ ប្រសិនបើ​ចាំបាច់​នោះ​ ពួកគេ​ចាប់ផ្ដើម​រៀន​ភាសា​របស់​ប្រជាជន ​ដែល​ពួកគេ​នឹង​បង្រៀន ។ មជ្ឈមណ្ឌល​បំពាក់បំប៉ន​ធំ​ជាង​គេ ​គឺស្ថិត​នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ដែល​មាន​មជ្ឈមណ្ឌល​បន្ថែម​​ទៀត​នៅ​ប្រទេស អាហ្សង់ទីន, ប្រេស៊ីល, ឈីលី, សាធារណៈរដ្ឋ ដូមីនីហ្គែន, អង់គ្លេស, ហ្គាណា, ហ្គាតេម៉ាឡា, ម៉ិកស៊ិក, ញូវវែលសេឡង់, ពេរូ, ហ្វីលីពីន, អាហ្វ្រិក​ខាង​ត្បូង និង អេស្ប៉ាញ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បុរស ​ត្រូវបាន​ហៅ​ងារ​ថាជា « អែលឌើរ » ហើយ​ស្ត្រី​ត្រូវ​បាន​ហៅ​ងារ​ថាជា « ស៊ីស្ទើរ » ។

ថ្ងៃ​ធម្មតា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ ចាប់ផ្ដើម​នៅ​ម៉ោង 6:30 ព្រឹក សម្រាប់​ការសិក្សា​ផ្ទាល់​ខ្លួន ។ ពេញ​មួយ​ថ្ងៃ ​ត្រូវ​បាន​ចំណាយ​ពេល​សម្រាប់​ការផ្សព្វផ្សាយ ​ដោយធ្វើ​​ការតាមដាន​ការណាត់ជួប, ការ​សួរសុខទុក្ខតាម​ផ្ទះ ឬ ជួប​បង្រៀន​មនុស្ស​នៅ​តាម​ដង​វិថី ឬ កន្លែង​សាធារណៈ​ផ្សេង​ទៀត ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ បញ្ចប់​កិច្ចការ​ក្នុង​មួយ​ថ្ងៃ​របស់​ពួកគេ ​ត្រឹម​ម៉ោង 10:30 យប់ ។

នៅ​ប្រទេស​មួយ​ចំនួនទៀត​​លើ​ពិភពលោក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ ត្រូវ​បាន​បញ្ជូន​ឲ្យទៅ​​បម្រើតែ​ខាង​សប្បុរសធម៌ ឬ បេសកកម្ម​ដែល​ប្រើ​ជំនាញ​ឯកទេស​ផ្សេងៗប៉ុណ្ណោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​ ពុំធ្វើ​ការ​​ផ្សព្វផ្សាយ​ទេ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា ​គឺជាកិច្ចការ​​ស្ម័គ្រចិត្ត ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ បង់​ប្រាក់​សម្រាប់​បេសកកម្ម​របស់​ពួកគេ —លើកលែង​តែ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ —និង ត្រឡប់​មក​​ពី​ទីកន្លែង​ដែល​ផ្សព្វផ្សាយវិញ​ប៉ុណ្ណោះ ហើយ​ពួកគេ​ពុំ​ទទួល​បាន​ប្រាក់​កម្រៃ​សម្រាប់​ការ​បម្រើ​របស់​ពួកគេ​​ឡើយ ។  

ការទាក់ទង​ជាមួយ​ក្រុមគ្រួសារ និង មិត្តភក្តិ​ អំឡុង​ពេល​នៃ​ការបម្រើ​ គឺ​ត្រូវ​បាន​កំណត់​ឲ្យ​សរសេរ​សំបុត្រ ហើយ​យូរៗ​ម្ដង អាច​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​បាន​ក្នុង​ឱកាស​ពិសេសៗ ។ អ្នក​ផ្សព្វផ្សាយ​សាសនា ​ត្រូវ​ចៀសវាង​ពី​ការកម្សាន្ត ពិធី​ជប់លៀង ឬ សកម្មភាព​ផ្សេងៗ ​ដែលជាទូទៅមាន​សម្រាប់​​ក្រុម​ដែល​មាន​វ័យ​ដូច​គ្នានេះ​ ដរាប​ណា​ពួកគេ​នៅ​ក្នុង​បេសកកម្ម ប្រយោជន៍​ឲ្យ​ពួកគេ​ អាច​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​បម្រើ និង ការបង្រៀន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​អ្នក​ដទៃទាំងស្រុង​បាន ។