PreyVengHealthCenterHandover-07.jpg
Translation

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ទទួល​បាន​អត្ថប្រយោជន៍​ពីការបរិច្ចាគ​ សម្ភារបរិក្ខារពេទ្យ​ដល់​មណ្ឌលសុខភាព​ខេត្ត​ព្រៃវែង

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមចំណែកក្នុងការពង្រឹងលទ្ធភាពទទួលសេវាថែទាំសុខភាព និងគុណភាពនៅទីជនបទនៃប្រទេសកម្ពុជា

ស្រុក​ពារាំង នៃ​ប្រទេស​កម្ពុជា — នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក ពិធី​ប្រគល់-ទទួល​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ មន្ទីរពេទ្យ​បង្អែក ពារាំង ដើម្បី​​ថ្លែងអំណរគុណចំពោះសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ដែល​បានបរិច្ចាគសម្ភារ​បរិក្ខារពេទ្យ​យ៉ាងច្រើន​ដល់​មណ្ឌល​សុខភាព​នៅ​ទីជនបទ​ចំនួន​ប្រាំបី​កន្លែង ដែល​មាន​ទីតាំង​នៅ​ជុំវិញ​ខេត្ត​ព្រៃវែងនៃ​ប្រទេស​កម្ពុជា ៖

  • មណ្ឌល​សុខភាព​ ព្រៃ​ស្នៀត
  • មណ្ឌល​សុខភាព​ ព្រៃព្នៅ
  • មណ្ឌល​សុខភាព ​ព្រៃ​ស្រឡិត
  • មណ្ឌល​សុខភាព​ កំពង់​ពពិល
  • មណ្ឌល​សុខភាព​ កញ្ចំ
  • មណ្ឌល​សុខភាព​ រកា
  • មណ្ឌល​សុខភាព រាប
  • មណ្ឌល​សុខភាព​ កំពង់​ប្រាំង
PreyVengHealthCenterHandover-11.jpg
PreyVengHealthCenterHandover-11.jpg
មន្ទីរពេទ្យបង្អែក ពារាំង ប្រទេសកម្ពុជា - រូបថតជាក្រុម ជាការផ្ដិតយកនូវគ្រាដ៏សំខាន់ដែលតំណាងសាសនាចក្រ អ្នកជំនាញខាងសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យជួបជុំគ្នាដើម្បីអបអរសាទរចំពោះការបរិច្ចាគសម្ភារបរិក្ខារពេទ្យយ៉ាងច្រើនដល់មណ្ឌលសុខភាពទាំងប្រាំបីក្នុងខេត្តព្រៃវែង ដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ ដែលជាកាយវិការដែលនឹងលើកកម្ពស់សេវាថែទាំសុខភាពក្នុងតំបន់ ។2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅក្នុងពិធី​ថ្ងៃនោះ មាន​ការអញ្ជើញចូលរួម​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត ហួត កល្យាណ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​ពារាំង លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា និង កញ្ញា យន សូផាណែត អ្នក​គ្រប់គ្រង​គម្រោង​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ រួម​ជាមួយ​នឹង​បុគ្គលិក​មន្ទីរពេទ្យ និង​អ្នក​ឯកទេស​ខាង​គម្រោង​វេជ្ជសាស្ត្រ​របស់​សាសនាចក្រ​ជាច្រើន​នាក់ ។

លោក​វេជ្ជបណ្ឌិត កល្យាណ បាន​សម្តែង​ការដឹង​គុណ​ចំពោះ​ការគាំទ្រ​របស់​សាសនាចក្រ ដោយមាន​ប្រសាសន៍​ថា « ការ​គាំទ្រ​ដ៏​សប្បុរស​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​មាន​សារៈសំខាន់​បំផុត​ចំពោះ​មណ្ឌល​សុខភាព​ទាំង​ប្រាំបី​នេះ ហើយ​នឹង​ជួយ​មណ្ឌល​សុខភាព​ទាំងនេះបម្រើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។ នេះ​គឺជា​កាយវិការ​សប្បុរសធម៌​ដែល​ប្រជាពលរដ្ឋ​រស់នៅ​​តំបន់​នេះ​មិន​អាច​បំភ្លេច​បាន​ឡើយ » ។

សម្ភារ​​បរិក្ខារពេទ្យ​ដែលបាន​បរិច្ចាគ​រួមមាន ឧបករណ៍តាមដានចង្វាក់បេះដូងទារក ឧបករណ៍​វាស់​សម្ពាធ​ឈាម ម៉ូនីទ័រ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម ឧបករណ៍​វាស់​ជីពចរ គ្រែអ្នក​ជំងឺ ម៉ូនីទ័រ​អ្នកជំងឺ ឈុត​ឧបករណ៍​សម្ភព និង​សម្ភារ​កុំព្យូទ័រ ។ សម្ភារបរិក្ខារពេទ្យ​ថ្មី​នេះ​នឹង​ពង្រឹង​សមត្ថភាព​របស់​មណ្ឌល​សុខភាព​ទាំងនេះ ដើម្បី​មើលថែ​ដល់​អ្នកជំងឺ​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ស្រុកនេះ ។
ជាង​នេះទៅ​ទៀត ការបរិច្ចាគ​ទាំងនេះ​ស្រប​តាម​គំនិត​ផ្តួចផ្តើម​ថ្នាក់​ជាតិ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​បង្កើន និង​ពង្រីក​ការព្យាបាល​ជំងឺទឹក​នោមផ្អែម និង​ជំងឺ​លើស​ឈាម​នៅ​ទូទាំង​ប្រទេស ។

នៅក្នុង​សុន្ទរកថា​របស់​លោករួមជាមួយ​នឹង​ការបរិច្ចាគ​របស់​សាសនាចក្រ លោក រ័ត្ន ច័ន្ទសុភា បាន​ចូលរួម​លើកទឹកចិត្ត ដោយដកស្រង់​ប្រសាសន៍​របស់​ប៊ីស្សព​ ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប៊ីស្សព​ជាអធិបតី នៅក្នុង​ការ​ពន្យល់​របស់​លោក​អំពី​របៀប​ដែល​សាសនាចក្រ​បំពេញ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ស្រឡាញ់​អ្នកជិត​ខាង​របស់​ខ្លួនថា « តើ​អ្នកជិតខាង​របស់​យើង​ជានរណា ? មនុស្ស​គ្រប់គ្នា​គឺជា​អ្នកជិត​ខាង​របស់​យើង ។ . . . យើង​ជួយ​មនុស្ស​គ្រប់គ្នា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ មិន​ថា​ពួកគេ​មក​ពី​ណា មាន​ជាតិ​សាសន៍ ឬ​សាសនា​អ្វី​នោះទេ ។ យើងនៅទីនេះ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​យើង​អាច​ផ្ដល់​ឲ្យ​បាន » ។ លោក ច័ន្ទសុភា ក៏​បានលើក​ទឹកចិត្ត​ដល់​បុគ្គលិក​មណ្ឌល​សុខភាព​ខេត្ត​ព្រៃវែង​ឲ្យ​ប្រើប្រាស់​ឧបករណ៍ថ្មី​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ថែទាំ​វាឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ប្រាកដ​ថា ឧបករណ៍​ថ្មី​នេះ​អាច​ជួយ​ផ្តល់​ការថែទាំ​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ។

​ពិធី​ប្រគល់-ទទួលអំណោយសម្ភារ​បរិក្ខារពេទ្យ​ ដែល​បាន​ធ្វើនាថ្ងៃនេះ បង្កើត​ឡើង​លើ​ការគាំទ្រ​ពីមុន​របស់​សាសនាចក្រ​នៅក្នុង​តំបន់​ ។ នៅ​ខែ​មករា ឆ្នាំ ​២០២០ សាសនាចក្រ​បាន​បរិច្ចាគ ម៉ាស៊ីន​ភ្លើង​ថ្មី និង​រថយន្តគិលាន​សង្រ្គោះដល់​មន្ទីរ​ពេទ្យ​បង្អែក​ ​ពារាំង ដោយ​ជួយ​លើក​កម្ពស់​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រៃវែង ។ ម៉ាស៊ីន​ភ្លើង​ដែល​មាន​កម្រិត ១៥០ កាវេអា ធានា​ដល់​ការផ្គត់​ផ្គង់​ថាមពល​ដល់​មន្ទីរពេទ្យ​ទាំងមូល​ក្នុង​អំឡុងពេល​ដាច់ភ្លើង ខណៈដែល​រថយន្តគិលាន​សង្រ្គោះ​បាន​កាត់បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​រស់នៅ​តំបន់​ឆ្ងាយៗ ។

កិច្ចការ​ក្នុង​ខេត្ត​ព្រៃវែង​គឺជា​ផ្នែកមួយ​នៃ​ កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា​របស់​សាសនាចក្រ (CHIE) ដែល​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ទង្វើ​ព្យាបាល​ដោយ​ក្តីមេត្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំឡុង​ពេល​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ។ CHIE ត្រូវបាន​ផ្តួចផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១៨ ដោយ​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ផ្នែក​សុខាភិបាល ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល ឧបករណ៍ និង​គម្រោង​សាងសង់​សម្រាប់​ស្ថាប័ន​សុខាភិបាល​ដែល​បម្រើ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ។

ពិធី​ប្រគល់-ទទួលអំណោយ​សម្ភារបរិក្ខារពេទ្យ​ថ្ងៃ​នេះមាន​អត្ថន័យ​ពិសេស ខណៈដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ឱកាស​ខួបលើកទី ៣០ នៃ​ការទទួល​ស្គាល់​សាសនាចក្រ​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​រយៈពេល​ដ៏ខ្លី​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​កម្ពុជា សាសនាចក្រ​បានធ្វើ​គម្រោង​មនុស្សធម៌​រាប់រយ​គម្រោង ហើយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ខាងវិញ្ញាណ​យ៉ាង​ស្វាហាប់ ដើម្បី​ពង្រឹង​ដល់​បុគ្គល និង​ក្រុមគ្រួសារ​តាមរយៈ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។