KampongThomMultihospitalRenovation-17.jpg

ខេត្តកំពង់ធំ ប្រារព្ធពិធីការជួសជុលផ្នែកសំខាន់ៗនៃមន្ទីរពេទ្យ ចំនួន ៣ កន្លែង នៅប្រទេសកម្ពុជា

ការកែលម្អដ៏មានសារៈសំខាន់ ដែលឧបត្ថម្ភដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីកែលម្អនូវគុណភាពនៃសេវាសុខភាពដល់ប្រជាពលរដ្ឋជាង ៧០០,០០០ នាក់ នៅទីជនបទនៃប្រទេសកម្ពុជា ។

ខេត្ត​កំពង់ធំ ប្រទេសកម្ពុជា — កាល​ពី​ថ្ងៃ​ទី ១១ ខែ មីនា ឆ្នាំ ២០២៤ រដ្ឋបាល​ខេត្ត​កំពង់ធំ បានរៀបចំ​ពិធីប្រគល់​និង ទទួល​ដើម្បី​រំឭក​ដល់​ការបញ្ចប់​គម្រោង​ជួសជុល​សំខាន់ៗ នៅ​មន្ទីរពេទ្យ​បង្អែក​ទីរួម​ខេត្ត​កំពង់​ធំ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ។ គម្រោង​ទាំងនេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ និង​ចាត់ចែង​ដោយ​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) របស់​សាសនាចក្រ ។

ពិធី​នេះ​រៀបចំ​នៅ​មន្ទីរពេទ្យ​បង្អែក​ទីរួម​ខេត្ត​កំពង់​ធំ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ញឹក បានខេង អភិបាលរង​ខេត្ត​កំពង់ធំ អែលឌើរ ខេលី អរ ចនសុន នៃ​គណៈប្រធាន​តំបន់​អាស៊ីនៃ​សាសនាចក្រ លោក​វេជ្ជបណ្ឌិត ស្រី ស៊ិន ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ធំ ថ្នាក់ដឹកនាំ​ចំនួន​ដប់​រូប​មកពី​ក្រុមជំនុំ​នៃ​សាសនាចក្រ​នៅក្នុង​ខេត្ត អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ និង​បុគ្គលិក ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ និង​អ្នកឯកទេស​ខាងវេជ្ជសាស្ត្រ​មកពី​សាសនាចក្រ និង​អ្នកចូលរួមជា​សាធារណៈ​ជាង ១០០ នាក់ ។

លោក​វេជ្ជបណ្ឌិត ស៊ិន បានរៀបរាប់​ពី​លក្ខណៈ និង​វិសាលភាព​នៃ​គម្រោង ដែល​រួម​មាន​ការជួសជុល និង​ពង្រីក​អគារ​ជាង ៤០ នៅ​ទូទាំង​មន្ទីរពេទ្យ​ទាំង​បី ការដោះស្រាយ​លើ​បញ្ហាទឹក​លិច ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ និង​ការបណ្តុះ​បណ្តាល​ដល់​បុគ្គលិកពេទ្យ ។ បរិក្ខារពេទ្យ​ទំនើបៗ​ជាច្រើន​ប្រភេទ​ដែល​ផ្តល់​ជូន​មាន​ប្រព័ន្ធ​ផ្តល់​អុកស៊ីសែន សម្ភព រោគ​ក្រពះ ពោះវៀន ទន្តសាស្ត្រ ឧបករណ៍​ផ្នែកឆ្អឹង និង​ឧបករណ៍ផ្នែក​ភ្នែក សម្រាប់​ការផ្គត់ផ្គង់ក្នុង​បន្ទប់​ប្រតិបត្តិការ និង​ឧបករណ៍​មន្ទីរ​ពិសោធន៍​រោគវិនិច្ឆ័យ ។ សម្ភារ​ទាំងនេះ បានផ្លាស់ប្តូរ​នូវ​វិសាលភាព និង​គុណភាព​នៃ​ការថែទាំ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​យ៉ាង​សំខាន់ ។

អែលឌើរ ចនសុន បានសម្តែង​ការដឹងគុណ​ចំពោះ​សេចក្តីសប្បុរស​របស់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក ដោយ​ថ្លែង​ថា « ប្រាក់​សម្រាប់​គម្រោង​ទាំងនេះ​បាន​មកពី​សមាជិក​របស់​យើង​នៅ​ទូទាំង​ពិភពលោក ដែល​ជ្រើសរើស​តមអាហារ​ពីរ​ពេល​ជា​ទៀងទាត់ ហើយ​បរិច្ចាគ​តម្លៃ​អាហារ​ទាំងនោះ​ដើម្បី​ជួយ​អ្នក​ដែល​ខ្វះខាត ។ លោក​ក៏​បានថ្លែង​ពី​​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​ព្រះវិហារ​ក្នុង​មូលដ្ឋាន​នៅ​ក្នុង​ពិធី​នោះ​ដែរ ដោយ​លោក​បាន​បន្ថែម​ថា « យើង​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា ។ យើង​ចង់​ធ្វើ​រឿង​ល្អៗ ។ យើង​ធ្វើ​តាម​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ដូច​ជា​យើង​ស្រឡាញ់​ខ្លួន​យើង​ដែរ » ។

ឯកឧត្តម ញឹក បានខេង អភិបាលរង​ខេត្ត​កំពង់​ធំ បាន​ទទួល​ស្គាល់​នូវ​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​ពី​សាសនាចក្រ ដោយ​មាន​ប្រសាសន៍​ថា « យើង​ទាំង​អស់គ្នា​ជា​បងប្អូន​នឹង​គ្នា សូម​ជួយ​គ្នា​ទៅវិញ​ទៅមក ។ យើង​ទទួល​បាន​នូវ​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​ពី​សាសនាចក្រ ។ អគារ​ដែល​បាន​ជួសជុល​ឡើងវិញ​មាន​ភាពស្រស់ស្អាត ហើយ​អ្នកជំងឺ​រីករាយ​ក្នុងការ​ទទួល​បាន​ការថែទាំ​នៅ​ទីនេះ ។ ឥឡូវ​នេះ មន្ទីរពេទ្យ​ស្អាត​ជាង​មុន ហើយ​មាន​អនាម័យ​ជាង​មុន » ។

នៅ​ចុង​បញ្ចប់​នៃ​ពិធី​នេះ អភិបាលរង​បាន​ប្រគល់​ជូន​ប័ណ្ណ​សរសើរ​ជា​ផ្លូវការ​មួយ​ដល់​អែលឌើរ ចនសុន ។ បន្ទាប់មក ឥស្សរជន និង​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​បាន​ចុះ​ទៅ​មើល​បន្ទប់​ថែទាំ​ដែល​ទើប​នឹង​ជួសជុល​ថ្មី ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការថែទាំ​នៅទីនោះ ។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​សាសនាចក្រ​ក្នុង​ការជួសជុល និង​កែលម្អ​មន្ទីរពេទ្យ​ទាំងនេះ​ក្នុង​ខេត្ត​កំពង់​ធំ ឆ្លុះបញ្ចាំង​ពី​សេចក្តី​អាណិតអាសូរ និង​សេចក្តីមេត្តា​ករុណា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បានធ្វើ​ជាគំរូ​ក្នុង​អំឡុង​ពេលធ្វើ​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ។ ដូច​ដែល​បានកត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន នៅពេល​ដែល​ព្រះយេស៊ូវ​បាន​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​មាន​បន្ទូល​ថា « តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់ដៃ​បាក់ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់ ឬ​ក៏​ត្រូវ​រងទុក្ខ ដោយ​ហេតុណាផ្សេង​ទៀត ? ចូរ​នាំ​ពួកគេ​មក​ទីនេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បានជា ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​រាល់​គ្នា ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តាករុណា » ( នីហ្វៃទី៣ ១៧:៧ ) ។ ក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​ខ្វល់ខ្វាយ​ស្រដៀង​គ្នា​នេះ​ចំពោះ​ការរងទុក្ខ នោះ​សាសនាចក្រ​បាន​អនុវត្ត​គម្រោង​ទាំងនេះ ដើម្បី​ផ្ដល់​ពរ​ដល់​ជីវិត​នៃ​អ្នក​ដែល​ខ្វះខាត ។

ការជួសជុល​នៃ​មន្ទីរពេទ្យ​ទាំងនេះ​នៅក្នុង​ខេត្ត​កំពង់​ធំ គឺជា​ផ្នែក​មួយ​នៃ កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) របស់​សាសនាចក្រ ដែលជា​យុទ្ធសាស្រ្តថ្មី​ដើម្បី​កែលម្អ​សេវា​សុខភាព និង​ផ្ដល់​ជំនួយ​សប្បុរសធម៌​សម្រាប់​ប្រជាជន​កម្ពុជា ។ ដោយ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល និង​អ្នកដឹកនាំ​សេវា​សុខាភិបាល CHIE ផ្តល់​ការបណ្តុះបណ្តាល ឧបករណ៍ និង​គម្រោង​សាងសង់​ជាច្រើន ។ កម្មវិធី​នេះ​បានចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៨ ដោយ​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ ។

ការបញ្ចប់​គម្រោង​នេះ​មាន​អត្ថន័យ​ជាពិសេស​ ដែលពិធីនេះចំអំឡុងពេល​រំឮកខួប​លើក​ទី ៣០ ឆ្នាំ របស់​សាសនាចក្រ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ សាសនាចក្រ​នៅតែ​បន្ត​តាំងចិត្ត​បម្រើ និង​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌ និង ជំនួយ​ខាង​វិញ្ញាណ ។