KohThomHospitalInauguration-23.jpg

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​សម្ភោធ​មន្ទីរពេទ្យ​តេជោសែន​កោះធំ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ 

គម្រោង​មនុស្សធម៌​ដ៏​ធំ​បំផុត​មួយ​របស់​សាសនាចក្រ​នៅ​តំបន់​អាស៊ី គ្រោង​នឹង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ជាង ៤០០,០០០ នាក់

អែលឌើរ ខេលី ចនសុននៃ​គណៈប្រធាន​តំបន់​អាស៊ី ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​អញ្ជើញ​ចូលរួម​ជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវ កិត្តិយស​ផ្សេង​ទៀត​ក្នុង​ពិធីសម្ពោធ​អគារមន្ទីរពេទ្យថ្មី តេជោសែនកោះធំ​ នៅ​ខេត្ត​កណ្តាល ។ ពិធី​សម្ភោធ​នេះ​បាន​គូសចំណាំ​ពី​ការបញ្ចប់​គម្រោង​មនុស្សធម៌​ដ៏​ធំ​បំផុត​មួយ ដែល​មិន​ធ្លាប់​មាន​នៅ​តំបន់​អាស៊ីនៃ​សាសនាចក្រ ដែល​ជា​កិច្ចសហការ​ជាច្រើន​ឆ្នាំ​រវាង​សាសនាចក្រ និង​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​ដែល​ចូល រួម​ចំណែក​ផ្សេងៗ​ទៀត ដើម្បី​ពង្រីក​លទ្ធភាព​ការថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព​ដល់​ប្រជាពលរដ្ឋ​រហូត​ដល់​ជាង ៤០០,០០០ នាក់ នៅ​ក្នុង​តំបន់​នេះ ។ 

មន្ទីរ​ពេទ្យរដ្ឋដែល​បាន​ដាក់​ឈ្មោះ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការផ្តួចផ្តើម​គំនិត​របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដោយ​មាន​ការសហការ​ពី ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​កាល់ម៉ែត ។ សាសនាចក្រតាមរយៈ​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) របស់​ខ្លួន បាន​ដើរតួ​អ្នក​បរិច្ចាគ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​គម្រោង​នេះ ដោយ​មាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មនុស្សធម៌​របស់​សាសនាចក្រ​សហការ​ជាមួយ​ក្រុម​គ្រប់គ្រង​មន្ទីរពេទ្យ​លើ​ការរចនា​មន្ទីរពេទ្យ និង​ផ្តល់​មូលនិធិ​សម្រាប់​ឧបករណ៍​ជាច្រើន​ប្រភេទ​ដែលត្រូវការសម្រាប់ថត​រូបភាព​រោគវិនិច្ឆ័យ ការវិភាគ​មន្ទីរពិសោធន៍ ការស្តារ​នីតិសម្បទា ការថែទាំ​ជំងឺ​ធ្ងន់ធ្ងរ ការវះកាត់ សម្ភព និងការថែទាំ​ទារក​ទើប​នឹង​កើត ទន្តសាស្រ្ត និង​ការគ្រប់គ្រង​ការឆ្លងមេរោគ ។ 

មុន​ពេល​សាងសង់​មន្ទីរពេទ្យ​ថ្មី​នេះ សាសនាចក្រ​ក៏​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួសជុល និង​បំពាក់​គ្រឿងបរិក្ខារ​នៅ​តំបន់​ក្បែរ​នោះ​នៅ មណ្ឌល​សុខភាព​ពោធិ៍រាមា ដើម្បី​បម្រើ​ជា​អគារ​បណ្ដោះអាសន្ន ។ ការចំណាយ​លើ​ការជួសជុល​ភាគច្រើន​ត្រូវ​សាសនាចក្រ​បាន​ផ្តល់​ជា​មូលនិធិ ដែល​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​នេះ​ផ្តល់​ការថែទាំ​ចាំបាច់ ខណៈ​ដែល​មន្ទីរពេទ្យ​ដើម​កំពុង​រើចេញ និង​សាងសង់​ឡើងវិញ ។ 

ក្នុង​ការទទួលស្គាល់​ការរួមចំណែក​យ៉ាង​សំខាន់​របស់​សាសនាចក្រ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រគល់​មេដាយ​ជូន អែលឌើរ ចនសុន នូវ​មេដាយ​ជាតូបផ្កា​ក្នុង​ពិធី​នេះ ។ កិត្តិយស​នេះ​គូសបញ្ជាក់​អំពី​តម្លៃ​ដែល​បាន​ដាក់​លើ​កិច្ចសហការ​របស់​សាសនាចក្រ និង​ការខិតខំ​ប្រឹងប្រែង​របស់ខ្លួន​ក្នុង​ការជួយ​ដល់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ។ 

Techo-Sen-Koh-Thom-Hospital-Inauguration-in-Cambodia
Techo-Sen-Koh-Thom-Hospital-Inauguration-in-Cambodia
អែលឌើរ ខេលី អរ ចនសុន ឈរ​ជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពី​ទទួល​បាន​មេដាយ​ជាតូបផ្កា ក្នុង​ការទទួលស្គាល់​ការរួម ចំណែក​ របស់​សាសនាចក្រ​ដល់​មន្ទីរពេទ្យ​តេជោសែន​កោះធំ នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នៅ​ខេត្តកណ្តាល នៃ​ប្រទេសកម្ពុជា ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អែលឌើរ ចនសុន បានសង្កត់ធ្ងន់​លើ​ការជួយ​ទូទាំង​ពិភពលោក និង​ឥទ្ធិពល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ ដែល​អាច​ធ្វើ​ទៅបាន​ដោយ​ទឹកចិត្តសប្បុរស​ពី​សមាជិក​របស់​ខ្លួន ។ លោក​បាន​មាន​ប្រសាសន៍ថា « ដោយសារតែ​ទឹកចិត្តសប្បុរស​របស់​សមាជិក​នៅ​ជុំវិញ​ពិភពលោក យើង​អាច​ទាញយក​ធនធាន​ទាំងនេះ និង​ផ្ដល់​នូវ​ការ​លើក​កម្ពស់​ដល់​គ្រឿងបរិក្ខារ​ពេទ្យ​ដ៏​ល្អៗ ដើម្បី​ផ្ដល់​ពរ​ដល់​ប្រជាជន​ទាំងនេះ » ។ 

អគារ​ដ៏​ធំ​ថ្មី​លាតសន្ធឹងជិត ​១២,០៧៧ ម៉ែត្រ​ការ៉េ​ និង​មាន​គ្រែ​ចំនួន ១៥០ គ្រឿង​បរិក្ខារពេទ្យ​ទំនើបៗ និង​បច្ចេកវិជ្ជា​ទំនើបៗ ដូចជា​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពេទ្យ​ជាដើម ។ មន្ទីរពេទ្យ​នេះ​បានត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ លើក​កម្ពស់​ស្តង់ដា​សេវាសុខភាព​ដល់​ប្រជាពលរដ្ឋ​ជាង ៤០០,០០០ នាក់  នៅ​ស្រុក​កោះធំ និង​តំបន់​ជុំវិញ​ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ដែល​ពី​មុន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ឬ​មន្ទីរពេទ្យ​ខេត្ត​ឆ្ងាយៗ ។ មន្ទីរពេទ្យ​នេះ​គឺជា​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ធំ​ដំបូង​គេ​បង្អស់​របស់​ប្រទេសកម្ពុជា​ដែល​ទើប​នឹង​សាងសង់​ក្នុង​រយៈពេល ២០ ឆ្នាំ ។ 

Techo-Sen-Koh-Thom-Hospital-Inauguration-in-Cambodia
Techo-Sen-Koh-Thom-Hospital-Inauguration-in-Cambodia
សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការមន្ទីរពេទ្យ​ តេជោសែន​កោះធំ នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នៅ​ខេត្តកណ្តាល នៃ​ប្រទេសកម្ពុជា ។ 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​ពិធី​នោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកោតសរសើរ​ចំពោះ​ការសម្រេច​បាន​នូវ​គម្រោង​មន្ទីរពេទ្យ​យ៉ាង​ឆាប់រហ័ស ដោយ​លោក​មាន​ប្រសាសន៍​ថា « ការបញ្ចប់​មន្ទីរពេទ្យ​តេជោសែនកោះធំ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ ។ នៅពេល​យើង​បានឃើញ​ផែនការ​នេះ​ជា​លើកដំបូង យើង​រំពឹង​ថា វា​នឹង​ចំណាយពេល​មួយ​ទសវត្សរ៍​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​នេះ ។ ប៉ុន្តែ គម្រោង​នេះ​ចំណាយពេល​តែ ពីរ​ឆ្នាំប៉ុណ្ណោះ ដើម្បីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​នេះ ។ 

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់​ថា « ការមាន​ការវះកាត់ និង​សម្ភព​នៅ​មន្ទីរពេទ្យ​តេជោសែន​កោះធំ​នេះ​នឹង​ជួយ​សង្រ្គោះ​ដល់​ជីវិត ។ ស្ត្រី​ក្នុង​តំបន់​នេះ​មាន​អត្រា​មរណភាព​មាតា​ខ្ពស់​ដោយសារតែ​ត្រូវ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ទទួល​សេវា​សុខភាព ។ ឥឡូវនេះ ដោយ​មាន​សេវា​របស់​មន្ទីរពេទ្យ​នេះ យើង​កំពុង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នោះ និង​ធ្វើ​ឲ្យ​លទ្ធភាព​ទទួលបាន​សេវាថែទាំ​សុខភាព​សំខាន់ៗ​បាន​កាន់តែ​ប្រសើរ​ឡើង » ។ 

ក្រោយ​ពិធីសម្ពោធ លោក​វេជ្ជបណ្ឌិត គាង ហុង នាយកមន្ទីរ​ពេទ្យ តេជោសែនកោះធំ ដែល​ទើប​ចូល​កាន់​ដំណែង បាន​សម្តែង​ការដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការគាំទ្រ ដែល​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​នេះ​បានក្លាយ​ជាការពិត ។ លោក​វេជ្ជបណ្ឌិត ហុង បាន​មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដែល​នាំ​ឲ្យ​គម្រោង​ដ៏មាន​ការផ្លាស់ប្តូរ​នេះ​ទទួល​បាន​ផ្លែផ្កា​ថា « ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​នៅមន្ទីរពេទ្យ​តេជោសែនកោះធំ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បានជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​នេះ ទាំង​កម្លាំង​កាយ ចិត្ត និងសម្ភារ » ។ 

ការសម្ពោធ​មន្ទីរពេទ្យ​តេជោសែន​កោះធំ​តំណាង​ឲ្យ​ការបោះ​ជំហាន​ឆ្ពោះ​ទៅមុខ​យ៉ាងមុតមាំ​សម្រាប់​សេវា​សុខភាព​នៅ​កម្ពុជា និង​បង្ហាញ​ពី​ឥទ្ធិពល​នៃ​កិច្ចសហការ​រវាង​សាសនាចក្រ រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងស្រុក​ក្នុង​ការដោះស្រាយ​តម្រូវការ​សំខាន់ៗ និង​ការបម្រើ​សហគមន៍ ។ វា​ក៏​ឆ្លុះបញ្ចាំង​ពី​ការតាំងចិត្ត​របស់​សាសនាចក្រ​ក្នុង​ការធ្វើ​តាម​ការដាស់តឿន​ក្នុង​ព្រះគម្ពីរ​ឲ្យ « ចូរ​នឹក​ចាំ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ពី​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគត៌ និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា ដ្បិត​អ្នក​ណា​ដែល​មិន​ធ្វើការ​ទាំងនេះ​ទេ អ្នក​នោះ​ឈ្មោះ​ថា​មិនមែន​ជា​សិស្ស​របស់​យើង​ឡើយ » ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ជំពូកទី ៥២ ខទី ៤០ ។ 

មន្ទីរពេទ្យ​តេជោសែន​កោះធំ​គឺជា​ផ្នែក​នៃ​កិច្ចសហការ​នៃ កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា (CHIE) របស់​សាសនាចក្រ ដែលជា​យុទ្ធសាស្រ្តថ្មី​ដើម្បី​កែលម្អ​សេវា​សុខភាព និង​ផ្ដល់​ជំនួយ​សប្បុរសធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ក្រីក្រ ។ ដោយ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល និង​អ្នកដឹកនាំ​សេវា​សុខាភិបាល CHIE ផ្តល់​ការបណ្តុះបណ្តាល ឧបករណ៍ និង​គម្រោង​សាងសង់​ជាច្រើន ។ កម្មវិធី​នេះ​បានចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៨ ដោយ​គណៈប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។