ការចេញ​ផ្សាយ​ព័ត៌មាន

បទ​ពិសោធ​ន៍សាសនា​ចក្រ​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​​ខេត្ត​សៀម​រាប

ទោះជា​មាន​ភ្លៀងធ្លាក់ខ្លាំង​​​ក៏ដោយ ក៏​មិន​អាច​បញ្ឈប់​សមាជិក​ជាង ២០០ នាក់ក្នុងការចូលរួមពិធី​សាសនា​ចក្រ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៥ ខែ​តុលា ឆ្នាំ ២០១៤ បានដែរ   ហើយកន្លែង​ប្រជុំ​ក្រុម​ជំនុំ​តែ​មួយ​ក្រុមបាន​​ក្លាយ​​ទៅ​ជា​កន្លែង​ប្រជុំ​​ក្រុម​ជំនុំ​​ពីរ​ក្រុម។ ទោះ​ជា​​អាកាស​ធាតុ​មិន​អំណោយ​ផល និងចំណាយ​​ពេលធ្វើដំណើរអស់រយៈពេលយូរ​ក៏ដោយ ​សមាជិក​ជា​ច្រើនក៏​នៅតែ​មក​ជួបជុំ​គ្នា​ ហើយអង្គុយ​លើ​​កម្រាល​ព្រំ​នៅ​កន្លែង​ជំនុំដែរ។ ការចូលរួមរបស់ពួកគេបំពេញ​​បានតាមចំនួន​ដែលរំពឹង​ទុក​តាម​ការ​​បែង​ចែក​ជា​ផ្លូវការ។

ក្រុមជំនុំ​ប្រហែល ១៥០ នាក់ បាន​ចូលរួម​ទទួលទាន​នំប៉័ង​និង​ទឹក និង​រៀនអំ​​ពី​បន្ទូល​​ព្រះ​នៅ​ថ្ងៃ​អាទិត្យ​រៀង​រាល់​សប្ដាហ៍ ហើយ​ទីកន្លែង​នេះ​​ហៅ​ថាជា “សាខា​​” ។​​ សាខា​​ទាំង​អស់​ត្រូវ​បាន​ដឹក​នាំ​ដោយ​​​គណៈប្រធាន​សាខា ​រួមមាន​ប្រធានសាខា ១ រូប​​​ និង​ទី​ប្រឹក្សា ២ រូប។ អ្នក​ទាំង​នេះ គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើការដោយ​មិន​គិត​កម្រៃ។

លោកប្រធាន ដេវីដ ស៊ី. ម៉ូន ដែល​ជា​ប្រ​ធាន​បេសកកម្ម​ រាជធានី​ភ្នំ​ពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ​បានធ្វើជាអធិបតី​ក្នុង​ពិធី​នោះ ហើយ​បានប្រកាស​ឈ្មោះ​សមាជិក​ពីររូប​ដើម្បី​ពិនិត្យ​មើលការ​យល់ព្រម និង​គាំ​ទ្រលោកទាំង​ពីរ​ជា​ប្រធានសាខា។ លោក​ កែវ សុ​ភិន នឹង​បម្រើ​ការ​ងារជា​ប្រធាន​​សាខា​ទី ១ នៅ​​ខេត្ត​សៀមរាប​ដោយ​មាន​លោក ឡូយ​ ប៊ុន​សៀក ជា​ទីប្រឹក្សា ទី១   លោក ឈុំ សោភ័ណ ជា​ទី​ប្រឹក្សា ទី ២  ចំណែក​លោក ឆម សារីកា ជា​ស្មៀន។   លោក លោក​ យូ តារា នឹង​បម្រើ​ការងារ​ជា​ប្រធាន​​សាខា​ទី ២ ​នៅ​​ខេត្ត​សៀមរាប ដោយ​មាន​លោក អ៊ួង រីវង្ស ជា​ទី​ប្រឹក្សា​ទី ១   លោក លៀម ពៅ​វិសាល ជា​ ទី​ប្រឹក្សា​ទី ២   និង​លោក រស់ ណារ៉ុង ជា​ស្មៀន។ បុគ្គលទាំងអស់​នេះត្រូវ​បាន​យល់ព្រមទទួលយក​ជា​ឯក​ឆ្ឆ័ន។ ការ​ថ្វាយ​បង្គំ​តាម​សាខា​នឹង​ត្រូវ​ជួប​ជុំ​គ្នា​ក្នុងព្រះវិហារ ដែល​មាន​ទី​តាំង​នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៦។ ការ​ថ្វាយ​បង្គំ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​ ៩:00 ព្រឹក និង​ម៉ោង​ ២:00 រសៀល។ រាល់​ភ្ញៀវ​ទាំង​អស់​ត្រូវ​បាន​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​វេន​ណា​មួយ​ក៏​បាន។

​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយិ៍​លើក​ទី​ ២០ នៅ​ប្រទេស កម្ពុជា​នៅ​ថ្ងៃ​ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤។ បច្ចុប្បន្ន​នេះ មានសមាជិកជាង​ ១២.៥០០ នាក់ មក​ពី ២៨ ក្រុម​សាខាដែល​ជួប​ជុំ​គ្នា​នៅ​ទាំង ១៥ កន្លែង​បាន​រស់​នៅ​ជុំ​វិញ​ប្រទេស​កម្ពុជា។

​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ព្រះ​វិហារសាសនាគ្រីស្ទ​លំដាប់​​ពិភព​លោក​ដែល​មានសមាជិក​ជាង ១៥ លាន​នាក់។  ទីតាំង​ជំនុំ​មាន ២៩.០០០ កន្លែង ​បោះ​ទី​តាំង​ជាង​ ៩០ ​ប្រទេសនៅ​  ទូ​ទាំង​​ពិភព​លោក។